ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ក្លាយជា​ការ​ហាត់ប្រាណ​ដ៏​ពេញ​និយម​នៅ​ក្នុង​សម័យ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ក្លិប​ហាត់​ប្រាណ​ដំណើរការ​ឡើង​វិញ ក៏​អ្នក​ហាត់ប្រាណ​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មានការ​ញញើត​ខុស​ពី​មុន ដោយ​ពួក​គេ​ភាគច្រើន​បាន​ងាក​មក​ហាត់ប្រាណ​ដោយ​ជិះ​កង់​វិញ ។ អ្នក​ទាំងនោះ​បាន​ទាំង​ចាត់​ទុក​ថា ការ​ជិះ​កង់​ជា​មធ្យោបាយ​សុវត្ថិភាព​នៅ​​ក្នុង​អំឡុងពេល​កូ​វី​ដ​-១៩ រាតត្បាត និង​ជា​ការ​ធ្វើ​ឱ្យ​ស្រឡះ​ខួរក្បាល…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ក្លិប​ហាត់​ប្រាណ​ដំណើរការ​ឡើង​វិញ ក៏​អ្នក​ហាត់ប្រាណ​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មានការ​ញញើត​ខុស​ពី​មុន ដោយ​ពួក​គេ​ភាគច្រើន​បាន​ងាក​មក​ហាត់ប្រាណ​ដោយ​ជិះ​កង់​វិញ ។ អ្នក​ទាំងនោះ​បាន​ទាំង​ចាត់​ទុក​ថា ការ​ជិះ​កង់​ជា​មធ្យោបាយ​សុវត្ថិភាព​នៅ​​ក្នុង​អំឡុងពេល​កូ​វី​ដ​-១៩ រាតត្បាត និង​ជា​ការ​ធ្វើ​ឱ្យ​ស្រឡះ​ខួរក្បាល ព្រោះតែ​មិន​ស្មុគ​ដូច​ការ​បញ្ចេញ​ញើស​នៅ​ក្នុង​ក្លិប​នោះ​ផង​។

ការ​ប្រែប្រួល​នេះ គឺ​ស្រប​នឹង​ការ​ពន្យល់​របស់​អ្នកជំនាញ​សុខភាព គ្រូពេទ្យ​កីឡា និង​គ្រូពេទ្យ ផ្នែក​ឆ្អឹង ដែល​សុទ្ធតែ​ចាត់​ទុក​ថា ការ​ជិះ​កង់​នៅ​ក្នុង​បរិយាកាស​ធម្មជាតិ ជា​ឱសថ​មិន​ចេះ​រីង
ស្ងួត​សម្រាប់​សុខភាព​នោះ​ផង​។

យោង​តាម​ការ​ពន្យល់​របស់​អ្នកជំនាញ​សុខភាព​កន្លង​មក អ្នក​ដែល​សម្រេចចិត្ត​ជិះ​កង់ គឺជា អ្នក​ដែល​ចេះ​ថែ​សុខភាព​ខ្លួនឯង ។ មិន​ថា​ការ​ធាក់​កង់​បែប​បុរាណ កង់​អា​គុយ ឬ​កង់ កីឡា​ធាក់​ក្នុងផ្ទះ​ទេ គុណប្រយោជន៍ នៃ​ការ​ធាក់​កង់​ចំពោះ​សុខភាព មិនមែន​ជា​អ្វី​ដែល​ត្រូវ ប្រឹង​វែកញែក​ទេ ។ ទាំង​អ្នក​វិទ្យាសាស្ត្រ ក៏​បាន​បញ្ជាក់​យ៉ាងច្រើន​ផង​ដែរ​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ធាក់​កង់ ។

អ្នកជំនាញ​សុខភាព​ថា ធាក់​កង់​ក្នុងផ្ទះ​(​កង់​កីឡា​)មិន​ចេះ​ដួល គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ តែ​មិន​បាន​ស្រូបខ្យល់​អាកាស​ធម្មជាតិ និង​ត្រូវកម្តៅថ្ងៃ ។ ឯ​កង់​អា​គុយ​ផ្តល់​គុណប្រយោជន៍ ដល់​សុខ​ភាព​ដូច​កង់​បូរាណ​ដែរ តែ​ជា​ការ​ជួយ​លើកទឹកចិត្ត​មនុស្ស​ឱ្យ​ជិះ​កង់​បាន​ឆ្ងាយ​និង​បាន​យូរ ។

ដូច្នេះ​ហើយ​ទើប​បានជា​ការ​ធាក់​កង់់ ឬ​ជិះ​កង់​កម្សាន្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គឺជា​កីឡា​សុខភាព​ដ៏​មាន​ប្រយោជន៍​ដល់​មនុស្ស​គ្រប់ រូប​មិន​ថា​នៅ​ក្រុង​ឬ​នៅ​ស្រែ ក្មេង ចាស់ ប្រុស ស្រី ធាត់ ស្គម ទេ ។ កីឡា​នេះ គឺ​អាច​ធ្វើ​បាន​ទាំងអស់​គ្នា ដែល​ខុស​ពី​ការ​ហាត់ប្រាណ​ផ្សេង​ៗ​ដែល​ត្រូវការ​កម្លាំង និង​ការ​ព្យាយាម​ខ្លាំង​នោះ​។ តែ​កីឡា​នេះ សម្រាប់​មនុស្ស​ធាត់​លើស​ទម្ងន់ គឺ​មិន​គួរ​ប្រតិបត្តិ​ឡើយ ព្រោះ​ខ្លាច​មាន បញ្ហា​នៅ កជើង នៅ​ជង្គង់ ឬ​នៅ​ខ្នង ។

មនុស្ស​ចាស់ជរា ពិបាក​ដើរ​ក៏​អាច​ធាក់​កង់​បាន​យ៉ាង​ស្រួល ដើម្បី​ជួយ​សម្រួល​សន្លាក់ជើង និង​ត្រគាក ធ្វើ​ចលនា​ដោយ​គ្មាន​ការ​រំខាន ។ ជិះ​កង់​ជា​ការ​បង្រៀន​បេះដូង​ឱ្យ​ចេះ​សម្រប​ចង្វាក់ ស៊ូ​ខ្លាំង​នៅ​ពេល​ប្រឹង​លោត​យឺត​ៗ​វិញ​នៅ​ពេល សម្រាក ។ ការ​ចេះ​សម្រប​នេះ​ជួយ​យើង​ឱ្យ​កម្ចាត់​ស្រេ្ត​សបាន ។

លើកលែងតែ​យក​ការ​ជិះ​កង់​ធ្វើ​ជា​កីឡា​អាជីព ការ​ជិះ​កង់​កម្សាន្ត ឬ​ជា មធ្យោបាយ​ធ្វើ​ដំណើរ​គ្មាន​ជាប់​បម្រាម​ឬ ហាមឃាត់ អ្វី​ជា​ពិសេស​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ហើយ ទើប​ចង់​ផ្តើម ជិះ​កង់ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ គ្រួសារ ឬ​អ្នកជំនាញ​បេះដូង​សិន ឬ​ក៏​ត្រូវ​ចាប់ផ្តើម​ដោយ សន្សឹម​ៗ​បំផុត និង​បន្តិច​ម្តង​ៗ ក្នុង​រយៈពេល មួយ​ខែ​ដំបូង​សិន ។ បើ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជិះ ជា​ប្រចាំ តែ​អាយុ​លើស​ពី​៤៥​ឆ្នាំ​ឡើង​ទៅ ក៏​គួរ តែ​ទៅ​ពិនិត្យ​កម្លាំង​បេះដូង​ជា​រៀង​រាល់​ឆ្នាំ​ម្តង​ដែរ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​។

អ្នកជំនាញ​សុខភាព​បាន​ពន្យល់​ដដែល​ជា​ដដែល​ថា ការ​ជិះ​កង់​តែង​នាំ​មក​នូវ​គុណ​ប្រយោជន៍​ដ៏​ចំ​បាច់​ចំពោះ​សុខភាព ទាំង​ផ្នែក​រាង​កាយ និង​ផ្លូវចិត្ត ។ បុគ្គល​ណា​ដែល​បាន​អនុវត្ត ការ​ជិះ​កង់​ជា​ប្រចាំ រមែង​មាន​រូបរាង​កាយ​ក្មេង ជាង​អាយុ​១០​ឆ្នាំ ព្រោះ​តួនាទី​របស់​បេះដូង និង សាច់ដុំ នឹង​មាន​ភាព​ប្រសើរ​មុនគេ ដោយសារ​តែ​ចលនា​ធាក់​កង់ ។ សកម្មភាព​ប្រឹង​ធាក់​កង់​រយៈពេល​វែង នឹង​ក្លាយជា​ការ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ទាំងឡាយ​ដែល​នាំ​ឱ្យ​មាន​រោគ​សរសៃឈាម​បេះដូង ដូច​ជា​ធាត់​ជ្រុល ខ្លាញ់​ក្នុង​ឈាម ​កូ​ឡេ​ស្តេ​រ៉ូ​ល លើសឈាម និង​ស្ត្រេ​ស ។

ជិះ​កង់​ក៏​ត្រូវ​គេ​ចាត់ទុកជា​ឱសថ​ព្យាបាល​រោគ​មួយ​ចំនួន ជាក់ស្ដែង​ធាក់​កង់ គឺជា​ថ្នាំ​បញ្ចុះទម្ងន់ ដែល​គ្រូពេទ្យ​បារាំង​បាន​កំណត់​ឱ្យ​អនុវត្ត​ពីរ​ឬ​បី​ដង​ក្នុង​១​ស​ប្តា​ហ៍​រយៈពេល​ពីរ​ម៉ោង ដោយ​ត្រូវ​ធាក់​ក្នុង​ល្បឿន​ល្មម​ៗ ហើយ​បើ​អ្នក​ធាត់​លើស​ទម្ងន់ អាច​សម្រក​ខ្លាញ់​បាន ដោយ​គ្មាន​ប៉ះទង្គិច ដល់​សរីរាង្គ​ណាមួយ​ដូច​ប្រឹង​ធ្វើ​កីឡា​រត់​នោះ​ទេ​។

អ្នកជំនាញ​សុខភាព​បន្ត​ថា ការ​ធាក់​កង់​គឺ​មាន​ប្រយោជន៍​ធ្វើ​ឱ្យ​អត្រា​កូ​ឡេ​ស្តេ​រ៉ូ​ល នី​ទ្រី​ក្លី​សេរី​ដ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ ។ នៅ​ពេល​យើង​ប្រឹង ធាក់​កង់ ខ្លួនប្រាណ​នឹង​ទៅ​ស្រូប​យក​ថាមពល ដែល​ស្តុក​ទុក​ក្នុង​ទម្រង់​ជា​ជាតិ​ស្ករ ហេតុ​ដូច្នេះ ហើយ​បានជា​កីឡា​ជិះ​កង់ ត្រូវ​បាន​គេ​ចាត់​ទុក ជា​ទម្រង់ នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ។ ធាក់​កង់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ដោយ​មិនបាច់ ប្រឹង ត្រូវ​ខ្យល់ ត្រូវ​ពន្លឺ​អុល​ត្រា​វី​យូ​ឡេ ជួយ ពង្រឹង​កោសិកា​ឆ្អឹង ជួយ​សម្រួល​ចរន្តឈាម បង្កើន​កម្លាំង​ឱ្យ​សាច់ដុំ សម្រួល​លំនឹង សម្រប​សម្រួល​សរីរាង្គ​ឱ្យ​បាន​ទន់ភ្លន់ ជួយ​ឱ្យ​យើង ធន់​នឹង​ភាព​នឿយហត់ សម្រួល​ដំណេក និង​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ។

តួលេខ​ពី​អ្នកជំនាញ​បង្ហាញ​ថា ការ​ធាក់​កង់​អាច​កាត់​បន្ថយ​ជំងឺ​សរសៃឈាម​កូ​រ៉ូ​ណែ​បាន​៣០% ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល បាន​២៤% ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​ទី​ពីរ បាន​ជិត​២០% ជំងឺ​មហារីក ដោះ ជិត​១៥% និង​ជំងឺមហារីក​ពោះវៀនធំ បាន​ជិត​៤០% ។ ក្នុង​នោះ​ដែរ ការ​សិក្សា​របស់ វិទ្យាស្ថាន​ស្ថិតិ​បារាំង កាលពី​ឆ្នាំ​២០១៧ ដែល​បាន​ចេញផ្សាយ និង​ត្រូវ​បាន​ចែកចាយ ក៏​បាន បង្ហាញ​ថា បុគ្គលិក​ក្រុមហ៊ុន​ដែល​ជិះ​កង់​មក​ការិយាល័យ​ធ្វើការ មាន​សុខភាព​ល្អ​ជាង​អ្នក​ជិះ​រថយន្ត ។ លើ​ផ្នែក​ចិត្តសាស្ត្រ​វិញ ការ​ជិះ​កង់​កម្សាន្ត ក៏​ត្រូវ​គេ​ជឿ​ថា នឹង​នាំ​មក​នូវ​ភាព​ធូរស្បើយ​ក្នុង​ចិត្ត ជួយ​បណ្តេញ​ស្ត្រេ​ស​ឱ្យ​ចេញ អស់ពី​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ