តើអ្វីទៅជាជំងឺគាំងបេះដូង ឬជំងឺស្ទះសរសៃឈាមបេះដូង?
រាជធានីភ្នំពេញ ៖ ធម្មតាបេះដូងមនុស្សយើងវាដំណើរការទៅបានដោយសារសរសៃឈាមជាអ្នកចិញ្ចឹម ។ ភាសាបច្ចេកទេសហៅថា សរសៃអាំងទែកូរឺណែ នៅពេលដែលសរសៃអាំងទែកូរឺណែនេះស្ទះ ឬត្បៀត
រាជធានីភ្នំពេញ ៖ ធម្មតាបេះដូងមនុស្សយើងវាដំណើរការទៅបានដោយសារសរសៃឈាមជាអ្នកចិញ្ចឹម ។ ភាសាបច្ចេកទេសហៅថា សរសៃអាំងទែកូរឺណែ នៅពេលដែលសរសៃអាំងទែកូរឺណែនេះស្ទះ ឬត្បៀត
រាជធានីភ្នំពេញ ៖ ធម្មតាបេះដូងមនុស្សយើងវាដំណើរការទៅបានដោយសារសរសៃឈាមជាអ្នកចិញ្ចឹម ។ ភាសាបច្ចេកទេសហៅថា សរសៃអាំងទែកូរឺណែ នៅពេលដែលសរសៃអាំងទែកូរឺណែនេះស្ទះ ឬត្បៀត ពេលនោះហើយដែលធ្វើឲ្យឈាមទៅចិញ្ចឹមបេះដូង ទៅមិនរួចធ្វើឲ្យសាច់ដុំបេះដូងមួយចំណែកនោះស្លោករលួយដែលហៅថា ជំងឺ គាំងបេះដូង ឬជំងឺស្ទះសរសៃឈាមបេះដូង។ នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត សុខ ជួ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ។
លោកសាស្ត្រាចារ្យ សុខ ជួ បានថ្លែងបន្តថា ជំងឺគាំងបេះដូង ឬជំងឺ ស្ទះសរសៃឈាមបេះដូង គឺជាជំងឺមួយដែលធ្ងន់ធ្ងរហើយសម្លាប់មនុស្សច្រើនបំផុតនៅលើពិភព លោកជារៀងរាល់ឆ្នាំ ។ យោងតាមរបាយ ការណ៍របស់អង្គការសុខភាពពិភពលោកមានមនុស្សលើសពី១៧លាននាក់បានស្លាប់ ដោយសារជំងឺគាំងបេះដូងឬជំងឺស្ទះសរ សៃឈាមបេះដូង ដូច្នេះហើយបានជា បច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងនេះ ព្រោះថា ការព្យាបាលជំងឺស្ទះសរសៃឈាម បេះដូង គឺទាមទារពេលវេលាមួយជាក់លាក់ កាន់តែលឿនកាន់តែប្រសើរ បើសិនជាយើងព្យាបាលក្នុងដំណាក់កាលមួយដែលហួសពេលសាច់ដុំបេះដូងត្រូវរលួយខូចខាតមិនអាចត្រឡប់មកដូចធាតុដើមវិញទេ ។
ជាទូទៅ ជំងឺស្ទះសរសៃឈាមបេះដូងនេះ ពីដើមឡើយសម្បូរកើតមាននៅប្រទេសដែល អភិវឌ្ឍប្រទេសជឿនលឿន និងជាប្រទេស អ្នកមាន ក៏ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា អត្រានៃអ្នកកើតជំងឺស្ទះសរសៃឈាមបេះដូងនេះ មានកើតឡើងយា៉ងគំហុកក្នុងប្រទេសកំពុងអភិវឌ្ឍមានប្រទេសកម្ពុជាយើងជាដើម។ អត្រាកើនឡើងថ្មីអាំងស៊ីដង់កើនឡើងយ៉ាង គំហុកក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយសារ តែប្រទេសកំពុងអភិវឌ្ឍមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅចំណីអាហារ សម្បូរបែបទាន់សម័យ ហើយការរស់នៅ មិនសូវធ្វើពលកម្ម ការប្រើប្រាស់ថ្នាំជក់បារីច្រើន ការហូបស្រា អាហារសម្បូរជាតិខ្លាញ់ឬសម្ភារផ្សេងៗធ្វើឲ្យជំងឺស្ទះសរសៃឈាមបេះដូងមានការ កើនឡើងគួរឲ្យកត់សម្គាល់ ។ នៅប្រទេស កម្ពុជា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងចំណោមមនុស្ស ១០០ពាន់នាក់ គឺមាន១២៨នាក់ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ។ នេះគឺជាតួលេខមួយគួរឲ្យព្រួយបារម្ភបំផុត ព្រោះថាច្រើនណាស់ ដូច្នេះធ្វើឲ្យយើងមានការព្រួយបារម្ភ និងគិតគូរយា៉ងខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើង នូវការធ្វើរោគវិនិច្ច័យទាន់ពេលវេលា និងការព្យាបាលឲ្យមានប្រសិទ្ធភាព ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា តើជំងឺ ស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូង នេះមានរោគសញ្ញាយ៉ាងដូចម្តេច? រោគសញ្ញាសំខាន់របស់អ្នកជំងឺស្ទះសរសៃឈាម បេះដូង ឬជំងឺគាំងបេះដូងគឺថា គាត់កើតឡើងដោយចុកទ្រូង អ្នកជំងឺស្តែងចេញ ពីការចុកដើមទ្រូងខ្លាំងភ្លាមៗពេលនៅស្ងៀម ឬកំពុងធ្វើកិច្ចការអ្វីមួយ នេះគឺជារោគ សញ្ញាញឹកញាប់បំផុត ។ ហើយរោគសញ្ញា ផ្សេងៗទៀតក៏អាចមានដែរ គឺថាអ្នកជំងឺ ខ្លះគាត់មិនមានការចុកដើមទ្រូងទេ ប៉ុន្តែគាត់រោយថ្គាម ជួនកាលចុកដៃមួយចំហៀង អ្នកខ្លះចុកស្មា ខ្នង ឬអ្នកខ្លះទៀត គាត់ស្តែងចេញជាក្អួតចង្អោរ ដូចពុលចំណីអាហារអីុចឹង ។ ដូច្នេះហើយសុំឲ្យប្រជាពលរដ្ឋកុំមានការធ្វេសប្រហែសឲ្យសោះចំពោះ រោគសញ្ញាដែលមិនមែនឈឺដើមទ្រូង ក្អួតចង្អោរ ចុកពោះ ឬមានអារម្មណ៍ថា មិនស្រួលសោះក្នុងដើមទ្រូង ។ សុំកុំឲ្យមានការធ្វេសប្រហែស ព្រោះរោគសញ្ញាទាំងនេះក៏អាច កើតជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំង បេះដូងដែរ ។ ជំងឺនេះកើតឡើងទៅលើមនុស្ស ចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ក៏ប៉ុន្តែគេ សង្កេតឃើញថា មានកើតទៅលើមនុស្សវ័យក្មេង ផងដែរ ដោយសារការសិក្សារមួយរបស់មន្ទីរ ពេទ្យកាល់ម៉ែតនៅឆ្នាំ២០១៤កន្លងមកនេះ ឃើញថា ជំងឺស្ទះសរសៃឈាមបេះដូងកើត ឡើងចំពោះមនុស្សអាយុចន្លោះពី៥០ឆ្នាំទៅ៨០ឆ្នាំ ហើយកើតញឹកញាប់ពីអាយុ៦០ឆ្នាំទៅ៦៩ឆ្នាំ ប៉ុន្តែមានអ្នកជំងឺមួយចំនួនប្រហែលជាង៣០% មានអាយុក្រោម៤០ឆ្នាំ ក៏មានកើតជំងឺនេះដែរ ។
កន្លងមកនៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះ ដូងនៃមន្ទីរពេទ្យកាល់មែ៉តនៅឆ្នាំ២០១៤អ្នកជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូងចំនួន៦៧៥នាក់ចូលមកសម្រាកព្យាបាល ក្នុងនោះមានមនុស្សប្រុស៧០% ហើយមនុស្ស ស្រី៣០% ក្នុងចំណោមប្រជាពលរដ្ឋដែលមក ព្យាបាលក្នុងមន្ទីរពេទ្យកាល់មែ៉ត គឺថា មានរហូត ទៅដល់៦០%ដែលមកក្រោយ១២មោ៉ង បាន ន័យថា យឺតពេលណាស់ទៅហើយ ហើយមានប្រជាពលរដ្ឋដែលមកមន្ទីរពេទ្យមុន១២មោ៉ង មានតែ៤០%ទេ ។ ដូច្នេះកន្លែងនឹងហើយដែលធ្វើឲ្យយើងត្រូវប្រឹងប្រែងអប់រំប្រជាពល រដ្ឋបន្តទៀតដើម្បីឱ្យពួកគាត់យល់អំពីសារសំខាន់នៃការប្រញាប់មកមន្ទីរពេទ្យ ។ ដោយសារប្រជាពលរដ្ឋមកមន្ទីរពេទ្យយឺតពេកហួស១២ម៉ោង ដូច្នេះការព្យាបាលដោយបច្ចេក វិទ្យាទំនើបដោយបាញ់រឺស័រដើម្បីពង្រីកសរសៃឈាមបេះដូងយើងធ្វើបានតែ៤៥%នៃអ្នកជំងឺដែលចូលមក ហើយ៥៥%ទៀត គឺហួស ពេលនឹងព្យាបាល ទោះបីជាយើងធ្វើក៏មិន ចំណេញ ព្រោះសាច់ដុំបេះដូងបានខូចខាត អស់ទៅហើយ ។
នៅមន្ទីរពេទ្យកាល់ម៉ែតមានសាល អង់យ៉ោក្រាហ្វីបន្ទប់ថតឆ្លុះសរសៃឈាមបេះដូង ដែលមានកម្រិតស្តង់ដាអន្តរជាតិមាន អ្នកជំនាញផ្នែកជំងឺបេះដូង ជាពិសេស អ្នកជំនាញផ្នែកថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុង៧ថ្ងៃមួយសប្តាហ៍ ព្រមទាំងចាំទទួលព្យាបាល ប្រជាពលរដ្ឋដែលមានជំងឺស្ទះសរសៃឈាមបេះដូង ។ ធ្វើយ៉ាងណាមកមន្ទីរពេទ្យឲ្យបាន លឿន មន្ទីរពេទ្យកាល់ម៉ែតមានគោលការណ៍ គឺព្យាបាលតាមវិធីបច្ចេកទេសទំនើបថត ឆ្លុះពង្រីកសរសៃឈាមបេះដូងដែលស្ទះនោះហើយធុកឲ្យដំណើរការឡើងវិញ និងដាក់ រឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង ។ ដោយ សារមន្ទីរពេទ្យកាល់ម៉ែតមានឧបករណ៍ព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងទំនើបនេះហើយ បានជាអត្រានៃការស្លាប់ធ្លាក់ចុះមកត្រឹមតែ៦,៥% តែបើមិនថតឆ្លុះពង្រីកសរសៃឈាមបេះដូងទេ គឺអត្រានៃការស្លាប់នេះខ្ពស់ណាស់មានប្រហែលជា៣០%ទៅ៣៥% ។
លោកសាស្ត្រាចារ្យ សុខ ជួ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវតែ មកមន្ទីរពេទ្យកាល់ម៉ែតឱ្យបានទាន់ពេលវេលា ដើម្បីឲ្យគ្រូពេទ្យជំនាញផ្នែកជំងឺបេះដូងធ្វើការ ត្រួតពិនិត្យ គឺថាមនុស្សប្រុសមិនលើសពី អាយុ៤៥ឆ្នាំ និងមនុស្សស្រីមិនលើសពីអាយុ៥៥ឆ្នាំ ហើយយ៉ាងតិច២ឆ្នាំមកឲ្យគ្រូពេទ្យ ពិនិត្យម្តង ដើម្បីរកមើលរោគសញ្ញាតាមរយៈ ការបូបឈាមធ្វើអេកូបេះដូង វាស់ចង្វាក់បេះដូងបើសិនជាគ្រូពេទ្យសង្ស័យគេអាចស្កេនមើល សរសៃឈាមបេះដូង ។ ហេតុផលទាំងនេះហើយដែលធ្វើឲ្យប្រពលរដ្ឋគេចផុតពីជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូង បើសិនជារង់ចាំជំងឺនេះមកដល់តែម្តង គឺចុកដើមទ្រូងហើយទើបមកមន្ទីរពេទ្យនោះ គឺជាការលំបាកខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ