ខេត្តសៀមរាប ៖ មន្ត្រីរដ្ឋបាលព្រៃឈើខណៈល្បាតនៅក្នុងព្រៃ បានឃាត់ខ្លួនមនុស្ស៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចឈូសឆាយរំលំដើមឈើធំៗរបស់រដ្ឋ ដើម្បីកាន់កាប់ដីធ្វើជាកម្មសិទ្ធិ និងបាននាំយកមកសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីកសាងសំណុំ
រឿងបញ្ជូនទៅសាលាដំបូង ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចអូរដា ក្នុងភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ។

បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអធិការដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាប នគរបាលប៉ុស្តិ៍ឃុំកន្ទួត ស្រុកស្វាយលើ និងកម្លាំងយោធាយោធភូមិភាគ៤ បានឃាត់ខ្លួនជន៩នាក់ដែលធ្វើសកម្មភាពឈូសឆាយរំលំដើមឈើធំៗ និងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រចំនួន៨គ្រឿង ឈូសឆាយដីព្រៃអស់ជាង៦ហិកតា ដែលជាព្រៃរបស់រដ្ឋ ។

លោកបន្តថា ករណីនេះកម្លាំងសមត្ថកិច្ចបាននាំយកគ្រឿងចក្រនិងម៉ូតូ១គ្រឿង មករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ ស្តីពីព្រៃឈើ បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ។ ចំណែកវត្ថុតាង រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបណ្តោះអាសន្ន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីឈូសឆាយដីព្រៃនេះ គឺអាចមានមេខ្លោងនៅពីក្រោយ
ខ្នងជនសង្ស័យខាងលើ ៕


ចែករំលែកព័តមាននេះ