ខេត្តកំពង់ធំ ៖ ដោយសារអំណាចនៃភ្លើងតណ្ហាឆាបឆេះយ៉ាងសន្ធោសន្ធៅហើយនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានយកអំណាចរបស់ខ្លួនទៅប្រើប្រាស់ខុសនីតិវិធី ដោយបានប្រព្រឹត្តនូវអំពើអសីលធម៌តាមរយៈចាប់បង្ខំស្ទាបអង្អែលកេរ្តិ៍ខ្មាស់ទៅលើមន្ត្រីនគរបាលជានារីៗ ដែលជាកូនចៅរបស់ខ្លួនជាច្រើននាក់ ដើម្បីបំពេញចំណង់តណ្ហាដ៏ស្រែកឃ្លានរបស់ខ្លួន ។ គួរបញ្ជាក់ថា៖ សម្តេច ស ខេង ៖ ករណីនគរបាលនារីសុំជួយរកយុត្តិធម៌ពីលោកស្នងការនគរបាលខេត្តកំពង់ធំបៀតបៀកេរ្តិ៍ខ្មាស
ប្រភពព័ត៌មានដែលបែកធ្លាយពីមន្ត្រីនគរបាល ដែលត្រូវជាកូនចៅរបស់លោកស្នងការ សូមលាក់ឈ្មោះបានបង្ហើបនៅព្រឹកថ្ងៃទី១១ សីហា នេះថា លោកអ៊ុក កុសល អាងអំណាចជាមេចំពោះនារីៗនគរបាលជាកូនចៅវិញនោះ គឺលោកស្នងការរូបនេះស៊ីមិនរើសមុខនោះទេ មិនថាក្រមុំ, មេម៉ាយ ឬក៏មានប្តីនោះឡើយ ឲ្យតែលោកត្រូវការ គឺលោកប្រើល្បិចហៅឲ្យមកជួបនៅក្នុងបន្ទប់ស្នងការរបស់លោក រួចប្រើពាក្យលួងលោមយាមរយៈការផ្តល់ឋានន្តរស័ក្ត និងតួនាទីផង និងគំរាមកំហែងផង ។ បើអ្នកណាមិនព្រមជាមួយនឹងលោក កន្លងមកមាននារីៗជាច្រើននាក់ណាស់មកហើយ ដែលធ្លាក់ក្នុងរណ្តៅតណ្ហារបស់លោកស្នងការម្នាក់នេះ ។
នារីដែលរងគ្រោះមួយចំនួនដោយខ្លាចខ្មាស់គេ ខ្លាចបាត់បង់កិត្តិយស ខ្លាចបាត់បង់ការងារដែលខំតស៊ូយ៉ាងលំបាកទំរាំតែបានចូលបម្រើជាមន្ត្រីនគរបាលនេះ នឹងខ្លាចការគំរាមរបស់លោក អ៊ុក កុសល ពួកគាត់សុខចិត្តខាំមាត់សង្កត់ចិត្តលេបគ្រោះលេបថ្មទាំងឈឺចាប់លាក់ទុកក្នុងចិត្តមិនហ៊ានបញ្ចេញឲ្យអ្នកណាដឹងនោះឡើយ ។ ទន្ទឹមនឹងការឈឺចាប់ដែលទប់មិនបាននេះផងដែរ ក៏មានបងប្អូននារីៗជានគរបាលមួយចំនួនដែលអត់ទ្រាំនឹងការប្រមាថមើលងាយបំពារបំពានមកលើរាងកាយរបស់ពួកគាត់មិនបានពីសំណាក់លោកស្នងការនគរបាលម្នាក់នេះ ទើបពួកគាត់សុខចិត្តកាត់កេរ្តិ កាត់ខ្មាសដាច់ចិត្តសរសេរពាក្យបណ្តឹងប្តឹងលោកស្នងការខាងលើ ។
បើយោងតាមពាក្យបណ្តឹងរបស់មន្ត្រីនគរបាលនារី នៃស្នងកានគរបាលខេត្តកំពង់ធំ ចំនួន៤រូប បាននាំគ្នាផ្តិតមេដៃកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា៖ នាងខ្ញុំជាមន្ត្រីនគរបាលនារីនៃស្នងការដ្ឋាន ខេត្តកំពង់ធំ (នឹងជាជនរងគ្រោះ) សូមគោរពរាយការណ៍ និងសូមសម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ឱ្យពួកនាងខ្ញុំជាជនរងគ្រោះ ដោយសារការប្រព្រឹត្តអំពើពុំគប្បីមកលើនាងខ្ញុំជាស្ត្រីមានភាពទន់ខ្សោយ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនគបាលខេត្ត កំពង់ធំ ពាក្យបណ្តឹងនេះ បានសរសេរថា៖
នៅអំឡុងថ្ងៃឆ្នាំ ២០១៨-២០១៩ នេះពួកនាងខ្ញុំមួយចំនួនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅពួកនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថាគាត់ជាថ្នាក់ដឹកនាំ ពួកនាងខ្ញុំក៏បានទៅជួបគាត់ម្នាក់ម្តងៗ តាមការណាត់របស់លោកស្នងការ ខណៈនៅពេលដែលចូលដល់ក្នុងបន្ទប់តែពីរនាក់ លោកស្នងការក៏បានសួរនាំថា «ពាក់ស័ក្តិប៉ុន្មាន? ហើយ មុខតំណែងអ្វីដែរសព្វថ្ងៃ?
ហើយចង់បានមុខតំណែង ឬឡើងស័ក្តិអត់?បើចង់បានចាំបងជួយព្រោះបងជាស្នងការ ជាប្រធានអង្គភាពចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង ម្យ៉ាងទៀតបើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ» ពេលឮពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថាគាត់ ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេ ហើយនគរបាលពួកនាងខ្លះមានទាំងប្ដី មានទាំងកូនទៀតផង ។
ក្រៅពីប្រើពាក្យសម្ដីលួងលោម បុគ្គលនេះក៏បានចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើតដៃ ទោះបីពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯងក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ានតែប្រាប់គឺមានបញ្ហាហើយ បើទោះបីជាដឹងថាបុគ្គលនេះ តែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងខ្ញុំយ៉ាងណា ក៏កន្លងមកពួកនាងមិនហ៊ានប្រាប់គេឯងដែរ ។
ម្យ៉ាងទៀត ខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាច រឿងនេះដឹងដល់ប្ដី អាចប្រឈមនឹងការលែងលះគ្នាធ្វើឲ្យបែកបាក់គ្រួសារ ពេលខ្លះពួកនាងខ្ញុំត្រូវយកឯកសារទៅឆ្លងយោបល់គាត់ តែម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែវាជាភារកិច្ចមិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់ តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយផ្ទាល់ទើបគាត់យល់ព្រមក្រៅពីស្នាបអង្អែលសុដន់ ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បានបង្ខំឲ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចេញពីបន្ទប់របស់គាត់ ។
នគរបាលជានារីៗ ដែលចូលទៅជួបគាត់មួយចំនួនភាគច្រើនគឺជួប នឹងបញ្ហាឈឺចាប់បែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល មកលើពួកនាងមន្ត្រីនគរបាលនារីៗផងដែរ ហើយកន្លងមកពួកនាងៗ ក៏បានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌អ្វីនោះទេ ។
ផ្ទុយទៅវិញបុគ្គលនេះកាន់តែគាបសង្កត់មើលងាយ មើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះបន្ថែមទៀត ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម លុះមកដល់ពេលនេះពួកនាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើស ក្រៅពីគោរពស្នើសុំ សម្តេចក្រឡាហោម ដែលជាឪពុកម្តាយ ជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយ ហើយមានអំណាចគាបសង្កត់មកលើកូនចៅទន់ខ្សោយ ដូចពាក្យថា«ត្រីឆ្ការស៊ីកូនឯង» ។
ក្រៅពីនេះ លោក អ៊ុក កុសល បានដឹកនាំបង្កើតបក្សពួក ខ្សែស្រឡាយ ពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នង ការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ ក្នុងនោះពួកនាងជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះ និងសូមសម្តេច មេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួន ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឲ្យយកគំរូតាម ។ កាលពីពេលកន្លងមកថ្មីៗនេះ ឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានទទួលពិន័យម្តងរួចមកហើយ ដោយមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។
គួរំលឹកផងដែរថា ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ កោះសន្តិភាព បានទទួលព័ត៌មានបន្ថែមពីសំណាក់ក្នុងជួរលោកស្នងការរងៗមួយចំនួនប្រាប់ថា កាលពីជាង១០ឆ្នាំមុន នៅជំនាន់លោក ផាន់ សុផេង ធ្វើជាស្នងការនគរបាលខេត្តកំពង់ធំ ចំណែកលោក អ៊ុក កុសល ធ្វើជាស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ហើយលោក អ៊ុក កុសល ធ្លាប់ប្រាប់ថា លោកសុំផ្លាស់ចេញពីស្នងការរងខេត្តកំពង់ធំហើយ លោកមិនអាចទ្រាំរស់នៅធ្វើនៅទីនេះ បានទៀតនោះ ដោយសារតែមេកៀបសង្កត់ខ្លាំងពេក ។
ប្រភពដដែលបន្តថា ដោយសារហុងស៊ុយឡើង ស្រាប់តែរយៈពេលជា១០ឆ្នាំក្រោយមក លោក អ៊ុក កុសល មានភ័ព្វវាសនា ត្រូវបានតែងតាំងធ្វើជាស្នងការនគរបាលខេត្តកំពង់ធំ ឡើងវិញពេលណា លោកភ្លេចអស់ពាក្យសម្តីដែលនិយាយថា គេកៀបសង្កត់លោកកន្លងមក ផ្ទុយទៅវិញលោក អ៊ុក កុសល បានប្រព្រឹត្តអាក្រក់ជាងលោកស្នងការមុនៗគុណនឹង២០ដងលើសគេទៅទៀត ដោយលោកបានបង្កើតបក្សពួកនិយម ពុករលួយ ធ្វើការមិនទៅតាមឋានានុក្រម ប្រើតែបក្សពួករបស់ខ្លួន បិទផ្លូវស្នងការរងផ្សេងៗមួយចំនួន ធ្វើឲ្យបែកបាក់ផ្ទៃក្នុង ក្នុងជួរនគរបាលជាតិនៃស្នងការនគរបាលខេត្តកំពង់ធំទៀតផង ។
ជុំវិញករណីខាងលើនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសលបានទេ នៅព្រឹកថ្ងៃទី១១ សីហា នេះ ដោយសារតែទូរស័ព្ទរបស់លោកខលចូលជាច្រើនដង តែគ្មានអ្នកទទួល ។
ចែករំលែកព័តមាននេះ