ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៣០០​គ្រួសារ នឹង​ទៅ​សុំ​ជួប​សម្ដេច​ក្រឡាហោម ដាក់​ពាក្យ​ប្ដឹង​រឿង​ដីធ្លី

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដី​បឹង​បាយសី និង​បឹង​ថ្លុក​ត្រី​ក្រាញ់ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ទំហំ​ប្រមាណ ជា​៤០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ…

ខេត្តព្រៃវែង ៖ ដី​បឹង​បាយសី និង​បឹង​ថ្លុក​ត្រី​ក្រាញ់ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ទំហំ​ប្រមាណ ជា​៤០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ នៅ​ជុំវិញ​បឹង​នោះ តែងតែ​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ គឺ​ឃុំ​កំពង់​ពពិល ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង និង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង​។ បច្ចុប្បន្ន​ដី​បឹង​ទាំង​២​នេះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ដាក់​គ្រឿងចក្រ ចូល​ឈូស​ឆាយ ជីក​ប្រឡាយ​លើក​ទំនប់​ខ្វែងខ្វាត់​យក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន ក្រោម​លេស​ទិញ​ពី ប្រជាពលរដ្ឋ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លើស​ពី​នោះ គេ​បាន​ជីក​រំលោភ​យក​ទាំង​ដី ស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​បឹង​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី​កើត​ក្តៅក្រហាយ នាំ​គ្នា​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​ដោះស្រាយ តែ​ច្រើន​ថ្ងៃខែ​កន្លង​ទៅ មិនឃើញ​អាជ្ញាធរ​ស្រុក​ដោះស្រាយ សោះ ទើប​ពលរដ្ឋ​មាន​គម្រោង​លើកគ្នា​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ឲ្យ​ជួយ​ដោះស្រាយ​វិញ ដោយ​គ្រោង​លើកគ្នា​ឡើង​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ សីហា​នេះ​។

លោក មិន ឆាង ដែល​តំណាង​ឲ្យ​ពលរដ្ឋ ទាំង​៣០០​គ្រួសារ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ​មិនដឹង​ជា​របស់​លោក​ធំ​ណា​ទេ ប៉ុន្តែ​មាន​មេការ​ដ៏​មាន ឥទ្ធិពល​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រូក ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង និង​ជា​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ បាន​ដាក់​គ្រឿងចក្រ​ជីក​ព​ទ្ធ័ យក​ដី​បឹង​បាយសី ជិត​៤០០​ហិ​កតា និង​ដី​បឹង​ថ្លុក​ត្រី​ក្រាញ់​ជាង​១០​ហិ​កតា ស្ថិត​នៅ​ក្រោយ​ភូមិ​កំពង់​ប្រាំង ភូមិ​ព្រែក​តា​រ័​ត្ន និង​ភូមិ​ព្រែក​ជ្រូក ព្រមទាំង​លើក​ទំនប់​ព​ទ្ធ័​បិទ​ប្រឡាយ​មេទឹក​របស់​ប្រជាពលរដ្ឋ និង​ជីក​ផ្តាច់​ផ្លូវ​ដែល​ពលរដ្ឋ​ធ្លាប់​ឆ្លងកាត់ ចូល​ទៅ​ក្នុង​បឹង​ទាំង​២​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ដោយ​ទ្រាំ​នឹង​ការ​រំលោភ​បំពាន​នេះ​លែង​បាន ទើប​ពួក​គាត់​នាំ​គ្នា​ធ្វើ​លិខិត ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ដោយ​ស្នើ​សុំ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ចំនួន​៣​ចំណុច​គឺ​៖ ទី​-១ ស្នើ​សុំ​បង្កើត​គណៈកម្មការ​បើក​ការ​ស្រាវជ្រាវ​ចំពោះ​ដី​បឹង​បាយសី និង​ដី​បឹង​ថ្លុក​ត្រី​ក្រាញ់​ជា​បន្ទាន់​។ ទី​-២ ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​រឿង​ដី​ពលរដ្ឋ​ទាំងអស់ ដែល​ក្រុមហ៊ុន​រំលោភ​យក និង​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ​។ ទី​៣-​ស្នើ​សុំ​ឲ្យ​លើក​ផ្លូវ​ដែល​ក្រុមហ៊ុន​បាន​កាយ​ផ្តាច់​ឡើង​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ផ្លូវ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ធ្វើស្រែ និង​នេសាទ​នៅ​ក្នុង​បឹង​ទាំង​២​ដូច​ដើម​វិញ​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែង​ថា ដី​ទាំងនោះ​មិនមែន​ជា​ដី​បឹង​ទេ គឺជា​ដី​ពលរដ្ឋ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល ហើយ​បើ​ចង់​ច្បាស់​សួរ​ទៅ​លោក មេឃុំ​កំពង់​ពពិល និង​មេឃុំ​កំពង់​ប្រាំង​ទៅ​។ រីឯ​លោក សាត ហ៊ា​ង មេឃុំ​កំពង់​ប្រាំង បាន​និយាយ​ថា ដី​បឹង​ទាំងនោះ គេ​លក់​ទិញ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ដោយ​មាន​មន្ត្រី​ជំនាញ​ធនធានទឹក និង​សុរិយោដី ចុះ​ពិនិត្យ​ត្រឹមត្រូវ ហើយ​ពេល​នេះ​គេ​បាន​បង់ពន្ធ​ផ្ទេរ​កម្ម​សិទ្ធ​ស្របច្បាប់​អស់ហើយ​។

ចំណែក​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​នេះ​លោក​នឹង​ស្នើ​សុំ ទៅ​ប្រធាន​មន្ទីរ​កសិកម្ម ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល បើ​មានការ​ទិញ​លក់​ដី​បឹង​បាស​យី និង​បឹង​ថ្លុក​ត្រី​ក្រាញ់​មែន​នោះ​។ ដោយឡែក​លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា លោក​មិន​បានដឹង​ទេ រឿង​ទិញ​លក់​ដី​បឹង​បាយសី និង​បឹង​ថ្លុក​ត្រី​ក្រាញ់​អី​នោះ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ