ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ទេសចរ​ជិត​៦​ម៉ឺន​នាក់​មក​​កម្សាន្ត ពិសេស​ភ្នំ​១៥០០ និង​ទឹក​ធ្លាក់​ច្រក​​ល្អៀង

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​ដែល​រាជរដ្ឋាភិបាល​ឲ្យ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ខកខាន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ អុកឡុក​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា…

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​ដែល​រាជរដ្ឋាភិបាល​ឲ្យ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ខកខាន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ អុកឡុក​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា មន្ត្រីរាជការ ក៏​ដូច​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី បាន​ចូល​មក​លេង​កំសាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ គួរ​ឲ្យ​កត់​សម្គាល់ ទាំង​រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែ​ច្នៃ​ជាដើម​។​ចំណែក​សណ្ឋាគារ និង​ផ្ទះសំណាក់​ពេញ​ស្ទើរតែ​ទាំងអស់​។

ភ្ញៀវ​ទេសចរណ៍​មក​ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ពេល​មក​លេង​ខេត្តពោធិ៍សាត់ ប្រាកដជា​ដាក់ចិត្ត​មុនគេ គឺ​សំដៅ​ទៅ​មើល​ទេសភាព​ភ្នំ​១៥០០ ស្រុក​វាល​វែង ជាក់​ជា​មិន​ខាន ព្រោះ​ភ្នំ​១៥០០​បាន​ល្បី​រន្ទឺ​ពេញ​ផ្ទៃ​ប្រទេស បន្ទាប់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា (​ជា​ផ្លូវ​បុប្ផា​លាក់ខ្លួន​, សំណាង​ថ្មដា វាសនា​វាល​វែង​។ ហើយ​រឹតតែ​បន្ត​សុសសាយ​ទៀត​នោះ គឺ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​តែងតែ​បង្ហោះ​រូបភាព​ផ្លូវ​ក្រវិច​ក្រវៀន​ដូច​អន្ទង់អាំង និង​ទេសភាព​ព្រៃ​ភ្នំ ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​បំផុត​។

លោក សំ ឃី​ម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ក្នុង​ខេត្ត​ពោធិ៍​សាត់​សរុប​មាន​ចំនួន​៣៤​កន្លែង ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​លេង​កំសាន្ដ​ស្ទើរតែ​គ្រប់កន្លែង ប៉ុន្តែ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​មួយ​ឈានមុខ​គេ ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំងអស់​។ មាន​ចំងាយ​ប្រមាណ​៧៤​គម​ពី​ទីរួមខេត្ត និង​៤១​គម​ពី​ផ្សារ​សាមគ្គី​ក្រគរ​។ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កៅស៊ូ​យ៉ាង​រលោង​​ស្រិល ពី​ចំណុច​ផ្លូវជាតិ​លេខ​៥ រហូត​ដល់​ផ្សារ​បំ​ណ​ក់ នៅ​សល់​ប្រមាណ​តែ​០៧​គីឡូ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ជា​ផ្លូវ​ក្រួស​ក្រហម ។

ក្នុង​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ថ្មី​នេះ ភ្ញៀវ​ទេសចរណ៍​បាន​សម្រុក​ទៅ​លេង​កំសាន្ដ​នៅ​ទីនោះ​យ៉ាងច្រើន​កុះករ ហើយ​យើង​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់​កុល​ជា​មុន​សិន ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់​គ្នា​។ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង មាន​ចំណតរថយន្ដ​ធំ​ទូលាយ មាន​ទីធ្លា​លាតសន្ធឹង​តាម​ល្បាក់​ជ្រោះ​វែង​អន្លាយ​បង្ក​លក្ខណៈ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​បាន​ច្រើន ហើយ​ទឹកជ្រោះ​មាន​ទាំង​ប្រាំង​និង​វស្សា​។

កន្លង​មក ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​នេះ​ជា​រៀងរាល់ថ្ងៃ ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​បើ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ចូល​ឆ្នាំ​ចិន និង​បុណ្យ​ភ្ជុំបិណ្ឌ​វិញ គឺ​មនុស្ស​ច្រើន​ណាស់​មក​ពី​គ្រប់​ទីកន្លែង មាន​ទាំង​ភ្ញៀវ​បរទេស​ទៀត​ផង​។ ភ្ញៀវ​ទេសចរណ៍​ទៅ​ទីនោះ​នឹង​បាន​ងូតទឹក​ជ្រោះ​ធ្លាក់​ពីលើ​ភ្នំ​ថ្លាយង់​ត្រជាក់​ដូច​ទឹកអម្រឹត មាន​ផ្ទាំង​ថ្ម​តូច​ធំ​ដូច​ក្បាច់ចំលាក់​, មាន​ដើមឈើ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​សំរាប់​ភ្ញៀវ​ទេសចរណ៍​ជ្រកកោន និង​ទទួលទាន​អាហារ​។

នៅ​ទីនោះ​មាន​លក់​ម្ហូបអាហារ​ឆ្ងាញ់​ៗ​ដូច​ជា​មាន់​ដុត ប្រហុក​អាំង ត្រីអាំង​…​ជាដើម ដោយ​តម្លៃ​សមរម្យ និង​មាន​អនាម័យ​។ យើង​រៀបចំ​កន្លែង​លក់ដូរ​យ៉ាង​មាន​របៀបរៀបរយ កសាង​ជណ្ដើរ​ចុះ ស្ពាន​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង បន្ទប់ទឹក ធុងសម្រាម ដាក់​ស្លាក​សញ្ញា រៀប​ជា​រោង ជា​រាន និង​ខ្យូ​ស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង និង​ធានា​សុវត្ថិភាព​ទៀត​ផង​។

មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ច្រក​ល្អៀង​មាន​៨​ដំណាក់ គឺ​ដំណាក់​យាយ​ចំអន់​តា ដំណាក់​ទឹកឈូរ ដំណាក់​​មនោ​រម្យ ដំណាក់​ថ្ម​សណ្ដូន ដំណាក់​ព្រះ ដំណាក់​ជ្រៃក្រឹម ដំណាក់​សុ​បិ​ន្ត និង ដំណាក់​ទឹកធ្លាក់​។ ភ្ញៀវ​ដែល​ទៅ​លេង​កំសាន្ត​គិត​ត្រឹម​មនុស្ស​ពេញវ័យ​ឡើង​ទៅ​ម្នាក់​១.០០០​រៀល ថ្លៃ​ផ្ញើ​ម៉ូតូ​២.០០០​រៀល និង​រថយន្ត​ពី​៥.០០០​ទៅ​១០.០០០​រៀល​។ មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​យក​ភេសជ្ជៈ​ប្រភេទ​ដប​ចូល​ទៅ​ទេ និង​បាន​ណែនាំ​ឲ្យ​ទុកដាក់​កាក​សំណល់​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បោះ​ចូល​ក្នុង​ទឹក​នាំ​ឲ្យ​ខូច​អនាម័យ​និង​ប៉ះពាល់​បរិស្ថាន​។

លោក​ប្រធាន​មន្ទីរ​បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​កំសាន្ដ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ក៏​ដូច​តាម​រមណីយដ្ឋាន​នានា មេត្តា​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ​, ទុកដាក់​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុងសម្រាម​, ត្រូវ​ចេះ​ការពារ​ជំងឺ​កូ​វី​ដ​១៩​រៀង​ៗ​ខ្លួន និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ក្នុង​ការ​បើកបរ​។

ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​លេង​កំសាន្ដ​នៅ​ទីនោះ​បាន​វាយតំលៃ​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​នេះ មាន​លក្ខណៈ​និង​សក្ដានុពល​ល្អ​ជាង​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទឹកធ្លាក់​ខួប​ប្រាំង ខួប​វស្សា​មិន​ដែល​ដាច់​សោះឡើយ បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ភ្ញៀវ​ទេសចរ​មក​ងូតទឹក​លេង​កំសាន្ត​បាន​គ្រប់​ពេលវេលា​។ ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត ក្រៅ​ខេត្ត មក​ពី​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​មួយ​ចំនួន បាន​ទៅ​លេង​កំសាន្ដ​នៅ​ទីនោះ​ច្រើន​មែនទែន ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ផ្សារ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​នោះ មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

លោក​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ​រយៈពេល​០៥​ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍​មក​លេង​ខេត្តពោធិ៍សាត់​សរុប​មាន​ចំនួន ៥៩.៤០២​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្ដរជាតិ​៣៤​នាក់ សុវត្ថិ​ភាព​ទាំងស្រុង ពុំ​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​នោះ​ទេ ទាំង​នៅ​កន្លែង​លេង ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ