ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ទើបតែថ្លែងកាលពីពេលថ្មីៗនេះថាខ្លួនកំពុងត្រួតពិនិត្យមើលផែនការសន្តិភាពរបស់អាមេរិកដែលអាចនឹងបិទបញ្ចប់សង្គ្រាមជាផ្លូវការ។ ប៉ុន្តែអ៊ីរ៉ង់បន្សល់ទុកនូវលក្ខខណ្ឌទាមទារសំខាន់ៗរបស់អាមេរិកឱ្យនៅចំហចោល ជាពិសេសការទាមទារឱ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ដូចដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយអីចឹងគឺថាអ៊ីរ៉ង់នឹងបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅអាមេរិក។ លោកដូណាល់ត្រាំជឿជាក់ថាអ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងជាមួយគ្នា។

លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីយប់មិញថាពួកគេចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀង។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ យើងមានចរចាគ្នានៅក្នុងបរិយាកាសដ៏ល្អណាស់។ លោកជឿជាក់ថាអាចមានលទ្ធភាពខ្ពស់ដែលថាប្រទេសទាំង២ឈានដល់កិច្ចព្រមព្រៀង។ កាលពីមុននោះ លោកត្រាំបង្ហាញអារម្មណ៍ហាក់ដូចជាទុទិដ្ឋិនិយមចំពោះបញ្ហានេះ។ លោកចាត់ទុកថាលទ្ធភាពដែលទីក្រុងតេអេរ៉ង់ទទួលយកសំណើចុងក្រោយរបស់អាមេរិកគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។

លោកត្រាំធ្លាប់បានបញ្ជូនសំណើទៅឱ្យអ៊ីរ៉ង់ពិនិត្យមើលជាច្រើនដងមកហើយចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីចុងខែកុម្ភៈ ប៉ុន្តែមិនដែលបានទទួលជោគជ័យម្ដងណាទេ។ ភាគីទាំង២នៅមានចំណុចខ្វែងគំនិតគ្នាមួយចំនួនដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសិទ្ធិគ្រប់គ្រងច្រកសមុទ្រហ័រម៉ូសជាដើម។ ប្រភពពីប្រទេសប៉ាគីស្ថាន និងប្រភពដទៃទៀតថ្លែងថាកិច្ចព្រមព្រៀងនោះភ្ជាប់ជាមួយអនុស្សារណៈមួយទំព័រដែលអាចនឹងឈានដល់ការបិទបញ្ចប់សង្គ្រាមនេះជាផ្លូវការ។ កិច្ចព្រមព្រៀងនេះនឹងឈានដល់ការពិភាក្សាអំពីការបើកច្រកសមុទ្រ ការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកដាក់ទៅលើអ៊ីរ៉ង់ និងការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

អនុស្សារណៈ១៤ចំណុច
គេមិនទាន់ដឹងច្បាស់ថាតើអនុស្សារណៈលើកនេះខុសប្លែកគ្នាពីផែនការ១៤ចំណុចដែលអ៊ីរ៉ង់បានបញ្ជូនទៅឱ្យអាមេរិកពិនិត្យមើលកាលពីចុងសប្ដាហ៍មុននោះកម្រិតណាទេ។ ចំណែកអ៊ីរ៉ង់ក៏មិនទាន់បានឆ្លើយតបទៅសំណើចុងក្រោយរបស់អាមេរិកនោះដែរ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់បានដកស្រង់ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះមកផ្សាយថាសំណើរបស់អាមេរិកនៅមានចំណុចខ្លះមិនអាចឱ្យអ៊ីរ៉ង់ទទួលយកបានទេ។ ប៉ុន្តែមន្ត្រីរូបនោះមិនបានបញ្ជាក់ឱ្យច្បាស់ថាតើសំណើនោះទាមទារអ្វីខ្លះទើបបានជាអាមេរិកមិនទទួលយក៕ ប្រភព៖ អារ៉ាប់ ញូស៍ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ