ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​កាដូ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នា​ឱកាស​ចូល​ឆ្នាំ​ចិន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កុំម៉ង់​ក៏​ដូច​ជា​ត្រៀមខ្លួន​លក់​អំណោយ​ជា​កាដូ​សម្រាប់​ជូន​ទៅ​បងប្អូន ឬ​ជូន​ទៅ​មនុស្ស​ជាទី​គោរព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន គេ​សង្កេត​ឃើញ​ហាង​លក់

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កុំម៉ង់​ក៏​ដូច​ជា​ត្រៀមខ្លួន​លក់​អំណោយ​ជា​កាដូ​សម្រាប់​ជូន​ទៅ​បងប្អូន ឬ​ជូន​ទៅ​មនុស្ស​ជាទី​គោរព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន គេ​សង្កេត​ឃើញ​ហាង​លក់​អំណោយ​កាដូ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​វេច​ខ្ចប់​កាដូ​សម្រាប់​លក់​ជូន​អតិថិជន​ដែល​ក្នុង​អំណោយ​កាដូ​នោះ មាន​ស្រា​ល្អ ភេសជ្ជៈ និង​នំ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ។

លោក ពេជ្រ សេរី បុគ្គលិក​ផ្នែក​គណនេយ្យ​ប្រចាំ​ហាង​ផ្លែ​ឈើ​ស្រី​មុំ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​សម្រាប់​ហាង​ផ្លែ​ឈើ​ស្រី​មុំ មាន​គម្រោង​វេច​ខ្ចប់​អំណោយ​កាដូ​លក់​ជូន​អតិថិជន​សរុប​ជាង​៣​ពាន់​កាដូ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ហើយ​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន យើង​បាន​រៀបចំ​កាដូ​បាន​ប្រមាណ​២​ពាន់​កាដូ ។ លោក​បន្ត​ថា ក្នុង​អំណោយ​កាដូ​ជាង​៣​ពាន់​នេះ យើង​បែងចែក​ជា​ពីរ​ប្រភេទ ដែល​ប្រភេទ​ទី​១ យើង​វេច​ខ្ចប់​ដាក់​ក្នុង​កាដូ​នូវ​ស្រា​វី​ស្គី ភេសជ្ជៈ​រួម​នឹង​នំ​ផ្សេង​ជា​ច្រើន​មុខ​ទៀត​។ ចំណែក​ប្រភេទ​កាដូ​ទី​២ យើង​រៀបចំ​ដាក់​ភេសជ្ជៈ​មាន​ដូច​ជា​ទឹក​ត្រចៀកកាំ និង​នំ​ប៉ុណ្ណោះ សម្រាប់​យក​ជូន​មនុស្ស​ចាស់​ដើម្បី​បំប៉ន​សុខភាព​។ លោក​ថា ចំពោះ​កាដូ​ទាំង​ពីរ​ប្រភេទ​នេះ​សម្រាប់​កាដូ​ទី​១ គឺ​យើង​ទទួល​បានការ​កក់​មុន​ពី​ខាង​ក្រុមហ៊ុន​មាន​ចំនួន​ច្រើន រីឯ​តម្លៃ​មាន​ចាប់ពី​២៥​ដុល្លារ​ដល់​៦០​ដុល្លារ​ក្នុង​មួយ​កាដូ ឬ​លើស​ពី​នេះ​ទៅ​តាម​ការ​កំ​ុ​ម៉​ង់​របស់​អតិថិជន​ជាក់ស្តែង ។

លោក​បន្ថែម​ថា ក្រៅពី​កាដូ​ទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ ហាង​ផ្លែ​ឈើ​ស្រី​មុំ​នៅ​ទទួល​ការ​កុំម៉ង់​ពី​ខាង​ក្រុមហ៊ុន​ផ្សេង​ៗ​នូវ​ផ្លែក្រូច​ឃ្វិច​ជាង​២០០​កេស​បន្ថែម​ទៀត សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នេះ​ផង​ដែរ ។

អ្នកស្រី ម៉េ​ង លី​ដា ម្ចាស់​ហាង​វ៉ី ថ​រី លក់​ភេសជ្ជៈ និង​កាដូ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស បាន​ឲ្យ​ដឹង​ថា មុន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ហាង​អ្នកស្រី​បាន​រៀបចំ​គំរូ​កាដូ​ជាង​១០០​កាដូ ដែល​ក្នុង​នោះ មាន​អំណោយ​កាដូ​ជា​ស្រា និង​កាដូ​ជា​ភេសជ្ជៈ ដែល​មាន​តម្លៃ​ចាប់ពី​១៥​ដុល្លារ​ទៅ​៥០០​ដុល្លារ ក្នុង​មួយ​កាដូ ។

អ្នកស្រី​បន្ត​ថា នៅ​ឆ្នាំ​នេះ​ការ​លក់​អំណោយ​កាដូ​សម្រាប់​ហាង​អ្នកស្រី​រំពឹង​ថា អាច​លក់​បាន​ប្រហែល​២០០​ទៅ​៣០០​កាដូ​ដូច​ឆ្នាំ​មុន​ដែរ ព្រោះតែ​មុខរបរ​នេះ​បច្ចុប្បន្ន​មានការ​ប្រកួតប្រជែង​គ្នា​ទាំង​តម្លៃ និង​គុណភាព ហើយ​ម្យ៉ាងទៀត នៅ​ជិត​ហាង​អ្នកស្រី គឺ​មាន​គេ​រៀបចំ​លក់​កាដូ​ដូច​ជា​ហាង​អ្នកស្រី​មាន​ចំនួន​ច្រើន​ដែរ​៕