ខេត្តកំពង់ធំ ៖ បន្ទាប់ពីមានការពន្យល់ណែនាំស្តីពីផលប៉ះពាល់នៃការសម្លាប់សត្វឆ្កែ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកបរិភោគ និងការណែនាំឱ្យចេះស្រលាញ់សត្វចិញ្ចឹមរបស់ខ្លួន ពីសំណាក់បុគ្គលិករបស់អង្គការគាំពារសុខុមាលភាពសត្វពិភពលោក
( FOUR PAWS )រួចមក ម្ចាស់ទីតាំងសត្តឃាត់សត្វឆ្កែធំមួយកន្លែងនៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០២០នេះ បានភ្ញាក់រលឹកនិងបានសន្យាប្តេជ្ញាចិត្តថា ចាប់ពីពេលនេះតទៅ លោកឈប់រកស៊ីជួញដូរសាច់សត្វឆ្កែទៀតហើយ និងសម្រេចចិត្តរកមុខរបរថ្មី ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារវិញ ជំនួសមុខរបរសត្តឃាតឆ្កែ ។

អង្គការគាំពារសុខុមាលភាពសត្វពិភពលោកបន្ថែមថា នេះជាការបិទដោយជោគជ័យលើកទី២ បន្ទាប់ពីអង្គការ FOUR PAWS បានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប នៅក្នុងកំឡុងពេលបិទទីសត្តឃាតខាងលើនេះ អង្គការ FOUR PAWS បានជួយសង្គ្រោះសត្វឆ្កែចំនួន១៥ក្បាល និងបានដឹកពួកវា ទៅកាន់អង្គការសប្បុរសធម៌ជាដៃគូរនៅក្នុងស្រុករបស់ខ្លួន គឺអង្គការសង្គ្រោះសត្វកម្ពុជា ក្រោយពីបានធ្វើការព្យាបាលសត្វឆ្កែទាំងនោះភ្លាមៗរួចមក ។

ក្នុងនោះផងដែរ អង្គការ FOUR PAWS ក៏បានអំពាវនាវសូមឱ្យមានការហាមឃាត់ដាច់ខាត កុំឲ្យមានការជួញដូរសាច់ឆ្កែ និងឆ្មានៅទូទាំងប្រទេស ដោយសារតែបច្ចុប្បន្ននេះ មានការគំរាមកំហែងដល់សុខុមាលភាពសត្វ។ អ្នកស្រីបណ្ឌិត ខាធើរីន ប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជា នៅក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែ លោកស្រីក៏មានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងសត្វឃាតនេះត្រូវបានបិទ ដែលវាមិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែ ត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេ ហើយឆ្កែរាប់ម៉ឺនក្បាលទៀត នឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ ។

អ្នកស្រីបានបន្ថែមថា យើងអាចធ្វើការដោយជោគជ័យជាមួយម្ចាស់ទីតាំងដែលគាត់បានចូលរួម ប៉ុន្តែការងារនេះមិនបញ្ចប់ដោយការបិទនោះទេ ដោយប៉ុន្មានសប្តាហ៍ ទៅប៉ុន្មានខែខាងមុខនេះ គឺមានសារៈសំខាន់ក្នុងការផ្តល់ការព្យាបាលជាបន្តដល់សត្វឆ្កែដែលបានជួយសង្គ្រោះបន្ថែមពីលើសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលត្រូវជួយឱ្យពួកគេរួចផុតពីបទពិសោធន៍ដ៏ឈឺចាប់នេះ។

អ្នកស្រីបណ្ឌិត បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូងនៃអង្គការ FOUR PAWS បានជួបជាមួយម្ចាស់សត្តឃាតសត្វឆ្កែនៅខេត្តកំពង់ធំ ដែលពួកគាត់បានសម្តែងការសោកស្ដាយចំពោះការសម្លាប់សត្វឆ្កែ និងមានអារម្មណ៍ចង់ចាកចេញពីការជួញដូរនេះ ដោយមានការប្រកាសថ្មីៗអំពីការហាមឃាត់ការហូបសាច់ឆ្កែនៅខេត្តសៀមរាបរួចមក ដើម្បីជួយម្ចាស់សត្តឃាតឱ្យផ្លាស់ប្តូរចេញពីការធ្វើជួញដូរនេះ ។

អង្គការ FOUR PAWS ក៏បានសម្រួលដល់ជីវភាពរស់នៅរបស់ម្ចាស់សត្វឃាត តាមរយៈការសាងសង់ និងប្រតិបត្តិការហាងលក់គ្រឿងទេសតូចមួយដើម្បីធានាថាម្ចាស់សត្តឃាតអាចមានលទ្ធភាពផ្លាស់ប្តូរចេញពីការជួញដូរសាច់ឆ្កែបាន មិនតែប៉ុណ្ណោះ!នៅប្រទេសកម្ពុជាអង្គការ FOUR PAWS ក៏បានសហការជាមួយអង្គការមនុស្សធម៌ក្នុងស្រុកមួយគឺអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពសត្វនៅក្នុងប្រទេស បន្ថែមលើការចុះអនុស្សណៈយោគយល់ជាមួយមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលជាភ្នាក់ងាររដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ការធ្វើជួញដូរសាច់ឆ្កែផងដែរ។


ចែករំលែកព័តមាននេះ