ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសនាយប់ថ្ងៃទី០៧ ខែឧសភានេះ ។


ជាក់ស្តែងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការជួយសង្គ្រោះជនជាតិថៃ ចំនួន២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍ពាក់ព័ន្ធករណីចាប់បង្ខាំងខាងលើ ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនល្មើសដែលជាជនជាតិថៃម្នាក់ផងដែរ ។

ដោយឡែក ជនរងគ្រោះជនជាតិថៃ ចំនួន២៨នាក់ (ស្រី១២នាក់) ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ខណៈទីតាំងត្រូវបានសមត្ថកិច្ចបិទជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ