ទីក្រុងម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីប្រកាសអំពីបទឈប់បាញ់នៅអ៊ុយក្រែនជាឯកតោភាគីចាប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីរំលឹកខួបទី៨១ឆ្នាំនៃការទទួលបានជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់កាលពីអំឡុងសង្គ្រាមលោកលើកទី២។ ប៉ុន្តែរុស្ស៊ីព្រមានថាខ្លួនអាចនឹងវាយប្រហារអ៊ុយក្រែនប្រសិនបើព្យាយាមរំខានការរៀបចំពិធីនោះ។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ឆ្លើយតបថាលោកនឹងសង្កេតមើលការអនុវត្តបទឈប់បាញ់នោះចាប់ពីម៉ោង១២ពាក់កណ្ដាលអធ្រាត្រនៅរាត្រីថ្ងៃពុធ ហើយនឹងឆ្លើយតបដូចអ្វីដែលរុស្ស៊ីបានធ្វើចាប់ពីខណៈពេលនោះតទៅ។ លោកមិនបានដាក់ឱសានវាទថាតើបទឈប់បាញ់រយៈពេលខ្លីនោះនឹងបញ្ចប់ទៅវិញនៅពេលណាទេ។

ការប្រកាសនោះធ្វើឡើងនៅពេលរុស្ស៊ីចាប់ផ្ដើមរៀបចំជាបណ្ដើរៗហើយនូវគម្រោងអបអរសាទរទិវាបុណ្យជាតិដ៏សំខាន់មួយនេះដោយមានគម្រោងហែក្បួនព្យុហយាត្រាកងទ័ពនៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូថែមទៀតផង។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរុស្ស៊ីខ្លះបារម្ភថាអ៊ុយក្រែនអាចនឹងវាយប្រហារនៅថ្ងៃនោះជាលក្ខណៈរំខាន។ កាលពីពេលកន្លងមក អ៊ុយក្រែនបានបញ្ជូនដ្រូនទៅវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី។ ប៉ុន្តែប្រទេសទាំង២ក៏ធ្លាប់អនុវត្តបទឈប់បាញ់រយៈពេលខ្លីជាមួយគ្នាផងដែរដូចជាកាលពីអំឡុងបុណ្យអ៊ីស្ទើដេតាមជំនឿរបស់អ័រតូដុកជាដើម (Orthodox Easter)។

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាប្រសិនបើអ៊ុយក្រែនព្យាយាមរំខានការរៀបចំពិធីនេះ រុស្ស៊ីនឹងវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងកៀវ។ ក្រសួងប្រកាសឱ្យជនស៊ីវិលរស់នៅទីនោះ រួមទាំងបុគ្គលិកទូតបរទេសត្រៀមខ្លួនចាកចេញពីទីនោះនៅក្នុងករណីចាំបាច់។ លោកហ្សេឡិនស្គីឆ្លើយតបដោយនិយាយថាទីក្រុងកៀវមិនទាន់ទទួលការជូនដំណឹងជាផ្លូវការស្ដីពីបទឈប់បាញ់នេះទេ។ រហូតដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃពុធ លោកជឿជាក់ថាពេលនោះបទឈប់បាញ់ច្បាស់ជាកើតមានឡើងជាមិនខាន។ លោកជំរុញឱ្យវិមានក្រឹមឡាំងដាក់ចេញនូវវិធានការហ្មត់ចត់ដើម្បីបញ្ចប់សង្គ្រាម។

ជាច្រើនឆ្នាំមកហើយ វិមានក្រឹមឡាំងបានប្រើប្រាស់ទិវាជ័យជម្នះដើម្បីបង្អួតអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនទៅកាន់ពិភពលោក។ ប៉ុន្តែសម្រាប់ឆ្នាំនេះ រុស្ស៊ីបានត្រឹមហែក្បួនព្យុហយាត្រាកងទ័ពដោយមិនមានបង្ហាញរថក្រោះ មីស៊ីល និងគ្រឿងបរិក្ខារយោធាដទៃទៀតនោះទេ។ នេះជាករណីដំបូងនៅក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយដែលរុស្ស៊ីធ្វើដូច្នេះ។ ការដើរក្បួនព្យុហយាត្រាខ្នាតតូចនៅទីកន្លែងដទៃក៏បង្រួមមកនៅកាន់តែតូច ឬកន្លែងខ្លះត្រូវលុបចោលគម្រោងនេះតែម្ដងក្រោមហេតុផលសន្តិសុខ៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ