ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារ ជម្រុញក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ​ផ្សព្វផ្សាយ​​ពីអត្ថប្រយោជន៍​នៃ​ការ​ចុះបញ្ជីរបស់​វិស្វករ

56 នាទី មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ស្តី​ពី​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៦​របស់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ស្តី​ពី​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៦​របស់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦​នេះ​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ខ្លួន​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង រហូត​សម្រេច​បាន​សមិទ្ធផល​តាម​ផែនការ ​ដែល​បាន​គ្រោងទុក​ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​នៅ​ក្នុង​ការ​បណ្តុះបណ្តាល ការ​ចុះបញ្ជី​វិស្វករ និង​ការ​បន្ត​ផ្សព្វផ្សាយ​នៅ​តាម​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​ ។ សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ វិស្វករ​ដែល​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ មាន​សរុប​ចំនួន ១០ ១៧២​នាក់ (​ស្រី ៤៧៥​នាក់​) គិត​ត្រឹម​ឆ្នាំ​២០២៥ ដែល​ក្នុង​នោះ វិស្វករ​ជាតិ​មាន​ចំនួន ១០ ១២៨​នាក់ (​ស្រី ៤៧៥​នាក់​) និង​វិស្វករ​បរទេស​ចំនួន ៤៤​នាក់​ផង​ដែរ ខណៈ​ដែល​វិស្វករ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថភាព​ប្រតិបត្តិ​ជំនាញ​សរុប​មាន​ចំនួន ១៤ ០៦១​នាក់ (​ស្រី ១ ៣០៧​នាក់​) ​។

ក្រៅពី​បាន​ផ្សព្វផ្សាយ​អំពី​សារ​ប្រយោជន៍ ​នៃ​ការ​ចុះបញ្ជី​វិស្វករ​នៅ​តាម​ក្រសួង​-​ស្ថាប័ន និង​នៅ​តាម​រាជធានី​-​ខេត្ត គណៈ​វិស្វករ​កម្ពុជា​ក៏​បាន​ចែករំលែក​ចំណេះដឹង ជំនាញ និង​បទ​ពិសោធ​របស់​វិស្វករ​អាជីព​ ដល់​និស្សិត​និង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​ផ្សេង​ៗ ​ជាមួយ​អាស៊ាន​ផង​ដែរ ​។

អង្គប្រជុំ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម បញ្ចេញ​មតិយោបល់ ប្រមូល​ធាតុ​ចូល​លើ​ការ​អនុវត្ត និង​សកម្មភាព​ការងារ​របស់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុ​ជានា​ឆ្នាំ​២០២៥ ដើម្បី​រួម​គ្នា​ពិភាក្សា ពង្រឹង និង​កែសម្រួល​ចំណុច​ខ្វះខាត ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បំពេញការងារ​នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ប្រព្រឹត្ត​ទៅ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ជាង​មុន​សម្រាប់​ឆ្នាំ​២០២៦​នេះ​ ។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ឯកឧត្តម ហេង សួរ បាន​ផ្ដល់​នូវ​អនុសាសន៍​ដ៏​មាន​តម្លៃ​សម្រាប់​យក​ទៅ​អនុវត្ត ជា​ពិសេស​គឺ​សិក្សា​ពី​មូលហេតុ​ដែល​វិស្វករ​ដែល​ចុះបញ្ជី​ដំបូង​មិន​អាច​បន្ត​ចុះបញ្ជី​ជា​វិស្វករ​អាជីព​, យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស្វករ​ដែល​បាន​ចុះបញ្ជី​រួច​ហើយ​ដូច​ជា​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម និង​ខិតខំ​បញ្ចុះ​ប​ញ្ជូ​ល​ទាក់ទាញ​ឱ្យ​មានការ​ចុះបញ្ជី​វិស្វករ​កាន់តែ​ច្រើន ព្រមទាំង​ពិនិត្យ​មើល​លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​សម្រាប់​វិស្វករ​ដំបូង និង​អាជីព ​។

ក្នុង​ខណៈ​ពេល​ដែល​តម្រូវការ​វិស្វករ​អាជីព​កាន់តែ​ច្រើន​ឡើង និង​សំខាន់​នៅ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា​បង្កើន​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ក្រុម​គោលដៅ​អំពី​សារៈសំខាន់ និង​អត្ថប្រយោជន៍​នៃ​ការ​ចុះបញ្ជី​វិស្វករ ដោយ​ឯកឧត្តម​គូសបញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​នឹង​ធ្វើ​ឱ្យ​មានការ​ស្គាល់ និង​ឈ្វេងយល់​ពី​គណៈ​វិស្វករ​កម្ពុជា​កាន់តែ​ទូលំទូលាយ ហើយ​កិច្ចសហការ​ក៏​មាន​កាន់តែ​ច្រើន​ផង​ដែរ​។ ក្រៅពី​នេះ ក៏​ត្រូវ​កំណត់​ទិស​ដៅ​អាទិភាព និង​បេសកកម្ម​ឱ្យ​បាន​ច្បាស់លាស់​ស្រប​តាម​ស្ថានភាព​សង្គម​, ពិនិត្យ និង​ធ្វើ​បញ្ជី​ច្បាប់​ពាក់ព័ន្ធ​ផ្នែក​វិស្វកម្ម ដើម្បី​ប​ញ្ជូ​ល​ទៅ​កម្មវិធី​សិក្សា ក៏​ដូច​ជា​ពង្រឹងគុណភាព​មន្ទីរពិសោធន៍ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ៕ អត្ថបទសហការ