រាជធានីភ្នំពេញ ៖ រឿងអាស្រូវរបស់អាណិកជនខ្មែរម្នាក់មកពីប្រទេសបារាំង លោកម៉ែន អង្គារ៉ា ហៅពៅ ដែលត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះមិនទាន់ចប់នៅឡើយទេ ព្រោះភាគីដើមបណ្តឹងគឺលោកពៅ ចន្ថា ដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះកើតទុក្ខមិនសុខចិត្តដែលអាណិកជនរូបនេះបានប្រព្រឹត្តប្រទូស្តកេរ្តិ៍ខ្មាសលើកូនស្រីរបស់គាត់នៅឡើយ។ តាមចម្លើយនៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ ដែលរងនូវការប្រព្រឹត្តអំពើអាសអាភាស និងប្រទូស្តកេរ្តិ៍ខ្មាសពីសំណាក់បុរសអាណិកជនខ្មែររស់នៅប្រទេសបារាំងបានចេញមុខអះអាងថា ពុំមាននរណាម្នាក់គំរាមកំហែង ឬបង្រៀនឱ្យឆ្លើយខុសពីការពិតនោះទេ។ ពិសេសឪពុករបស់នាងក៏ពុំបានចាប់បង្ខាំងដើម្បីបង្ខំយកចម្លើយដែលខុសពីការពិតនោះដែរ។
នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនរូប កាលពីព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១១ ក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១០ ម្តាយរបស់ខ្លួនឈ្មោះឆាយ សេងហ៊ួយ បាននាំនាងទៅលេងនៅប្រទេសវៀតណាមចំនួនមួយលើក ដោយមានគ្នាចំនួន៤នាក់ គឺទី១-ម្តាយខ្លួន ទី២-ពូពៅ (ម៉ែន អង្គរ៉ា) ទី៣-បងស្រីខ្លួន និងទី៤-ខ្លួននាង។ អំឡុងពេលដេកនៅប្រទេសវៀតណាម នោះគឺដេកនៅក្នុងបន្ទប់តែមួយដែលមានគ្រែដេកចំនួន២ ដាក់ទន្ទឹមគ្នា នៅពេលដេកបងស្រីខ្លួនដេកម្ខាង ចំណែកម្តាយខ្លួន និងពួពៅ (ម៉ែន អង្គារ៉ា ហៅពៅ) ដេកនៅជិតគ្នា ហើយខ្លួនដេកនៅចន្លោះកណ្តាលម្តាយនិងឈ្មោះពៅ។ ពេលកំពុងតែដេកឈ្មោះពៅ ក៏បានធ្វើសកម្មភាពយកដៃលូកចូលទៅក្នុងរ៉ូបស្លៀកដេករបស់ខ្លួនស្ទាបអង្អែលប្រដាប់ភេទខ្លួនម្តងហើយម្តងទៀតពីរបីដង ដោយទ្រាំមិនបានខ្លួនក៏ងើបចេញ និងមិនបានប្រាប់ម្តាយពីរឿងនេះទេ។
បន្ទាប់ពីងើបចេញ បងស្រីខ្លួន ក៏ចូលទៅដេកជិតម្តាយជំនួស ព្រោះខ្លាចពូ ពៅ (ម៉ែន អង្គារ៉ា) ដេកជិតម្តាយ បានបន្តិចបងស្រី ខ្លួនក៏បានងើបចេញទៀត។ លុះដល់យប់ជ្រៅ ដេកភ្ញាក់ដឹងខ្លួនឡើង ក៏បានឃើញពូពៅដេកអោបម្តាយ និងយកជើងគងពីលើ ហើយអោបថើបម្តាយខ្លួន។ ចំណែកម្តាយក៏បានអោបថើបពូពៅវិញដែរ ។ ព្រឹកឡើង ម្តាយនិងបងស្រីក៏បានទៅផ្សារទិញក្តាមយកទៅហូបនៅមាត់សមុទ្រដោយបានទុកឱ្យខ្លួននៅផ្ទះជាមួយពូពៅ ពេលនោះពូពៅបានចាប់ខ្លួននាងក្រញេច ថើប និងយកម្រាមដៃលូកចូលទៅក្នុងប្រដាប់ភេទ ដោយខ្លួនឈឺខ្លាំងពេកក៏បានស្រែកយំ ពេលនោះពូពៅក៏បានគំរាមថា ហាមមិនឱ្យនិយាយរឿងនេះប្រាប់នរណាទាំងអស់។ ចាប់ពីថ្ងៃនោះមកខ្លួនមានការឈឺចាប់ប្រដាប់ភេទ ៤-៥ថ្ងៃទើបបាត់ ។
ក្រោយមកនៅអំឡុងឆ្នាំ២០១០ នោះដែរ ម្តាយក៏បាននាំខ្លួនទៅដើរលេងនៅខេត្តមណ្ឌលគិរីទៀត ដោយមានគ្នាទាំងអស់ចំនួន៧នាក់គឺម្តាយនាង ពូពៅ ខ្លួននាង និង៤នាក់ផ្សេងទៀតជាពូមីងរបស់នាងដោយបានស្នាក់នៅទីនោះមួយយប់ ។ អំឡុងពេលស្នាក់នៅខេត្តមណ្ឌលគិរី ខ្លួនដេកជាមួយម្តាយ និងពូពៅ នៅក្នុងបន្ទប់តែមួយទាំង៣នាក់ ដោយខ្លួនដេកនៅគ្រែមួយផ្សេងពីរនាក់ម្តាយហើយពូពៅ ដេកនៅគ្រែមួយទៀត ចំណែកមីងពូដេកនៅបន្ទប់ផ្សេង។ បន្ទាប់ពីខ្លួនដេកភ្ញាក់ដឹងខ្លួនម្តង ក៏ស្រាប់តែឃើញម្តាយរបស់ខ្លួនដេកនៅលើគ្រែជាមួយពូ ពៅ ពេលនោះខ្លួនក៏បានហៅម្តាយឱ្យមកដេកជាមួយនាងវិញ តែម្តាយបានប្រាប់ថា ខ្មោចលងគាត់ទើបបានជាគាត់ទៅដេកគ្រែពូពៅ ព្រោះពូពៅមានខ្សែករូបព្រះ ខ្មោចមិនហ៊ានលងទេ រីឯកូនក្មេងខ្មោចមិនលងទេ ។ ព្រឹកឡើងក៏បាននាំគ្នាទៅលេងទឹកជ្រោះប៊ូស្រាដោយពេលម្តាយនាង និងមីងពូចូលទៅប្តូរសម្លៀកបំពាក់ ហើយខ្លួននិងពូពៅចុះទៅលេងទឹកមុន ពេលនោះពូពៅក៏បានយកដៃអង្អែល និងលូកចូលទៅក្នុងប្រដាប់ភេទខ្លួនពីខាងក្រៅខោ និងចាប់ថើបថ្ពាល់ខ្លួនទៀត ពេលម្តាយខ្លួនមកដល់ទើបលែងវិញហើយធ្វើជាលេងធម្មតា ។
ក្មេងស្រីរងគ្រោះបន្តថា ហេតុការណ៍ដែលកើតឡើងនៅខេត្តមណ្ឌលគិរី គឺបងស្រីនាងពុំបានទៅចូលរួមទេ ដូច្នេះពុំបានដឹងឮពីហេតុការណ៍កើតឡើង ហើយក៏ពុំអាចធ្វើជាសាក្សីក្នុងរឿងនេះបានដែរ ។
ក្រៅពីការបញ្ជាក់របស់ក្មេងស្រីរងគ្រោះលោកពៅ ចន្ថា ជាឪពុកបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅឆ្នាំ១៩៨៥ ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះឆាយ សេងហ៊ួយ (ម្តាយក្មេងស្រីរងគ្រោះ) និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានកូនចំនួន៦នាក់ ។ ពីដំបូងការរស់នៅជាមួយគ្នាមានភាពល្អូកល្អិនល្អណាស់ ប៉ុន្តែមួយរយៈក្រោយមកប្រពន្ធរបស់ខ្លួនតែងបានប្រព្រឹត្តអំពើខុសឆ្គងប្រាសចាកពីសីលធម៌ ដោយបានលួចលាក់មានសហាយស្មន់ជាមួយឈ្មោះម៉ែន អង្គារ៉ា ហៅពៅ ជាច្រើនលើកច្រើនសា ។ ជាក់ស្តែងកាលពីអំឡុងឆ្នាំ២០១០ (មិនចាំខែ) ប្រពន្ធ របស់ខ្លួន និងឈ្មោះម៉ែន អង្គារ៉ា ហៅពៅ បាននាំគ្នាលួចទៅដើរលេងកំសាន្តនៅប្រទេសវៀតណាម ដោយបាននាំយកកូនស្រីចំនួន២នាក់ គឺកូនស្រីប្អូនអាយុ១០ឆ្នាំ និងកូនស្រីច្បងអាយុ១៤ឆ្នាំ ទៅជាមួយផងដែរ។ អំឡុងពេលដែលស្នាក់នៅប្រទេសវៀតណាមនោះពួកគេបានជួលបន្ទប់មួយដេក រួមគ្នាដោយឈ្មោះម៉ែន អង្គារ៉ា ហៅពៅ ដេកជិតកូនស្រីខ្លួន ក្រោយមកកូនស្រីខ្លួនក៏បានងើបចេញមិនព្រមដេកដោយមិនដឹងមូលហេតុ។ ឃើញប្អូនស្រីមិនព្រមដេកកណ្តាលកូនស្រីច្បងរបស់ខ្លួនក៏បានចូលទៅដេកកណ្តាលជំនួសវិញ ដើម្បីការពារម្តាយ។ លុះដល់ពេលដេកលក់ឈ្មោះម៉ែន អង្គារ៉ា ហៅពៅ ក៏បានធ្វើសកម្មភាពយកដៃស្ទាបអង្អែលប្រដាប់ភេទកូនស្រីខ្លួន ដោយទ្រាំមិនបានកូនស្រីខ្លួនក៏បានងើបចេញទៀត ហើយប្រពន្ធខ្លួន និងឈ្មោះម៉ែន អង្គារ៉ា ហៅពៅ ក៏បានធ្វើសកម្មភាពរួមរ័កគ្នាក្នុងបន្ទប់នោះដោយមិនខ្វល់ពីរឿងខ្លាចកូនៗទាំងពីរឃើញឡើយ។ ក្រោយមកអ្នកទាំងពីរក៏បាននាំគ្នាទៅលេងនៅខេត្តមណ្ឌលគិរីទៀត ដោយបាននាំកូនស្រីខ្លួនម្នាក់ទៅជាមួយដើម្បីងាយស្រួលឆ្លើយឆ្លងកុហកតាមទូរស័ព្ទជាមួយខ្លួនជាឪពុក។ ខណៈពេលពួកគេដេកនៅខេត្តមណ្ឌលគិរី ពួកគេទាំងពីរនាក់ (ឆាយ សេងហ៊ួយ និងម៉ែន អង្គារ៉ា ហៅពៅ) បានធ្វើសកម្មភាពរួមរ័កគ្នាដោយមិនខ្លាចកូនឃើញឡើយ ទោះបីជាដឹងថា កូនមិនទាន់ដេកលក់ក៏ដោយ។
ទន្ទឹមនឹងបញ្ហាខាងលើនេះ លោកពៅ ចន្ថា បានបញ្ជាក់ទៀតថា លោកពុំបានបង្ខាំងកូនស្រីរងគ្រោះ ដើម្បីទុកធ្វើជាសាក្សីដូចបណ្តឹងចោទប្រកាន់របស់ម្តាយឈ្មោះឆាយ សេងហ៊ួយ នោះទេ ពោលគឺលោកអនុញ្ញាតឱ្យអ្នកយកព័ត៌មានមន្ត្រីតុលាការ ឬអង្គការក្រៅរដ្ឋាភិបាលសម្ភាសន៍កូនស្រីបានគ្រប់ពេលវេលាចំពោះហេតុការណ៍អាក្រក់ដែលកើតឡើងនេះ ។ ប៉ុន្តែនៅពេលនេះមានមនុស្សមួយចំនួនកំពុងប្រឌិតព័ត៌មានដើម្បីបិទបាំងកំហុសរបស់ខ្លួន៕
ចែករំលែកព័តមាននេះ