ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ស ខេ​ង​ ៖ កម្ពុជា​រក្សា​ជំហរ​បន្ត​ទំនាក់ទំនង​ល្អជា​មួយ EU ទោះ​មានការ​ផ្តាច់ EBA ២០%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​បន្ត​ទំនាក់ទំនង​ល្អជា​មួយ សហគមន៍​អឺរ៉ុប (EU)…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​បន្ត​ទំនាក់ទំនង​ល្អជា​មួយ សហគមន៍​អឺរ៉ុប (EU) ទោះបី EU ផ្ដាច់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ២០% ពី​ប្រទេស​កម្ពុជា​ក៏​ដោយ ព្រោះ​ទំនិញ​របស់​កម្ពុជា នៅ​តែ​អាច​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​បានដដែល​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា «EBA បាន​ចូល​ជា​ធរមាន យើង​ដឹង​ហើយ​តាំងពី​ថ្ងៃ​ទី​១២ សីហា ។

ប៉ុន្ដែ​យើង ក៏​មិន​មាន​ជំហរ​អ្វី​ប្លែក​ពី​មុន​ទេ គឺ​នៅ​ដដែល គឺ​យើង​ខិតខំ​ប្រឹង ដើម្បី​ជម្នះ​ឧ​ប​ស័គ្គ​បញ្ហា ប្រឈម​ទាំងឡាយ អាហ្នឹង​អត់​ជម្រើស​ក្រៅពី​ហ្នឹង ទេ​។ ប៉ុន្ដែ​មិនមែន​យើង ផ្ដាច់ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ទេ ។ បាន​សេចក្ដី​ថា មាន​ទំនាក់ទំនង ជាមួយ​សហគមន៍​អឺរ៉ុប នៅ​តែ​មាន​សារៈសំខាន់ ហើយ​យើង​ខិតខំ​បន្ថែម​ទៀត​»​។

សម្ដេច​ក្រឡាហោម រៀបរាប់​ថា ទំនិញ​របស់​កម្ពុជា នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល គ្រាន់តែ​បង់ពន្ធ​តែ​ប៉ុណ្ណោះ ហើយ​បង់ពន្ធ​ត្រឹម ២០% ខណៈ​៨០%​នៅ​បន្ត​នាំ​ចេញ​ដោយ​មិន​បង់ពន្ធ​។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការ​លំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ឬ​ស្ថេ​រ​ភាព​នយោបាយ ដែល​ទាក់ទង​ទៅ​បញ្ហា EBA​នេះ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប (EU) បាន​ចេញ​សេចក្ដីសម្រេច​មួយ​ផ្ដាច់ EBA ចំនួន​២០%​ចេញពី​កម្ពុជា​ជា​ផ្លូវការ​។ បើ​តាម​ការ​សម្រេច​នេះ គឺ​ប៉ះពាល់​ដល់​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ប្រមាណ​២០% ប៉ុន្តែ​កម្ពុជា​នៅ​តែ​អាច​បន្ត​នាំ​ចេញ​ទំនិញ​ទាំងនេះ បាន តែ​ក្នុង​លក្ខខណ្ឌ​ត្រូវ​បង់ពន្ធ​។
ហើយ​ទំនិញ​របស់​កម្ពុជា​៨០%​ទៀត គឺ​នៅ​តែ​អាច​បន្ត​នាំ​ចេញ​ទៅ​អឺរ៉ុប​ដោយ​មិន​បង់ពន្ធ​ដដែល​ទំនិញ​ដែល​ប៉ះពាល់​ដោយសារ​បាត់​ផ្នែក​ខ្លះ​នៃ​EBA​នេះ គឺ​មាន​៤០​មុខ ភាគច្រើន​ជា​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺ​រ៉ូ​ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ