ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង និង​ភរិយា ​ប្រាប់​មូលហេតុ​ដាក់​​ឈ្មោះ​កូន​ថា ម៉ឺន មេ​ឃា ខុស​គេ​មួយ​​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ម៉ឺន មេ​ឃា កាន់តែ​កសាង​កេរ្តិ៍ឈ្មោះ​ខ្ទរខ្ទារ​នៅ​ក្នុង​ពិភព​ប្រដាល់ ជា​ពិសេស​បន្ទាប់​ពី​កីឡាករ​វ័យក្មេង​រូប​នេះ មានឱកាស​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​នៅ​ទូរទស្សន៍​CNC និង​បាន​ចេញ​ប្រកួត​តំណាង​ប្រទេស​នៅ​លើ​សង្វៀន​ក្បាច់គុន​ចម្រុះ​ដែល​មានឈ្មោះ​ថា…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ម៉ឺន មេ​ឃា កាន់តែ​កសាង​កេរ្តិ៍ឈ្មោះ​ខ្ទរខ្ទារ​នៅ​ក្នុង​ពិភព​ប្រដាល់ ជា​ពិសេស​បន្ទាប់​ពី​កីឡាករ​វ័យក្មេង​រូប​នេះ មានឱកាស​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​នៅ​ទូរទស្សន៍​CNC និង​បាន​ចេញ​ប្រកួត​តំណាង​ប្រទេស​នៅ​លើ​សង្វៀន​ក្បាច់គុន​ចម្រុះ​ដែល​មានឈ្មោះ​ថា Thai Fight​។

ភាព​ល្បីល្បាញ​របស់​កីឡាករ​រូប​នេះ អ្នកខ្លះ​មិនដឹង​ថា លោក​គឺជា​កូនប្រុស​បង្កើត​របស់​លោក អេ ភូ​ថង នោះ​ផង ដោយសារ​តែ​លោក​បាន​ប្ដូរ​ឈ្មោះ​ដើម និង​មិន​ដាក់​ត្រកូល​ឪពុក ដូច​កូន​ៗ​ផ្សេង​ទៀត​របស់​លោក អេ ភូ​ថង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភរិយា​របស់​លោក គឺ​អ្នកស្រី សាំង សុ​ម៉ា​លី និង​លោក​ផ្ទាល់​បាន​ចេញ​មុខ​បញ្ជាក់​ពី​មូលហេតុ ដែល​សម្រេច​ដាក់​ឈ្មោះ​កូន​ខុស​គេ ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ម៉ឺន មេ​ឃា មិនមែន​ជា​កូនបង្កើត​របស់​លោក អេ ភូ​ថង នេះ​។

អ្នកស្រី សាំង សុ​ម៉ា​លី បញ្ជាក់​ថា មនុស្ស​មិន​តិច​ទេ​ងឿងឆ្ងល់​ចំពោះ​អ្នកស្រី និង​គ្រួសារ បន្ទាប់​ពី​កូនប្រុស​របស់​អ្នកស្រី ម៉ឺន មេ​ឃា កាន់តែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​មហាជន ។ អ្នកស្រី​ថា អ្នកខ្លះ​ប្រកែក​គ្នា​ថា ម៉ឺន មេ​ឃា គ្រាន់តែ​ជា​កូនសិស្ស​របស់​លោក អេ ភូ​ថង និង​មិន​មែន​ជា​កូនបង្កើត​ឡើយ ដោយសារ​តែ​ត្រកូល​ស្វាមី​របស់​អ្នកស្រី​ក៏​ល្បីឈ្មោះ​ដែរ​នៅ​ក្នុង​ពិភព​ប្រដាល់ បើ​ពិតជា​កូនបង្កើត​មែន គឺ​ពិតជា​ប្រើ​ត្រកូល​អេ ដើម្បី​ឱ្យ​កាន់តែ​មាន​អ្នក​ស្គាល់​ថែម​ទៀត​ទៅ​ហើយ ។

អ្នកស្រី​បញ្ជាក់​ថា កូនប្រុស​ទី​២​នេះ គឺ​មានឈ្មោះ​ថា អេ វិ​រៈ​ខាំ​ឈិ​ត ភូ​ថង វ័យ​១៨​ឆ្នាំ ។ ពេល​កូនប្រុស​របស់​អ្នកស្រី​រូប​នេះ​ចូល​ប្រកួត ក៏​អ្នកស្រី និង​ស្វាមី រក្សា​ឈ្មោះ​កំណើត​នេះ ដាក់​ឱ្យ​កូន​រាល់ពេល​ប្រកួត​នេះ​ផង​ដែរ ។ អ្នកស្រី​ថា ឈ្មោះ ម៉ឺន មេ​ឃា នេះ គឺ​ទើបតែ​បាន​ប្ដូរ​នៅ​ក្នុង​សង្វៀន​​ប្រដាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នោះ​ទេ ហើយ​ក៏​ដូច​ជា​ផ្ដល់​ហុងស៊ុយ​ឱ្យ​កូន​តែ​ម្ដង ព្រោះ​តាំងពី​ដាក់​ឈ្មោះ​នេះ​មក គឺ​កូន​ល្បី​តែ​ម្ដង​នៅ​ក្នុង​ពិភព​ប្រដាល់​។

អ្នកស្រី​ថា ហេតុផល​នៃ​ការ​ដាក់​ឈ្មោះ ថា ម៉ឺន មេ​ឃា នេះ គឺ​ដោយសារ​តែ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់ ជា​អ្នក​ផ្ចុងផ្ដើម​គ្រួសារ​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​កង​យោធពលខេមរភូមិន្ទ បាន​និយាយ​ថា ដាក់​ត្រកូល​ម៉ឺន​របស់​លោក​ម្ដង​ទៅ ដើម្បី​ឱ្យ​ពីរោះ​ស្ដាប់​បន្តិច ហើយដោយ​អ្នកស្រី និង​ស្វាមី ក៏​យល់​ថា ឈ្មោះ​ដើម​របស់​កូន​រាង​វែង និង​ពិបាក​ហៅ​នៅ​ក្នុង​ការ​ប្រកួត​ម្ដង​ៗ​ផង ទើប​សម្រេច​យក​ត្រកូល​ម៉ឺន ហើយ​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ថា មេ​ឃា តែ​ម្ដង ។

ម្យ៉ាង​មក​ពី​អ្នកស្រី​ចង់​សងគុណ​ដល់​លោក តែម ម៉ឺន ដែល​ជា​អ្នក​មានគុណ និង ជា​មេនោះ​ផង ទើប​អ្នកស្រី​យល់​ថា ការ​ដាក់​ឈ្មោះ​កូន ត្រកូល​ម៉ឺន ហើយ​ស្រាប់តែ​កូន​បាន​ល្បី ដោយ​មិន​ល្បី​ត្រកូល​របស់​ប្ដី ក៏​អ្នកស្រី និង ស្វាមី មិន​ដែល​គិត​ដែរ ។ អ្នកស្រី​ថា បើ​ទោះជា​មហាជន​ភាគច្រើន​ដែល​ស្គាល់​ម៉ឺន មេ​ឃា អាច​មិន​ចាប់អារម្មណ៍​ថា ជា​កូន​របស់​អ្នកស្រី ប៉ុន្តែ​សម្រាប់​អ្នក​ក្នុង​វិស័យ​កីឡា គឺ​មិន​មាន​អ្នក​ណា​មិនដឹង​នោះ​ទេ ទើប​អ្នកស្រី​មិន​មាន​គម្រោង​ប្ដូរ​ឈ្មោះ​កូន ពី​ម៉ឺន មេ​ឃា មក​ឈ្មោះ​ដើម​វិញ​។

លោក អេ ភូ​ថង ធ្លាប់​បាន​បញ្ជាក់​ថា សប្បាយចិត្ត​ដែល​កូនប្រុស​ទី​២​បាន​ក្លាយជា​អ្នក​ស្នង​តំណែង ហើយ​បើ​ទោះជា​ភាព​ល្បីល្បាញ​របស់​កូន គឺ​ល្បី​ដោយ​ប្រើ​ត្រកូល​ផ្សេង ក៏​នៅ​តែ​ជា​មោទនភាព​របស់​គ្រួសារ​លោក​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​លោក​យល់​ថា ការ​ដាក់​ត្រកូល​មេ ហើយ​ស្រាប់តែ​កូន​បាន​ល្បី មិន​ខុស​ពី​ដឹងគុណ​មេ គឺ​លោក តែម ម៉ឺន ដែល​ជា​អ្នក​គួរ​ឱ្យ​គោរព​នៅ​ក្នុង​អាជីព​របស់​លោក​នេះ ។

លោក​ថា ខ្លួន និង​កូនប្រុស ម៉ឺន មេ​ឃា សុទ្ធតែ​ជា​ទាហាន​នៅ​ក្នុង​វិស័យ​កីឡា​ពេញ​សិទ្ធិ​របស់ ខេមរៈភូមិន្ទ​ទាំងអស់ ដោយ​ក្នុង​ពេល​នេះ គឺ​លោក និង​កូនប្រុស គឺ​សុទ្ធតែ​ជា​មន្ត្រីរាជការ​ក្នុង​ជួរ​ទាហាន ដែល​មាន​លោក តែម ម៉ឺន គឺ​មេកោយ ។ លោក​ថា កូនប្រុស​របស់​លោក ក៏​ជា​ជម្រើស​ជាតិ​នៅ​ក្នុង​សហព័ន្ធ​វ៉ូ​វី​ណា​ម ផង​ដែរ ដោយ​ក្នុង​ពេល​នេះ កូនប្រុស​របស់​លោក​កំពុង​រៀន​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​បាក់​ទូក ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​រៀន​ចប់ កូនប្រុស​របស់​លោក នឹង​កាន់តែ​សកម្ម​នៅ​ក្នុង​វិស័យ​ប្រដាល់ និង​វ៉ូ​វី​ណា​ម​។ លោក​បន្ត​ថា ថៃ​នៅ​តែ​ចង់បាន ម៉ឺន មេ​ឃា ឱ្យ​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ឡើង​រេញ Thai Fight ឱ្យ​បាន​ច្រើន តែ​លោក និង​ភរិយា​មិន​ឱ្យទៅ​ទេ ព្រោះ​បើ​ឱ្យទៅ​មែន គឺ​ពិតជា​ត្រូវ​ដើរ​ប្រកួត​តែ​តាម​កម្មវិធី​របស់​ថៃ ហើយ​ពិបាក​មក​ជួយ​នៅ​ក្នុង​សហព័ន្ធ​ក្នុងស្រុក ។ ម្យ៉ាង​លោក​មិន​ចង់ឱ្យ​កូន​ខកខាន​រៀនសូត្រ​ផង ទើប​លោក​មិន​ឱ្យ​កូន​ទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ