ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំដូង​ក្រអូប​ជិត​៨​ហិ​កតា​​ប្រាប់ពី​បច្ចេកទេសដាំទទួលបាន​ជោគ​​ជ័យ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ​​បុរសជា​កសិករឈ្មោះ​​ហង្ស​ ហុ​ក អាយុ​៤៨​ឆ្នាំ​ បាន​ប្តូរ​មុខរបរ​ពី​ធ្វើស្រែ​មក​ដាំ​ដំណាំ​ដូងក្រអូប នៅ​លើ​ផ្ទៃដី​៧​ហិ​កតា​៧០​អា រហូត​មក​ដល់​ខែសីហា​ ឆ្នាំ​២០២០​នេះ​ដូង​មួយ​ចំនួន​ចាប់ផ្តើម​ចេញ​ផ្កា​ និង​ក្តិ​បជា​​បណ្តើរ​ៗ​ហើយ…

ខេត្តស្វាយរៀង​ ៖​ ​​បុរសជា​កសិករឈ្មោះ​​ហង្ស​ ហុ​ក អាយុ​៤៨​ឆ្នាំ​ បាន​ប្តូរ​មុខរបរ​ពី​ធ្វើស្រែ​មក​ដាំ​ដំណាំ​ដូងក្រអូប នៅ​លើ​ផ្ទៃដី​៧​ហិ​កតា​៧០​អា រហូត​មក​ដល់​ខែសីហា​ ឆ្នាំ​២០២០​នេះ​ដូង​មួយ​ចំនួន​ចាប់ផ្តើម​ចេញ​ផ្កា​ និង​ក្តិ​បជា​​បណ្តើរ​ៗ​ហើយ ​នឹង​អាច​ប្រមូល​ផល​រយៈពេល​៣​ខែ​ខាង​មុខ​ទៀត​ប៉ុណ្ណោះ ។ ​នេះ​គឺជា​ភាព​ជោគ​ជ័យ​សម្រាប់​កសិករ​ស្រុក​កំពង់​រោ​ទ៌​​រូបនេះ​ដែល​ជ្រើ​ស​រើស​ដាំដូង​ក្រអូប​។​

កសិករ​ហង្ស​ ហុ​ក មាន​ទីលំនៅ​ភូមិ​បា​វិត​​កណ្តាល ​សង្កាត់​បា​វិត ​ក្រុង​បា​វិត​ មានស្រុក​កំណើត​នៅ​ក្នុងភូមិរាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ​​បានប្រាប់​ឱ្យ​ដឹង​ថា គាត់​មាន​ដីស្រែ​​ចំនួន​២​ហិ​កតា​សម្រាប់​ធ្វើស្រែ​ ក្រោយមក​គាត់​បាន​ប្រមូល​ទិញ​ដី​នៅ​ជិត​ដីស្រែ​របស់​គាត់​ក្នុងភូមិ​រាម​ជោ​ បាន​៥​ហិ​កតា​៧០​អា​ទៀត​ ។

កសិករខាងលើបានបន្ត​ថា ​គាត់​ ​និង​ភរិយា​ឈ្មោះ​ស្រី​ណេ បាន​សម្រេចចិត្ត​ប្តូរ​មុខរបរ​ពី​ធ្វើស្រែ​មក​ដាំដូង​ក្រអូប​វិញ ​។ ​ដោយសារ​តែ​គាត់​​មើលឃើញ​នូវ​ទីផ្សារ​ដូងក្រអូប​ដែល​មាន​ហាងឆេង​លក់​បាន​ថ្លៃ ​និង​ងាយ​រក​ទីផ្សារ​នោះ ​ទើប​លោក​ចំណាយ​ថវិកា​អស់យ៉ាង​ច្រើន​ដាក់​ដាំដូង​ក្រអូប​​ប្រមាណ​ជា​២.០០០​ដើម​ លើ​ផ្ទៃដី​ជិត​៨​ហិ​កតា ​ដោយ​គិត​ពូជ​ដូង​ និង​ឈ្នួល​កម្មករ​ដាំ​ក្នុង​១​ដើម​ចំណាយ​ថវិកា​៧​ដុល្លារ​៥​កាក់​។

​កសិករ​ខាងលើ​​បាន​បន្ត​ទៀត​ថា​ ​ការ​ដាំដូង​ក្រអូប​មិន​ងាយស្រួល​នោះ​ទេ​ និង​ចំណាយ​ដើមទុន​អស់​ច្រើន​ណាស់​ បើ​ទិញ​ពូ​ជ​ដូងក្រអូប​ខុស​ ឬ​ការ​ថែទាំ​មិន​បាន​ដិ​ត​ដល់​ហើយ​គ្មាន​បច្ចេកទេស​ដាំ​ វា​អាច​ខូច​(​ងាប់​) ​ចំពោះ​ពូ​​ជ​ដូងក្រអូប​នេះ​ ​គាត់​​បាន​ទិញ​ពី​ប្រទេស​វៀតណាម មក​ដាំ​ដំបូង​ចំនួន​២​ហិ​កតា ដោយ​លើក​ជា​រង​និង​ធ្វើ​ប្រឡាយ​ទឹក​ទទឹង​មួយ​ម៉ែត្រ​អម​រង​ដូង តាម​ចន្លោះ​ដើម​ដូង ហើយ​ត្រូវ​ជី​ក​ជា​ប្រឡាយ​មេ​ជុំវិញ​ចំការ​។​​

កសិករ​ខាងលើបានប​ន្ត​ទៀត​ថា ​ការ​ដាក់​ដើម​ដូង​ដាំ​ ត្រូវ​ជីកដី​មួយ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​កន្លះ​បួន​ជ្រុង ​ជម្រៅ​ក៏​ដូច​គ្នា​ដែរ ​និង​ត្រូវ​ដាក់​គម្លាត​គ្នា​ពី​មួយ​ដើម​ទៅ​មួយ​ដើម​៥​ម៉ែត្រ​ពី​គ្នា បន្ទាប់​មក​យក​ជី​កំ​ប៉ុ​ស្ត៍​ធម្មជាតិ​ដាក់​ទ្រាប់​បាត​ពេញ​រណ្តៅ ​រួច​យក​កូន​ដូង​ដែល​ផ្សាំ​មក​ដាក់​ដាំ ដោយ​ដាក់​ចំតិត​គូ​ទ​ដូង​ឡើង​លើ​ ដាក់​ដើម​ដូង​ឲ្យ​ដេក​ទៅ​ទឹ​ស​ខាងកើត​រក​ព្រះ​អា​ទឹ​ត្យ​រយៈពេល​៣​ខែ ​ដូង​ឡើង​ដើម​ត្រង់​វិញ​ធ្វើ​បែប​នេះ​ដូង​ដុះ​ល្អ​និង​ឆាប់​ទទួលផល​។

កសិករ​ខាងលើបាន​បន្តទៀត​ថា ​ធ្វើ​ទំនប់​ឲ្យ​មាន​ផ្លូវទឹក​អាច​ហូរ​ចេញ​នៅ​រដូវវស្សា​កុំអោយ​ជោគ​ជាំ​ពេក​ ព្រោះ​ធ្វើ​អោយ​ដើម​ដូង​ងាប់​បាន​ ។ ​ក្នុង​ទរ​ទឹក​ ឬ​ប្រឡាយ ​បើ​មានទឹក​ច្រើន​ពេក​ក៏​មិន​បាន​ដែរ​ ត្រូវ​បូ​ម​​ចេញ​វិញ​។​

​កសិរក​ខាងលើ​​បាន​បញ្ជាក់​ថា ដើម​ដូង​ដាំ​លូ​ត​លាស់​ធំ​បាន​បន្តិច ​ត្រូវ​ដើរ​វែក​មើល​បណ្តូល​ដូង ​ឬ​ដើម​ដូង​​ ក្រែង​​មាន​សត្វ​មមាច​ត្នោត​ និង​សត្វ​កា​ចែ​ស៊ី ​បើ​មាន​សត្វ​​ស៊ី ​ហើយ​មើល​មិន​ទាន់​ធ្វើ​អោយ​ដើម​ដូង​ងាប់​បាន ​ដើម​ដូង​ប្រឈម​ជាមួយ​សត្វ​មមាច​ត្នោត​ស៊ី​ស្លឹក សត្វ​កា​ចែ​ ឬ​សត្វ​ដួង​ស៊ី​​បណ្តូល​​ដូង ​ដូច្នេះ​ត្រូវការ​ថែទាំ​ជា​ប្រចាំ​ដែរ​។

​ក្រៅពី​ដាំដូង​ក្រអូប​ លោក​ក៏​បាន​ដាំ​ឈើ​ហូប​ផ្លែ ដាំ​បន្លែ​និង​ដំណាំ​រួម​ផ្សំ ជា​ច្រើន​មុខ​បន្ថែម​នៅ​តាម​​ចន្លោះ​ដើម​ដូង​ ហើយ​ប្រឡាយ​ទឹក​ក៏​មាន​ត្រី​ស្រែ​ចូល​មក​ច្រើន​ផង​ដែរ​មិនតែប៉ុណ្ណោះ​គឺ​គាត់​ចិញ្ចឹម សត្វ​គោ មាន់ ទា រាប់​សិប​ក្បាល​ថែម​ទៀត​ដើម្បី​យក​លាមក​ធ្វើ​ជា​ជី​កំ​ប៉ុ​ស្ត៍​ធម្មជាតិ​សម្រាប់​ដាក់​ដំណាំ​ដូងក្រអូប​ដែល​ត្រូវការ​ជី​កំ​ប៉ុ​ស្ត៍​។

​ដូង​ក្រ​​អូ​ប​បច្ចុប្បន្ន​គឺ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​លក់​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​ផ្លែ​តម្លៃ​៣.៥០០​រៀល ​ដូច្នេះ​នៅ​ឆ្នាំ​២០២១​ ​កសិករ​ខាងលើ​នឹង​មាន​ដូង​ក្រអូប​លក់​នៅ​លើ​ទីផ្សារ​និង​អាច​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំនួន​៧​នាក់​ផងដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដាំដូង​ក្រអូប​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​ចំការ​ច្រើន​ហិ​កតា​បែប​នេះ​ពុំ​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​នៅ​លើ​ភូមិសាស្ត្រ​ទឹកដី​ខេត្តស្វាយរៀង​គឺ​មាន​ដាំ​ត្រឹម​កន្លះ​ហិ​កតា​ទៅ​១​ហិ​កតា​ប៉ុណ្ណោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ