ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ TVET 1.5​ លាន​នាក់ បណ្តុះបណ្តាល​ពលរដ្ឋ​ជាង ២៧​ម៉ឺន​នាក់ ជាចំណែកឱ្យយុវជន​មាន​ការងារ​សមរម្យ និង​​ចាក​ចេញពី​ភាព​ក្រីក្រ

1 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​សរុប​ប្រមាណ ២៧​ម៉ឺន​នាក់ បាន​និង​កំពុង​ទទួលផល​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥​លាន​នាក់​(TVET 1.5M) ដោយ​គិត​ចាប់ពី​ការ​អនុវត្ត​នៅ​ឆ្នាំ​២០២៤…

​រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​សរុប​ប្រមាណ ២៧​ម៉ឺន​នាក់ បាន​និង​កំពុង​ទទួលផល​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥​លាន​នាក់​(TVET 1.5M) ដោយ​គិត​ចាប់ពី​ការ​អនុវត្ត​នៅ​ឆ្នាំ​២០២៤ ដល់​ត្រីមាស​ទី​១​ឆ្នាំ ២០២៦​នេះ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦​នេះ​ថា យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​សរុប​ប្រមាណ ២៧​ម៉ឺន​នាក់ បាន​និង​កំពុង​ទទួលផល​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥​លាន​នាក់ ដោយ​គិត​ចាប់តាំងពី​ការ​អនុវត្ត​នៅ​ឆ្នាំ​២០២៤ ដល់​ត្រីមាស​ទី​១​ឆ្នាំ ២០២៦​នេះ​។ ក្នុង​នោះ​គ្រឹះស្ថាន​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២២,៧​ម៉ឺន​នាក់ និង​ក្រោម​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​(SDF) ចំនួន ៤,៣​ម៉ឺន​នាក់ ​។

លោក​បញ្ជាក់​ថា​៖ «​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយ​តប​តាម​តម្រូវការ​នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​»​ ។

អ្នកនាំពាក្យ​ថា​៖ «​អ្វី​ដែល​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ក្រសួង​កំពុង​អនុវត្ត គឺ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធានា​ថា ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​អនុវត្ត​តាម​អភិក្រម​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ «​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​»​ ។

លោក ស៊ុន មេ​សា បាន​អំពាវនាវ​ដល់​យុវជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន​ដែល​នៅ​ក្បែរ​មូលដ្ឋាន​របស់​ខ្លួន​។ យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​តែ​ទទួល​ការ​រៀន​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដដែល​ ។

សម្រាប់​សាកសួរ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​កាន់​ប្រ​ព័​ទូរ​សព្ទ Hotline ឥត​គិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បាន​ចូល​សិក្សា​ក្នុង​វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល​, អេ​ឡិច​ត្រូ​និក​, កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សេវាកម្ម​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​, ទេសចរណ៍ និង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ ៕ អត្ថបទសហការ់