រាជធានីភ្នំពេញ ៖ «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង » ។ «នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ» ។

យោងតាមប្រភពផេកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី ៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ ។

យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង» ។ នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង។ ក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមជួយខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ ៕


ចែករំលែកព័តមាននេះ