ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២០ បុរសពិការជើងទាំងសងខាងម្នាក់ឈ្មោះកែវ សុវណ្ណ អាយុ៤៩ឆ្នាំ ជាអតីតយោធិនរំសាយ បានធ្វើដំណើរពីភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ដើម្បីដាក់ពាក្យបណ្តឹងសុំឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាជួយរកយុត្តិធម៌ក្នុងរឿងទំនាស់ដីធ្លី២កន្លែងទំហំ៥.៤១៨ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្ពបត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយមានឈ្មោះអាំហម ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធ ដែលមានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក យកពូជស្រូវអ៊ីអ៊ែរ ទៅព្រោះពីលើស្រូវពង្រោះរបស់ជនរងគ្រោះដែលជាជនពិការមានដីតែជាងកន្លះហិកតា(៥,៤១៨ម៉ែត្រការ៉េ) ប៉ុណ្ណោះ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
បើតាមអាជ្ញាធរភូមិឃុំនិងលោកអភិបាលស្រុករមាសហែកបានឲ្យដឹងថា ករណីឈ្មោះអាំ ហម និងប្រពន្ធយកស្រូវពូជទៅព្រោះពីលើស្រូវពង្រោះរបស់ជនរងគ្រោះនោះកើតឡើងដោយករណីទំនាស់ដីធ្លី ឈ្មោះអាំហម និងប្រពន្ធ មកទាមទារលោះដីស្រែកេររបស់ឪពុកពីសង្គម ក៏ប៉ុន្តែជនរងគ្រោះមិនព្រមក៏មានទំនាស់ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ត្រូវអាជ្ញាធរឃុំបានដោះស្រាយ២លើក អាជ្ញាធរស្រុកបានដោះស្រាយចំនួន៣លើកក៏មិនស្រុះស្រួលគ្នាដែរ ទើបលោកអភិបាលស្រុករមាសហែកឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងដោះស្រាយវិញ។
ទាក់ទិនករណីខាងលើនេះដែរ លោកយាយម៉ាន់ម៉ៅ អាយុ៧០ឆ្នាំ ដែលជាម្តាយជនរងគ្រោះបានឲ្យដឹងថា ដំណើររឿងឈ្មោះអាំស៊ីន (ឳពុកឈ្មោះអាំហម)ត្រូវជាកូនចិញ្ចឹមឳពុករបស់គាត់(ម៉ាន់ម៉ៅ) អាំស៊ីន ជាកូនកំព្រា ក្រោយពីរៀបការ ឪពុករបស់គាត់បានចែកដីស្រែ និងទីសំណាបឲ្យដើម្បីធ្វើស្រែ ហើយបើថាដីកេរ គឺកេរឳពុករបស់គាត់ចែកឲ្យនៅឆ្នាំ១៩៦០ឈ្មោះអាំ ស៊ីន គ្មានប្រាក់ទិញកង់ជិះក៏យកដីមកបញ្ចាំឲ្យគាត់១៨០រៀល ។
លោកយាយបានបន្តថា លុះដល់ឆ្នាំ១៩៧៩ បែកប៉ុលពត គាត់បានមកចាប់ដីនៅស្រុកកំណើតវិញហើយអាស្រ័យផលលើដីស្រែ២កន្លែងនេះរហូត ចំពោះឈ្មោះអាំស៊ីន បានទៅរស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ទីរួមស្រុករមាសហែក ហើយដីស្រែ២កន្លែងនេះគឺគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្នធ្វើស្រែអាស្រ័យផលមិនដែលអាក់ខានឆ្នាំណាទេ ។ នៅឆ្នាំ១៩៨៥ឈ្មោះអាំស៊ីន បានយកប្រាក់មកសង៨០រៀល នៅជំពាក់៨០រៀលទៀត ក្រោយមកឈ្មោះអាំស៊ីន ក៏បានចែកឋានទៅ ។
លោកយាយបានបន្តថា លុះនៅឆ្នាំ១៩៩៣ ឈ្មោះអាំហម ជាកូនបានមកខ្ចីមាស៥ហ៊ុន ហើយនិយាយថា «មីងខ្ញុំសុំបញ្ចាំដី២កន្លែងដីកេរ្ត៍ឳពុកខ្ញុំមីងឯងធ្វើស្រែទៀតទៅ» ។ គាត់នឹកថាជាក្មួយក៏មិនបាននិយាយអ្វីដែរក៏ឲ្យមាស៥ហ៊ុនទៅ ។ រហូតដល់ឆ្នាំ១៩៩៨ ឈ្មោះអាំហម ក៏បានមកនិយាយលក់ផ្តាច់ថា «មីង ខ្ញុំត្រូវការមាស១ជី ធ្វើដើមរកស៊ី មីងឯងមានមាស១ជីឲ្យខ្ញុំ ខ្ញុំលក់ដី២កន្លែងឲ្យមីង» គាត់ក៏ឆ្លើយថា មីងគ្មានមាសទេ ក៏ហៅកូនឈ្មោះកែវសុវណ្ណ ឲ្យមាស១ជីទៅឈ្មោះអាំ ហម បើលក់ផ្តាច់ហើយនៅទាមទាដីកេរអីទៀត។
លោកយាយបានបន្តទៀតថា លក់ផ្តាច់នៅឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៩រយៈពេល២០ឆ្នាំស្រាប់តែយកមាស១ជីកន្លះមកសុំលោះយកដីកេរវិញ ហើយឈ្មោះអាំហម បានដុតបំផ្លាញស្រូវរបស់ជនរងគ្រោះជាបន្តបន្ទាប់ ហើយនៅថ្ងៃទី៨សីហា២០២០នេះឈ្មោះអាំហមនិងប្រពន្ធយកស្រូវអ៊ីអ៊ែរ ព្រោះពីលើស្រូវពង្រោះរបស់ជនរងគ្រោះទៀត ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងសុំឲ្យលោកអភិបាលខេត្តជួយរកយុត្តិធម៌តែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ