រាជធានីភ្នំពេញ ៖ វិស័យកសិកម្មនៅតែជាវិស័យស្នូលមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាវិស័យដែលពលរដ្ឋកម្ពុជាភាគច្រើននៅតែពឹងផ្អែកលើវា ។ ហើយសម្រាប់ឆ្នាំ២០២០នេះ ក្នុងពេលពិភពលោកកំពុងជួបវិបត្តិដោយសារតែកូវីឌ១៩ ធ្វើអោយវិស័យកសិកម្មកម្ពុជាក្លាយជាឱកាសក្នុងការពង្រីកខ្លួនបន្ថែមទៀត ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក៏បានគ្រោងនឹងកែប្រែ វិស័យនេះអោយក្លាយទៅជាវិស័យកសិកម្មបែបនទំនើប ។

តើវិស័យកសិកម្មបែបទំនើបរបស់រាជរដ្ឋាភិបាលនឹងទៅជាយ៉ាងណា ?
លោកម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា រដ្ឋាភិបាលមានចក្ខុវិស័យ៤សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មអោយទៅជាកសិកម្មបែបទំនើប ក្នុងនោះ ការបង្កើនផលិតភាពនិងប្រាក់ចំណេញខ្សែច្រវ៉ាក់ តម្លៃកសិកម្ម ក្នុងនោះមានការចិញ្ចឹមសត្វនិងដំណាំកសិកម្មជាដើម ។ចក្ខុវិស័យទី២ការបង្កើនហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ភាពធន់ទៅនឹងការងារកសិកម្ម និងកិច្ចការសម្រួលពាណិជ្ជកម្ម ទី៣ ការបង្កើននិរន្តភាព ការប្រើប្រាស់ដី ធនធានព្រៃឈើ និងធនធានជលផល និងទី៤ ការបង្កើនសមត្ថភាពឬក៏ការពង្រឹងសមត្ថភាពស្ថាប័ន ។

លោកបន្តថាតាមរយៈផែនការនិងយុទ្ធសាស្ត្រមួយចំនួន លោកជឿជាក់ថាកម្ពុជានឹងសម្រេចបាននូវកសិកម្មតាមបែបទំនើប ជាក់ស្ដែងកាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាទទួលបានទិន្នផលកសិកម្មជាង៣០លានតោន រួមទាំងស្រូវ និងដំណាំផ្សេងៗ ហើយឆ្នាំ២០២០នេះ ក៏រំពឹងថាទិន្នផលផលិតផលកសិកម្មក៏នឹងកើនឡើងជាងឆ្នាំមុនផងដែរ ។

លោកថា «គិតមកដល់ដើមខែសីហា ២០២០នេះ យើងឃើញថាផ្ទៃដីដំណាំស្រូវ និងដំណាំឈើហូបផ្លែជាច្រើនទៀត ក៏មានសន្ទុះកើនឡើងបើទោះបីជា អាកាសធាតុនៅតំបន់មួយចំនួនមិនអំណោយផលក្ដី» ។

បើតាមលោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានថ្លែងផងដែរថា បច្ចុប្បន្ននេះ សន្ទុះនៃវិស័យកសិកម្មត្រូវបានមើលឃើញថាមានកំណើនគួរអោយកត់សម្គាល់ទាំងដំណាំ និងការចិញ្ចឹមសត្វព្រោះថាតម្លៃនៃផលិតផលកសិកម្មក៏ហាក់មានភាពល្អប្រសើរ រួមជាមួយនឹងតម្រូវការលើទីផ្សារទាំងក្នុងស្រុកនិងក្រៅ ស្រុកផងដែរ ។ ម្យ៉ាងទៀតបច្ចេកទេសថ្មីៗនេះវិស័យកសិកម្មក៏ត្រូវបានបង្កើតឡើងនិងមានការគាំទ្រលើកទឹកចិត្តដើម្បីជំរុញអោយកសិករដទៃទៀតកែច្នៃបច្ចេកទេសក្នុងវិស័យនេះអោយកាន់តែមានសន្ទុះ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានគាំទ្រអោយជំរុញវិស័យកសិកម្មនេះដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកនិងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ នៅពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ននេះ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ចាប់ផ្ដើមមានបណ្ដើរៗផងដែរ ។
សម្ដេចក៏ធ្លាប់បានលើកឡើងផងដែរពីឱកាសក្នុងការពង្រីកវិស័យកសិកម្មកម្ពុជា ខណៈតម្រូវការនៅលើទីផ្សារអន្តរជាតិកំពុងកើនឡើងខ្ពស់ក្នុងពេលពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ១៩ នេះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ