ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់បានរងរបួសចំក្បាល ខណៈឪពុកប្រើនាងឱ្យយកដុំឈើចេញពីមុខផ្ទះ ដើម្បីងាយស្រួលជិះម៉ូតូចូលផ្ទះ ក្រោយពីមានបុរសជាអ្នកជិតខាងម្នាក់បានយកដុំឈើនោះទៅដាក់នៅពីមុខផ្ទះ ធ្វើឱ្យបុរសរូបនោះខឹងក៏ទាញដែកបំពង់ទីប និងដាវកាប់ បណ្តាលឱ្យនាងរងរបួសតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិសង្ត្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ ឈឿន គា ភេទប្រុស អាយុ២៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ រ៉ា ស្រីណុច អាយុ១៥ឆ្នាំ នៅភូមិថ្មីឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះជាង រ៉ា ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ រឿងឈ្មោះជាង រ៉ា បានប្រើកូនស្រី(ក្មេងស្រីរងគ្រោះ)ឲ្យទៅយកដុំឈើដែលជនសង្ស័យបានដាក់ ចេញពីមុខផ្ទះ ដើម្បីងាយស្រួលជិះម៉ូតូចូលផ្ទះ ដោយសារតែផ្ទះរបស់ក្មេងស្រីរងគ្រោះនៅជាប់គ្នាជាមួយនឹងផ្ទះជនសង្ស័យ ដែលជាហេតុធ្វើឲ្យជនសង្ស័យផ្ទុះកំហឹងក៍បានយកដែកបំពង់ទីបមកវាយទៅលើឪពុករបស់ក្មេងស្រីរងគ្រោះ តែបានប្រពន្ធឃាត់ចាប់យកដែកបំពង់ទីបនោះចេញ ។
តាមប្រភពព័ត៌មានបានបន្តថា បន្ទាប់មកជនសង្ស័យបានរត់ទៅយកដាវពីផ្ទះមកចង់រកកាប់ទៅលើឪពុករបស់ក្មេងស្រីរងគ្រោះទៀត តែត្រូវបានក្មេងស្រីរងគ្រោះចូលទៅចាប់ឃាត់ ក៏ត្រូវជនសង្ស័យកាប់ បណ្តាលឲ្យនាងរងរបួសចំក្បាលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទទួលបានបណ្តឹងពីជនរងគ្រោះនៅម៉ោង៥និង៥
នាទីល្ងាចថ្ងៃដដែល ក៏ចុះអន្តរាគមន៌ឃាត់ខ្លួនជនសង្ស័យខាងលើយកទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ