ខេត្តមណ្ឌលគិរី ៖ មន្ត្រីអភិរក្ស៧ស្នាក់ការ ប្រចាំនៅដែនជម្រកការពារសត្វព្រៃស្រែពក នាចុងខែសីហានេះ បានបង្ក្រាបករណីបំផ្លិចបំផ្លាញធនធានធម្មជាតិជាច្រើនករណី ដែលធ្វើឲ្យប៉ះ
ពាល់ជាខ្លាំងលើផ្នែកបរិស្ថាន ។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តឲ្យដឹងថា ចាប់ពីថ្ងៃទី២១ដល់២៣ ខែសីហា
ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកប្រចាំស្នាក់ការណាំរ៉ាម ស្នាក់ការដីខ្មៅ
បានធ្វើសកម្មភាពល្បាត និងចាប់ឃាត់រណារយន្ត១គ្រឿង នៅផ្លូវត្រពាំងឈួក បានចាប់ឃាត់
ម៉ូតូ៣គ្រឿង នៅផ្លូវក្រោយវត្ត និងបានកម្ទេចជំរំអារឈើមួយកន្លែង នៅសហគមន៍ក្រុងរពុក ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រដា ។ ក្រោយពីចាប់ឃាត់ វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការណាំរ៉ាម ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកប្រចាំស្នាក់ការល្វេ និងស្នាក់ការម្រើច បានធ្វើការល្បាតរុះរើជរំំរកសត្វ១កន្លែង ដែលមានសត្វត្រកួតចំនួន៦ក្បាល ស្ថិតនៅចំណុចក្រោមជួររំអិលអូរលាវ និងបានរុះរើជំរំបំផ្លាញចោល ចំណែកសត្វត្រកួតបានយកទៅលែងនៅក្រោយទីស្នាក់ការល្វេ ។
ចំណែកពីថ្ងៃទី២២ដល់២៥ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការឈួល ស្នាក់ការឈួលរង និងស្នាក់ការត្រាច បានធ្វើការដកហូតរណារយន្ត២គ្រឿង ដែល១គ្រឿងម៉ាក០៧០ និង១គ្រឿងទៀតម៉ាក០៣៨ នៅផ្លូវបំបែកស្រែជ្រៃ ឃុំណងឃីឡឹក ស្រុកកោះញែក ។ ជាមួយនេះ បានយកលេខនិយាមការដីដែលបានកាប់រានចំនួន២កន្លែង ដែលទីតាំងទី១ ស្ថិតនៅភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក និងទីតាំងទី២ នៅផ្លូវទៅកោះម្យើល ជិតភ្នំថ្មខ្មៅ ភូមិណងបួរ ឃុំណងឃីឡឹក ។
វត្ថុតាងរណារយន្ត ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការត្រពាំងត្រាច ៕
ចែករំលែកព័តមាននេះ