ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង អំពាវនាវ​ឱ្យ​ម្ចាស់​បុរី ខុន​ដូ និង​សណ្ឋាគារ សហការ​លុប​បំបាត់​បទល្មើស Scams Online ក្នុង​រាជធានី​ភ្នំពេញ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សូម​ឱ្យ​បងប្អូន​ជា​ម្ចាស់​ទីតាំង បុរី ខុន​ដូរ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សូម​ឱ្យ​បងប្អូន​ជា​ម្ចាស់​ទីតាំង បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន​ស្នាក់​នៅ​ប្រមូលផ្តុំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ឈាន​ទៅ​លុប​បំបាត់​បទល្មើស Scams Online នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។ បើ​បទល្មើស​ទាំងនេះ ត្រូវ​បាន​លុប​បំបាត់ អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាងគេ គឺ​បងប្អូន​នេះ​ហើយ ។

ការ​លើក​ឡើង​ខាងលើ​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង “​អនុក្រឹត្យ លេខ ០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​” ទៅ​ដល់​ម្ចាស់​ទីតាំង បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន​ស្នាក់​នៅ​ប្រមូលផ្តុំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នានា នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ដែល​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ តែងការ​ពារ និង​គិតគូរ​ពី​ផលប្រយោជន៍​បងប្អូន​។ ភ្ញៀវ​បរទេស ដែល​មក​ស្នាក់​នៅ​កម្ពុជា​ស្របច្បាប់ មិន​បង្ករ​បទល្មើស​ផ្សេង​ៗ យើង​ស្វាគមន៍​ពួក​គាត់​។ តែបើ​ពួក​គាត់​មក​កម្ពុជា ដើម្បី​បង្ក​បទល្មើស ប្រទេស​កម្ពុជា​យើង​ក៏​មានច្បាប់ ដើម្បី​អនុវត្ត​ទោសទណ្ឌ​ពួក​គាត់​ដែរ​។ យើង​ត្រូវ​រួម​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា គ្មាន​បទល្មើស Scams Online ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្កើត​គ្រូ​ប​តេ​ឡេ​ក្រាម​មួយ ជាមួយ​ម្ចាស់​ទីតាំង បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន​ស្នាក់​នៅ​ប្រមូលផ្តុំ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា ជា​ពិសេស គឺ​អាច​ផ្តល់​ព័ត៌មាន ឬ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​អំពី​ភាព មិន​ប្រក្រតី ឬ​បទល្មើស Scams Online បាន​គ្រប់ពេលវេលា ។

លើស​ពី​នេះ​ទៀត លោក​អភិបាល​ក៏​បាន ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ មិន​ត្រូវ​ពាក់ព័ន្ធ ឬ​ទារ​លុយកាក់​ពី​ម្ចាស់​ទីតាំង​ដាច់ខាត គឺ​ត្រូវ​បំពេញការងារ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

កម្មវិធី​ផ្សព្វផ្សាយ​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ម្ចាស់​ទីតាំង បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន ស្នាក់​នៅ​ប្រមូលផ្តុំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន​ជាង​៤០០​នាក់ ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង រាជធានី និង​លោក​ប្រធាន​ការិយាល័យ​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ផង​ដែរ ។

លោក ហ៊ុន សុ​រិ​ទ្ធី បាន​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មាន​៩​ទំព័រ ៥​ជំពូក និង​២៤​មាត្រា ហើយ​ក្នុង​ច្បាប់​នេះ លោក​បាន​លើក​ឡើង​តែ​ចំនួន​៦​មាត្រា តែ​ប៉ុណ្ណោះ ដើម្បី​ពន្យល់​បន្ថែម​ដល់​ម្ចាស់​ទីតាំង បុរី ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ អគារ​សហកម្មសិទ្ធិ និង​លំនៅ​ឋាន​ស្នាក់​នៅ​ប្រមូលផ្តុំ​ឱ្យ​បាន​យល់​ដឹង​បន្ថែម​។ ទោះបីជា​យ៉ាងណា​ក្តី អភិបាលរង​រូប​នេះ បាន​ជម្រុញ​ឱ្យ​បងប្អូន​ទាំងអស់​ពិនិត្យ​ច្បាប់​នេះ​ឱ្យ​បាន​លម្អិត​ល្អន់ ជៀសវាង​មាន​បញ្ហា ឈាន​ទៅ​មានទោស​ទណ្ឌ ដោយ​គិត​មក​ដល់​ពេល​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស Scams Online នេះ​បាន​ចំនួន​១៤២​ទីតាំង​ហើយ ។

មុន​នឹង បញ្ចប់ អង្គពិធី​បាន​ផ្តល់​ឱកាស​ជូន​តំណាង​ម្ចាស់​ទីតាំង​ដែល​ចូលរួម​អាច​លើក​ឡើង​ពី​ចំណាប់អារម្មណ៍ ឬ​សំណួរ​-​ច​ម្ង​ល់​ផ្សេង​ៗ ហើយ ច​ម្ង​ល់​ទាំងនោះ​ត្រូវ​បាន​ធ្វើការ​បកស្រាយ និង​ពន្យល់​លម្អិត​ដោយ​វាគ្មិន ព្រមទាំង​ការ​ពន្យល់​បន្ថែម​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។
ក្រោយ​ពី​បាន​ស្តាប់​ការ​បកស្រាយ​រួច​មក តំណាង​ម្ចាស់​ទីតាំង ដែល​បាន​ចូលរួម​ទាំងអស់​មាន​ក្តី​សប្បាយ​រីករាយ ដោយ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា ជា​ពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ