បើចង់ឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេស ដែលមានប្រជាពលរដ្ឋមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ មន្ត្រីជំនាញមួយរូបបានអះអាងថា កម្ពុជាត្រូវតែធ្វើឧស្សហូនីយកម្មឲ្យបាន ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងបែបនេះ នៅពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមិនអាចពឹងផ្អែកតែលើឧស្សហកម្មកាត់ដេរ និងវាយនភណ្ឌតែប៉ុណ្ណោះទេ ពោល គឺកម្ពុជាត្រូវជំរុញឧស្សហូនីយកម្ម ក្នុងរូបភាពជាការធ្វើពិពិធកម្មមុខទំនិញនាំចេញ មូលដ្ឋានផលិតកម្ម និងទីផ្សារនាំចេញ ជាពិសេសការធ្វើទំនើបកម្មឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ។
រូបតំណាងដោយ AI
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាលើការពង្រឹងតួនាទីនៃវិស័យឧស្សហកម្ម ក្នុងការធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងទិសដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់នេះ ។
នៅក្នុងឆ្នាំ២០២៥ នេះកម្ពុជាមានរោងចក្រកាត់ដេរប្រមាណជា១.៨០០ កន្លែង ហើយអាចនាំចេញសម្លៀកបំពាក់ប្រមាណជាជាង១០ពាន់លានដុល្លារ ស្បែកជើងជិត២ពាន់លានដុល្លារ សម្ភារៈធ្វើដំណើរ១,៨ពាន់លានដុល្លារ ។

ក្រៅពីនោះ កម្ពុជាមានរោងចក្រសំបកកង់ ដែលអាចនាំចេញបាន ១,២ពាន់លានដុល្លារ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាសប្រមាណជាជិត៨៣៩ លានដុល្លារ កង់៥៤១ លានដុល្លារជាដើម ៕
ចែករំលែកព័តមាននេះ