ខេត្តសៀមរាប ៖ ប្រវត្តិ​សាវតារ និង​ប្រវត្តិ​ឈ្មោះខេត្ត​


ឯកសារ​រដ្ឋបាល​ខេត្ត​សរសេរ​ថា បណ្ឌិត​សភាចា​រ្យ​ស៊ន សំណាង ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​សិក្ខាសាលា​មួយ​ស្ដី​ពី​បេសកកម្ម​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ដោយ​បាន​លើក​ឡើង​តាម​ឯកសារ​ដែល​ឯកឧត្តម បាន​ស្រាវជ្រាវ​កន្លង​មក​ដោយ​សង្ខេប​ដូច​ខាង​ក្រោម៖

•​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩០៧ សៀម​ត្រូវ​ប្រគល់​ខេត្តសៀមរាប បាត់ដំបង មក​បារាំង​តាម​សន្តិ​សញ្ញា​បារាំង​សៀមរាប ។
•​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩០៧ បារាំង​ថ្វាយ​ខេត្តសៀមរាប មក​ក្សត្រ​ស៊ី​សុវត្ថិ ។
•​នៅ​ឆ្នាំ​១៩១៧ មាន​ខេត្តសៀមរាប និង​ខេត្ត​ជីក្រែង ដែល​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ។ ពេល​នោះ​បារាំង​រៀបចំ​ជនជាតិ​បារាំង ជា​ចៅហ្វាយខេត្ត ហើយ​ឲ្យ​ខ្មែរ ដែល​មាន​នាម​ស្មើ​ចៅហ្វាយខេត្ត​នោះ ដោយ​បារាំង ហៅ​យើង​ថា ជា​ចៅហ្វាយស្រុក​ខេត្ត​ជីក្រែង ចៅហ្វាយស្រុក​ខេត្តសៀមរាប ។​ល​។

•​នៅ​ឆ្នាំ​១៩២១ មាន​កំណែទម្រង់​ធំ​មួយ ដោយ​បង្កើត​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត ដែល​មាន​ថ្នាក់ ស្រុក ខ័​ណ្ឌ​ក្នុង​ខេត្ត ដោយ​ខេត្ត​មួយ​ចំនួន​ចេញ ដូច​ជា ខេត្ត​ជីក្រែង មក​ជា​ស្រុក​ជីក្រែង ។
•​នៅ​ឆ្នាំ​១៩២៥ បារាំង បាន​បង្កើត​កង​ក្រវែល​ឃុំ គឺជា​ប៉ូ​លី​សជន​បទ​នៅ​ឃុំ រួច​ក៏​មាន​បន្ត​មក​ជា បា​ត្រុយ បន្ទាប់​ពី​បា​ដេ​ស​បារាំង​ម្នាក់​ស្លាប់​ពេល​ទៅ​យកពន្ធ​នៅ​ក្រាំង​លាវ ។
•​នៅ​ឆ្នាំ​១៩៣៣ បារាំង បង្កើត​សុរិយោដី ដើម្បី​យកពន្ធ​ដី ។
•​នៅ​ឆ្នាំ​១៩៣៤ បាន​លុប​ខ័​ណ្ឌ​ចោល​វិញ ដោយសារ​គេ​បង្កើត​ខ័​ណ្ឌ ដើម្បី​ងាយស្រួល​ប្រមូល​ពន្ធ ហើយ​នៅ​ពេល គេ​គ្រប់គ្រង​ការ​យកពន្ធ​បាន​ល្អ​ហើយ ក៏​លុប​ថ្នាក់​ខ័​ណ្ឌ​ចោល​វិញ ។
•​នៅ​ឆ្នាំ​១៩០៣ បង្កើត​ក្រុមប្រឹក្សា ដោយ​បារាំង កាន់​អំណាច ហើយ​ឲ្យ​ខ្មែរ ចូល​ក្រុមប្រឹក្សា​ដើម្បី​ផ្តល់​ប្រឹក្សា ។

•​នៅ​ឆ្នាំ​១៩០៤ មាន​ខេត្ត​ចំនួន ១២​នៅ​កម្ពុជា ។
•​មាន​២​ក្រុម សរសេរ​ប្រវត្តិ​ខេត្ត មាន​ក្រុម​ទី​១ ចៅហ្វាយខេត្ត និង​មន្ត្រីខេត្ត និង​ក្រុម​ទី​២ ក្រុម​ស្រាវជ្រាវ​ឥណ្ឌូចិន​វិទ្យា នៅ​ឆ្នាំ​១៩០៣ ។
•​នៅ​ឆ្នាំ​១៩៦៤ បាន​បង្កើត​ខេត្តព្រះវិហារ ដោយ​កាត់​យក​ឃុំ​៣ របស់​ខេត្តសៀមរាប គឺ​ឃុំ​អន្លង់​វែង ឃុំ​ថ្កូវ និង​ឃុំ​កោះកែ ។

បើ​តាម​ឯកសារ​មួយ​ផ្សេង​ទៀត​សរសេរ​ថា ក្រោយ​ពី​ទ័ព​ខ្មែរ​របស់​ព្រះបាទ​ពញា​អង្គ​ច័​ន្ធ ឬ​ព្រះ​បរម​​រាជា​ធិ​រាជ បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​សៀម​ឈ្លានពាន​ជា​ស្ថាពរ នៅ​ព្រះរាជ​នគរ គឺ​អង្គរធំ ពោល​គឺ​បាន​វាយ​កម្ទេច​ទ័ព​សៀមរាប​ស្មើនឹង​ដី បានជា​ខ្មែរ​ដាក់​ឈ្មោះ​ថា ខេត្តសៀមរាប​។ ស្ថានការណ៍​បែប​នេះ​ធ្វើ​ឲ្យ​យើង​យល់​បាន​ថា ជាដើម​កំណើត​នៃ​ការ​តាំង​ឈ្មោះ ខេត្តសៀមរាប តាំងពី​រជ្ជកាល​របស់​ព្រះ​អង្គ​ច័ន្ទ​ទល់​នឹង​សព្វថ្ងៃ ទោះបីជា ព្រះរាជ​ពង្សាវតារ​ខ្មែរ ច្បាប់​ឧកញ៉ា​ព្រះ​ឃ្លាំង (​ន​ង​) មិន​បាន​និយាយ​ដោយ​ចំហ​ក៏​ដោយ ។

ទីតាំង​ទីក្រុង​សៀមរាប​បច្ចុប្បន្ន ក្នុង​ចំណោម​បណ្តារ​ខេត្ត ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​កម្ពុជា ។
បើសិនជា​យើង​បើក​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខាងលើ​មក​មើល យើង​ពិតជា​ស្លុតចិត្ត កងទ័ព​សៀម​ឈ្លានពាន បាន​រុករាន​ប្រទេស​កម្ពុជា​មិន​ឈប់​ឈរ​ជា​ច្រើន​លើក​ច្រើន​គ្រា ។ ពួក​គេ​ក្រោយ​ពី​ដណ្តើម​បាន​អាណាខេត្ត​ខ្មែរ​មួយ​ចំនួន ដែល​សព្វថ្ងៃ​បាន​ក្លាយទៅជា​ទឹកដី​ថៃ​រួច​ទៅ​ហើយ​នោះ ក៏​បាន​នាំ​សង្គ្រាម​ចូល​ទៅ​យ៉ាង​ជ្រៅ​ទៅ ចំ​កណ្តាល​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង គឺ​ទីក្រុង​មហានគរ​ដែល​សព្វថ្ងៃ​ស្ថិត​ក្នុង​ខេត្តសៀមរាប តែ​ពី​មុន​ហៅ​ថា ស្រុក​នគរវត្ត ដែល​ធ្លាប់​ជា​សមរភូមិ​ក្តៅ​ពី​មុន​មក ។ ក៏​ប៉ុន្តែ​លើក​នេះ​ពួក​គេ​ត្រូវ​បង្ខំចិត្ត​រត់​ត្រឡប់​ទៅ ក្រុង​អយុធ្យា​វិញ ក្រោយ​ពី​ត្រូវ​ចាញ់​សង្គ្រាម​នៅ​ចុល្លសករាជ ៩០២ ត្រូវ​និង​ឆ្នាំ ១៥៤១​នៃ​គ​.​ស ។

កាលបើ​ពិនិត្យ​ទំ័​រ​ប្រវត្តិសាស្ត្រ​ចាស់ ដែល​បាន​កើតឡើង​នៅ​លើ​ទឹកដី​បវរ ដែល​ជាទី​តាំង​នៃ​ព្រះ​រាជ​នគរ យើង​ដឹង​ថា ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ និង​ដើម​រាជ្យ​របស់ ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន រវាង​ឆ្នាំ​១២៩៦ សៀម​បាន​បើក​ការ​វាយលុក​មួយ​ដ៏​ធំ​សម្បើម នៅ ខេត្តសៀមរាប ក្នុង​បំណង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ស្រុក ឬ​នគរ​ចំណុះ​របស់​ខ្លួន ។ ហើយ​មហិច្ឆតា​នេះ ពួក​គេ​បាន​សម្រេច​ជា​ស្ថាពរ ព្រោះថា​អាណាខេត្ត​មួយ​ចំនួន ដែល​ស្ថិត​ក្នុង​ភូមិភាគ​កណ្តាល ដូច​ជា​ខេត្ត​សុខោទ័យ កំផែង​ផេ​ត (​កំពែង​ពេជ្រ​) និង​ខេត្ត​រណប​នៃ​ខេត្ត​ទាំងនោះ ព្រមទាំង​អាណាខេត្ត ដទៃ​ៗ​ឯទៀត ដែល​ស្ថិត​នៅ​ជ្រលង​នៃ​ដង​ទន្លេ​មេ​ណា​ម ដូច​ជា​ខេត្ត​អយុធ្យា សុ​ផា​ន់​បុរី ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​លើ​ខេត្ត​ទាំងឡាយ​នោះ ពួក​គេ​ក៏​បាន​ពង្រឹង​បណ្តាញ​អំណាច​របស់​ខ្លួន ។

សង្គ្រាម​ឈ្លានពាន​មួយ ដែល​គេ​ត្រូវ​កត់សម្គាល់ ដែល​បាន​កើត​ឡើងជា​លើក​ដំបូង​បង្អស់ នៅ​លើ​ទឹកដី​ខ្មែរ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​លំ​ពង្ស​រាជា នៅ​ឆ្នាំ​១៣៥២ ។ ចំពោះ​ចម្បាំង​នេះ​ច្បាប់​ពង្សាវតារ​បាន​បញ្ជាក់​ថា គឺ​ភាគី​ឈ្លានពាន​ថៃ​បាន​ទទួល​ជ័យជម្នះ​លើ​ទ័ព​ខ្មែរ ដោយ​ពួក​គេ​បាន​កាន់កាប់​ទីក្រុង​អង្គរធំ នៅ​ឆ្នាំ​១៤៣១ ។ មុន​នឹង​ដកថយ​ចេញ ពួក​គេ​បាន​កេណ្ឌ​ឈ្លើយ​សឹក​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ នាំ​ទៅ​កាន់​ប្រទេស​សៀម ។ ក្នុង​ឱកាស​នោះ​ដែរ ពួក​គេ​ក៏​បាន​លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ជាតិខ្មែរ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​១៤៣១ គឺជា​ឆ្នាំ​ដែល​កំណត់​នូវ​អោនភាព​ខ្មែរ ដែល​ប្រឈម​និង​ការ​វាតទី​និយម​របស់​សៀម ដែល​គ្មាន​ទី​បញ្ចប់ ។

ជា​ការណ៍​ពិត ភ្លើងសង្គ្រាម​ឈ្លានពាន​បាន​កន្លង​ផុត​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ក្តី ក៏​ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ក្នុង​ផ្នត់គំនិត​ខ្មែរ ។ បើ​តាម​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ គឺ​ក្នុង​រាជ្យ​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា (១៥១៦-១៥៥៥​នៃ​គ​.​ស​) ដែល​កងទ័ព​សៀម​មក​ឈ្លានពាន​ខ្មែរ ត្រូវ​បាន​បង្ក្រាប​រាបស្មើ​ទល់​និង​ដី នៅ​ត្រង់​ស្ទឹង​អង្គរ នៅ​ឆ្នាំ​១៥៤១ ដោយហេតុ​នេះ​ហើយ បានជា​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​គេ​ហៅ​តំបន់​នេះ​ជា «​តំបន់​សៀមរាប​» ដើម្បី​ទុកជា​ការ​ចង​ចាំ​រួម​របស់​ជាតិខ្មែរ អំពី​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ មុន​ទីតាំង​នេះ​បាន​ក្លាយទៅជា​ស្រុក ហើយ​បន្ទាប់​មក​ទៀត​ជា​ខេត្ត​នា​សម័យ​អាណាព្យាបាល​បារាំង ។ ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ស្តេច​អង្គ​នេះ​បាន​ឆ្លាក់​បង្ហើយ​នូវ​ចម្លាក់​មួយ​ចំនួន ដែល​ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ មិន​ទាន់​ឆ្លាក់​រួច ។

ទោះបីជា​បាន​ទទួល​បរាជ័យ​ដ៏​អាម៉ាស់មុខ​នេះ​ក្តី ទ័ព​សៀម​ក៏​នៅ​តែ​ទន្ទ្រាន​មាតុភូមិ​ខ្មែរ​មិន​ស្រាក​ស្រាន្ត​ឡើយ ហើយ​អំពើ​នេះ​ត្រូវ​បាន​បន្ត​រហូត​ដល់​សម័យ​លង្វែក ។ នៅ​ឆ្នាំ​១៥៩៤ ទីក្រុង​លង្វែក​​ត្រូវ​ដណ្តើម​បាន​ពី​ខ្មែរ​ដោយ​ស្តេច​សៀម ព្រះបាទ​នរិន្ទ​សួន ។ ចំពោះ​បរាជ័យ​នៃ​កងទ័ព​សៀម ដែល​ដឹកនាំ​ដោយ​ស្តេច​សៀម ដែល​បាន​យក​លែស​ថា ដោយសារ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​មិន​បាន​ប្រគល់​ដី​រី​ស​មួយ​ក្បាល បានជា​មក​វាយលុក​ទីក្រុង​អង្គរធំ ។

បើ​តាម​ប្រសាសន៍​របស់​លោក ហ្គ្រោ​រី​យេ ព្រះបាទ​អង្គ​ច័ន្ទ​រាជា គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដ៏​ខ្លាំង​ពូកែ​ជាងគេ​បំផុត​នា​សម័យ​ក្រោយ​អង្គរ ដោយហេតុ​ថា ស្តេច​អង្គ​នេះ​មិន​គ្រាន់តែ​បាន​ខិតខំ​ស្តារ​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទ្រង់​ថែម​ទាំង​មាន​ម​ហិ​ច្ឆិ​តា​វាយ​ដណ្តើម​យក​ខេត្ត​ខ្មែរ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ដូច​ជា​ខេត្ត​នគររាជ​សីមា ខេត្ត​បុរីរម្យ សុ​រិ​ន្ទ្រ ស៊ី​សាកេ​ត​ជាដើម ដែល​សៀម​បាន​ដណ្តើម​បាន​ពី​មុន​មក ។

យើង​មាន​ហេតុផល​ជា​ច្រើន ដើម្បី​បង្ហាញ​បញ្ជាក់​ថា ហេតុ​ដូច​ម្តេច​បានជា​ក្នុង​ព្រះរាជ​ពង្សាវតារ​ថៃ ដូច​ជា​ច្បាប់​របស់​អ្នក​អង្គ​ម្ចាស់​នព្វរ័ត្ន តែង​ឡើង​នៅ​ព​.​ស ២៤២០ ត្រូវ​និង​គ​.​ស ១៨៧៧ បាន​ប្រើ​ពាក្យ «​សៀម​រា​ដ្ឋ​» ជំនួស​ពាក្យ​សៀមរាប​ទៅ​វិញ ។ តាម​ពិត​ទៅ​ការ​ប្រើ​ពាក្យ​សៀម​រា​ដ្ឋ (​សៀម​​រ៉ាត​) ដើម្បី​ហៅ​ទីប្រជុំជន​មួយ ដែល​ពី​មុន​គឺជា​សមរភូមិ ឬ​លាន​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​រវាង​ខ្មែរ និង​សៀម ស្ថិត​ក្នុងស្រុក​នគរវត្ត គឺ​បណ្តាល​មក​ពី​អាជ្ញាធរ​ថៃ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ព្រះ​ចៅ​ថា​យ​ស្រះ មិន​ចង់​រំឭក​នូវ​បរាជ័យ​ដ៏​អាម៉ាស់មុខ​របស់​កងទ័ព​ឈ្លានពាន​សៀម​តែ​ប៉ុណ្ណោះ ទោះបីជា​សម័យ​នោះ​ទ្រង់​បាន​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ ។

យ៉ាងណាមិញ គឺ​ដោយសារ​តែ​ហេតុការណ៍​នេះ​ហើយ ទើប​ព្រះបាទ​ព្រះ​ចោម​ក្លាវ​ចៅ​យូ​ហួ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាមួយ​ឥ​ណ្ណា​ម ទ្រង់​ក៏​បាន​ប្រើ​ពាក្យ​ស្រុក ឬ​មឿ​ព្រះ​នគរវត្ត ជំនួស​ពាក្យ​ស្រុក ឬ​មឿង​សៀម​រ៉ាត ផង​ដែរ ។

គ្មាន​ឯកសារ​របស់​ថៃ​ណាមួយ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ពី​មឿង​ព្រះ​នគរវត្ត ទៅ​ជា​សៀមរាប​ទេ ហើយ​បើ​មាន​ក៏​អាច​ស្ថិត​ក្នុង​ដើម​សម័យ​រជ្ជកាល​ទី​៣ ដែល​ជា​សម័យ​បាងកក ដែល​គេ​ហៅ​ថា រតន​កោ​សិ​ន្ទ្រ ។ ក៏​ប៉ុន្តែ​ចំពោះ​ជនជាតិ​ខ្មែរ​វិញ ឈ្មោះ​សៀមរាប ពិតជា​ត្រូវ​បាន​ផ្តើម​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ច័ន្ទ យ៉ាង​ប្រាកដ​ឥត​ក្លែងក្លាយ ទោះជា​ទឡ្ហីករណ៍​​មាន​ខ្វះចន្លោះ​យ៉ាងណា​ក៏​ដោយ ។ ព្រោះថា​ការ​តាំង​ឈ្មោះ​សៀមរាប​នេះ មិនមែន​ជា​រឿង​ចៃដន្យ ឬ​ជំនឿ​លេងសើច ជា​ពិសេស​ក្នុង​សម័យកាល​មួយ​ដែល​ខ្មែរ និង​សៀម​នៅ​ច្បាំង​គ្នា​មិន​ឈប់​មិន​ឈរ​។ ដូច្នេះ ការ​ចង់​យល់​ឲ្យ​លំអិត​ពី​ប្រវត្តិ​ពិត​នៃ​ឈ្មោះ សៀមរាប តម្រូវ​ឲ្យ​យើង​ស្គាល់​ពី​បរិបទ​សង្គម នយោបាយ ហើយ​អំពើ​នេះ គឺជា​ការ​ចាំបាច់​បំផុត ។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ រៀបរៀង​ដោយ លោក​នួន សុ​ធិ​មន្ត អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ នៃ​គ្រឹ​ស្ដ​សករាជ ព្រះ​អង្គ​ច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លានពាន ឱ្យ​បរាជ័យ​នៅ​តំបន់​អង្គរ ។ ដូច្នេះ​ហើយ​បានជា​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូច​កន្ទេល ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ