ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន ៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃ គង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នេះបើយោងតាមផេកក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រកាសនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ។
អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណទាំង៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុកចុះបញ្ជី អភិរក្ស និងវិភាគបន្ថែម នៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ។

ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋាន និងមន្ត្រីបានចុះទៅទទួលវត្ថុបុរាណខាងលើដោយផ្ទាល់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុបុរាណរួមមាន ដងខ្លួនបដិមាទេពស្រីចំនួន១ ធ្វើពីថ្មភក់ចំនួន១ ពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ត និងវត្ថុសិល្បះចំនួន៦ទៀតរួមមាន ក្រឡចំនួន១ធ្វើពីដីដុត, កំណាត់សសរពេជ្រចំនួន២, ចម្លាក់ទេពស្រីចំនួន១, ចម្លាក់ទេពស្រីរាំចំនួន១, និងវត្ថុសិល្បះមួយទៀតទំនងជា ថ្មបស ចំនួន១ធ្វើពីថ្មភក់ ។
លោកបញ្ជាក់ថាវត្ថុបុរាណទាំងនេះ រដ្ឋបាលស្រុក និងព្រះសង្ឃបានទទួលពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញកន្លងមក នឹងបានប្រគល់បន្តមកអាជ្ញាធរជាតិព្រះវិហារដើម្បីរក្សាទុក និងអភិរក្ស។
អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការក្នុងការផ្តល់បដិមារ និងវត្ថុសិល្បៈបុរាណមកអ្នកជំនាញដើម្បីរក្សាទុក។
អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកថា ការផ្តល់ជូននេះបង្ហាញពីការចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការពារ និងថែរក្សាវត្ថុបុរាណ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ ៕





ចែករំលែកព័តមាននេះ