ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​វៀតណាម​កើនឡើង​​កូ​វី​ដ មន្ត្រី​កីឡា​​ថា កម្ពុជា​នៅ​តែ​បង្កើន​កម្លាំង​ចូល​រួម​​សុ​ី​ហ្គេ​ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​នេះ ស្ថាន​ភាព​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម មានការ​កើនឡើង​គួរ​ឱ្យ​បារម្ភ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​ប្រកាស​​ថា នឹង​ដំណើរការ​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​សុ​ី​អាគ្នេយ៍​មួយ​នេះ​ដដែល​តាម​គម្រោង​ដែល​បាន​គ្រោងទុក ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​នេះ ស្ថាន​ភាព​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម មានការ​កើនឡើង​គួរ​ឱ្យ​បារម្ភ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​ប្រកាស​​ថា នឹង​ដំណើរការ​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​សុ​ី​អាគ្នេយ៍​មួយ​នេះ​ដដែល​តាម​គម្រោង​ដែល​បាន​គ្រោងទុក ។ ជាមួយនឹង​ការ​មិន​ប្រកាស​រំសាយ ឬ​លើក​ពេល​បែប​នេះ​ហើយ ទើប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ កាត់ គ . ជ . ប . អ (CAMSOC) ដែល​ជា​អ្នក​ទទួលខុសត្រូវ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នោះ​ផង បាន​ប្រាប់​សហព័ន្ធ​កីឡា​ជាតិ​នានា​អំពី​ការ​ត្រៀមខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ដើម្បី​ចូលរួម​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នោះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មាន​ប្រសាសន៍​ថា ទោះជា​វៀតណាម​នៅ​មិន​ទាន់​អាច​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ និង​មិន​ទាន់​អាច​ធ្វើ​ឱ្យ​ជំងឺ​នេះ​បាត់​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ខ្លួន តែ​គណៈកម្មការ​ស៊ី​ហ្គេ​ម​នៅ​តែ​យក​ទីតាំង​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដដែល​ទេ ទើប​ជា​រឿង​ដែល​កីឡាករ​កីឡាការិនី​កម្ពុជា មិន​អាច​ប្រហែស ។ លោក​បាន​ទាំង​ប្រកាស​ថា កម្ពុជា​គឺ​ត្រូវ​តែ​បង្កើន​កម្លាំង​សម្រាប់​ព្រឹត្តិ​ការណ៍​មួយ​នេះ​ផង ដោយ​គ្រាន់តែ​ការ​ត្រៀម​ខ្លួន​នោះ ក៏​ត្រូវ​មានការ​ប្រយ័ត្នប្រយែង​ពី​កូ​វី​ដ​-១៩​ផង​ដែរ ដើម្បី​សុវត្ថិភាព និង​ដើម្បី​ដណ្ដើម​យក​មោទនភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង ។

លោក​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ដោយ​ស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយ​ក្តី​សង្ឃឹម​បំផុត​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ​ក៏​មិន​បាន​មើល​ស្រាល​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​ឆ្នាំ​ក្រោយ​ផង​ដែរ បើ​ទោះជា​មានការ​លើក​ឡើង​ថា បើ​ប្រទេស​វៀតណាម​នៅ​តែ​មានការ​កើនឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ គឺ​ស្ថានការណ៍​រៀបចំ​នឹង​អាច​ប្រែប្រួល ។

យ៉ាងណាមិញ​លោក​មានការ​ជឿជាក់​ថា ការ​រៀបចំ​នោះ​នឹង​មិន​មានការ​ប្រែប្រួល​នោះ​ទេ ខណៈ​ដែល​តំបន់​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​នៅ​វៀតណាម ក៏​មិនមែន​ជាទី​តាំង​រដ្ឋធានី​ដែល​វៀតណាម​ជ្រើស​ជាទី​តាំង​ស៊ី​ហ្គេ​ម​ដែរ​។

ដូច​គ្នា​នឹង​ការ​លើក​ឡើង លោក វ៉ា​ត់ ចំរើន ក៏​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោ​ង ខុន អនុ ប្រធាន​អចិន្ត្រៃយ៍ CAMSOC កាលពី​ពេល​ថ្មី​ៗ​ផង​ដែរ​ថា កម្ពុជា​ដាច់ខាត​ត្រូវ​តែ​ផ្តោត​លើ​២​ចំណុច​សំខាន់ គឺ ទី​១-​បាន​ផ្តល់​ព័ត៌មាន ជាក់លាក់​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា អំពី​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀត​ណាម និង ទី ២ គឺ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​រៀបចំ ក្រុម​ពិសេស​សម្រាប់​ប្រភេទ​កីឡា​នីមួយ​ៗ សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សហព័ន្ធ កីឡា​ជាតិ​ទាំងអស់ ត្រូវ​សម្រិតសម្រាំង​ក្រុម ពិសេស​របស់​ខ្លួន​ដើម្បី​បង្កើន​គុណភាព​កាន់តែ ខ្ពស់ ។

លោក​ថា ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម គឺជា​ហ្គេ​ម​យុទ្ធសាស្ត្រ នៃ​ការ​បញ្ជាក់​នូវ​លទ្ធភាព​ចំពោះ​ប្រភេទ​កីឡា របស់​កម្ពុជា​យើង ដែល​អាច​បន្ត​ចូល​ទៅ​ស៊ី​ហ្គេ​មលើក​​ទី​៣២ ឆ្នាំ​២០២៣ បាន​ឬ​មិន​បាន​នោះ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ពោល​គឺ​ផ្អែក​ទៅ​លើ​លទ្ធផល​បច្ចេក​ទេស នៃ​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នេះ​ហើយ ទើប​កម្ពុជា​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដូច្នេះ​ហើយ​ទើប​លោក​ចាត់​ទុក​ថា ស៊ី​ហ្គេ​ម​នៅ​វៀតណាម​សំខាន់ ទោះជា​មាន​អ្នក​ថា កុំ​ទាន់​ប្រឹង​រង់ចាំ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខ្លួនឯង ចាំ​បង្ហាញ​សាច់ដុំ ។

ចំពោះ​លក្ខណៈ ពិសេស​ក្នុង​ការ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣លោក​ថា កម្ពុជា​បាន​សហ​ការ​ជាមួយ​អ្នក​ឯកទេស​ក្រៅប្រទេស ដើម្បី​រៀបចំ​ជា​ក្រុម​ពិសេស សំដៅ​សម្រុក​ឆ្ពោះទៅ​គោល​ដៅ​ដ៏​ធំ​ចម្បង ដូច​ជា ការ​ត្រៀម​ឆ្ពោះទៅ​កាន់ការ​ប្រកួត អូ​ឡាំ​ពិ​ក​ហ្គេ​ម គឺ​ត្រូវ​ត្រៀម​៤​ឆ្នាំ ហើយ​កម្ពុជា ក្នុង​ការ​ត្រៀម​ស៊ី​ហ្គេ​ម​២០២៣ នេះ ក៏​ត្រៀមកម្លាំង​ពិសេស​ដូច​គ្នា ផង​ដែរ​។

លោក​បញ្ជាក់​ទៀត​ថា គោលដៅ​យុទ្ធសាស្ត្រ ចំនួន​៣​ចំណុច​សំខាន់​ៗ ត្រូវ​បាន​លោក អនុប្រធាន CAMSOC អះអាង​ថា ទី​១-សហព័ន្ធ​កីឡា​ជាតិ​មួយ​ត្រូវ​បង្កើត​គោលការណ៍ យន្តការ​ច្បាស់លាស់​មួយ ផ្តល់​ការ​គាំទ្រ​ដល់ ក្រុម​នេះ​មាន​ភាព​កក់ក្តៅ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ របស់​ខ្លួន ។ ទី​២-​អភិ​វឌ្ឍន៍​បច្ចេកទេស​ដល់​ក្រុម ពិសេស​នេះ​ឲ្យ​មានគុណ​ផល​កីឡា​កាន់តែ​ខ្ពស់ ។ ទី​៣-​ត្រូវ​ស្វែងរក​នូវ​មូលនិធិ​ដើម្បី​ទ្រទ្រង់ ឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​ក្រុម​ពិសេស​នេះ ដើម្បី​សម្រួច គោលដៅ​បាញ់​ឆ្ពោះ​ទៅ​ស៊ី​ហ្គេ​ម​២០២៣ ។ ជាមួយ​គ្នា​នោះ កីឡាករ​-​កីឡាការិនី​គ្រប់​សហព័ន្ធ​សំខាន់​ដែល​មាន​ឈ្មោះ​ទៅ​ប្រកួត​នៅ​វៀតណាម ក៏​សុទ្ធតែ​បង្កើន​សមត្ថភាព​ផង​ដែរ ក្រោយ​ពេល​មានការ​អនុញ្ញាត​ឱ្យ​ជួបជុំ​ហ្វឹកហាត់​ជា​ថ្មី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នេះ​បន្តិច លោក វ៉ា​ត់ ចំរើន ក៏​បាន​លើក​ឡើង​នូវ​ប្រសាសន៍​របស់ លោក​បណ្ឌិត ថោ​ង ខុន ដែល​បាន​បញ្ជាក់ ហើយ​បញ្ជាក់​ទៀត​ថា យើង​មិន​ដើរ​ថយ​ក្រោយ​ទេ យើង​ឆ្ពោះ​ទៅ​មុខជា​និច្ច ដោយ យើង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង អប់រំ យុវជន និង​កីឡា ព្រមទាំង​ជាមួយ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ។

គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ សេនា ទៀ បាញ់ បញ្ជាក់​ពី​ការ​ធ្វើ​ដំណើរ​រួម​គ្នា​ដោយ​ស្វាហាប់​និង​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​គឺ​ដំណើរ​ប្រកបដោយ​ក្តី​សង្ឃឹម​បំផុត​ឆ្ពោះទៅ​ជោគជ័យ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ត្រៀមខ្លួន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ