សេវាកម្ម​ស្នាក់​នៅ​ខេត្ត​ចំនួន​៣ ត្រូវ​ភ្ញៀវ​កក់​អស់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ពី​បណ្ដា​ខេត្ត​នានា និង​ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ជា​ច្រើនបាន​ចាប់ផ្ដើម​កក់​សេវាកម្ម​ស្នាក់​នៅ​ខេត្តកំពត និង​កែប​បណ្ដើរ​ៗ​ហើយ ខណៈ​នៅ​ខេត្តមណ្ឌលគិរី​វិញ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​គឺ​ត្រូវ​បាន​កក់​អស់ហើយ សម្រាប់​ទេសចរ​ក្នុងស្រុក​ចេញ​ទៅ​កម្សាន្ត​នៅ​ឱកាស​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​ជិត​១០​ថ្ងៃ ដែល​រដ្ឋាភិបាល​សង​ជូន​វិញ​សម្រាប់​កា​រខក​ខានមិនបាន​ឈប់​សម្រាក់​កាលពី​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​កន្លង​មក​នោះ ។

អ្នក​នាង ចាន់​ធី​ បាន​ឲ្យ​ដឹង​ថា ​អ្នក​នាង ​និង​ក្រុម​គ្រួសារ​គ្រោង​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី តែ​ពេល​ទំនាក់ទំនង​ទៅ​កក់​បន្ទប់ ត្រូវ​បាន​គេ​ប្រាប់​ថា ​គេ​កក់​អស់ហើយ ក្រោយ​ពី​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​ទីតាំង​រី​សត ​និង​សណ្ឋាគារ​នោះ ។ «​ខាង​ភ្នាក់ងារ​ខាង​រី​សត ​និង​សណ្ឋាគារ​ដែល​ខ្ញុំ​បាន​ទាក់ទង​ទៅ ៤ ទៅ ៥ ទីតាំង​អះអាង​ថា ​ពុំ​មាន​បន្ទប់​ទំនេរ​ទេ ​ចាប់ពី​ថ្ងៃ​ទី​សៅរ៍​ទី ១៥ រហូត​ដល់​ថ្ងៃ​ទី ២៣ ព្រោះ​គេ​ប្រាប់​ថា ​ភ្ញៀវ​កក់​អស់ហើយ ដែល​ក្នុង​នោះ​ភ្ញៀវ​ខ្លះ​កក់ ៣ យប់ ៤ ថ្ងៃ ខ្លះ​កក់​ដល់​ទៅ​ពេញ​មួ​យស​ប្តា​ហ៍​ក៏​មាន ។ អ៊ីចឹង​ខ្ញុំ ​និង​ក្រុម​គ្រួសារ​ក៏​សម្រេច​ថា ​ទៅ​ខេត្តកំពត និង​កែប ហើយ​ហួស​ទៅ​លេង​ខេត្ត​ព្រះ​សីហ​នុប​ន្ត​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី ចាន់​ធី ដោយ​អ្នក​នាង​បន្ថែម​ថា ពេល​សាកសួរ​អ្នក​ស្គាល់​ៗ​គ្នា គឺ​គេ​បាន​ប្រាប់​ថា​កក់​ទីតាំង​ទៅ​លេង​មណ្ឌលគិរី ដែល​ល្បី​ថា ​មាន​ទេសភាព​ធម្មជាតិ​ស្អាត​នោះ​មិន​បាន​ទេ ។

បើ​តាម​លោក ​ងិ​ន ភារ​ម្យ ជំនួយការ​ផ្នែក​លក់​ និង​ការ​កក់​នៃ Try palace Resort & Spa ស្ថិត​ក្នុង​ខេត្ត​កែប ឯនេះ​វិញ​បានអោយ​ដឹង​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​ប្រមាណ​ជាង​១​អាទិត្យ​ខាង​មុខ​នេះ រី​សត​ដែល​លោក​កំពុងធ្វើការ​នេះឃើញ​ថា ​មានការ​កក់​ច្រើន​ពី​សំណាក់​ភ្ញៀវ ហើយ​ឆ្នាំ​នេះខុស​ពី​ឆ្នាំ​មុន​ដោយ​ឆ្នាំភ្ញៀវ​ដែល​កក់​ការ​ស្នាក់​នៅ​ភាគច្រើន ​គឺ​សុទ្ធតែ​ភ្ញៀវ​ខ្មែរ ដោយ​មាន​ភ្ញៀវ​បរទេស​តិចតួច​ប៉ុណ្ណោះ ។ លោក​បាន​បន្ត​ថា ចាប់ពី​ថ្ងៃ​ទី ១៧​ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា​ខាង​មុខ​នេះ បន្ទប់​ស្នាក់​នៅក្នុង​រី​សត​មានការ​កក់​ជិត​អស់ហើយ ហើយ​ភ្ញៀវ​ដែល​បាន​កក់​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ ។

លោក​បាន​បន្ថែម​ថា « បើ​ទោះបីជា​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​មាន​ភ្ញៀវ​កក់​ច្រើន​រហូត​ដល់​ជិត​អស់​បន្ទប់​ស្នាក់​នៅ​ក្ដី ក៏​តម្លៃ​សេវា​ស្នាក់​នៅ​របស់​រី​សត ​យើង​មិន​មានការ​ឡើងថ្លៃ​នោះ​ទេ គឺ​រក្សា​តម្លៃ​ដដែល ក៏​ប៉ុន្តែ សម្រាប់​ថ្ងៃ​ធម្មតា មិនមែន​ជា​ថ្ងៃ​បុណ្យ ​ឬ​ថ្ងៃ​ឈប់​សម្រាក​តម្លៃ​សេវាកម្ម​ស្នាក់​នៅ​ក្នុង​រី​សត​មានការ​បញ្ចុះតម្លៃ​មួយ​ចំនួន​សម្រាប់​ភ្ញៀវ » ។

លោក​បន្ថែម​ថា រី​សត​របស់​លោក​បាន​បិទ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ដោយសារ​តែ​កូ​វី​ដ​១៩ ពោល​គឺ​ចាប់ពី​ខែមីនា រហូត​ដល់​ចុងខែ​ឧសភា ទើប​បើក​ដំណើរការ​ឡើង​វិញ ហើយ​នៅ​ពេល​បើក​ដំណើរការ​ឡើង​វិញ​ក៏​ឃើញ​ថា​មាន​ភ្ញៀវ​ចូល​មក​ស្នាក់​នៅ​ជា​ហូរហែរ រហូត​មក​ដល់​បច្ចុប្បន្ន ។

បើ​តាម​លោក សោម ចិន្ដា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ក៏​បានអោយ​ដឹងផង​ដែរ​ថា ខាង​ថ្នាក់​ខេត្ត​បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​មក​ប្រជុំ​និង​ណែនាំ​អោយ​រក្សា​តម្លៃ​សេវាកម្ម​នៅ​ដដែល ទាំង​សេវាកម្ម​ម្ហូបអាហារ​និង​ស្នាក់​នៅ ក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ធ្វើ​យ៉ាងណា​មិន​អោយ​ភ្ញៀវ​មក​កម្សាន្ត​នៅ​ខេត្ត​កែប​ហើយ​ទៅ​វិញ​មាន​អារម្មណ៍​អាក់អន់ចិត្ត​ជាមួយនឹង​តម្លៃ​សេវាកម្ម​នៅ​ខេត្ត​មួយ​នេះ ។ លោក​បាន​បន្ត​ថា ដោយសារ​តែ​ខេត្ត​កែប​មាន​កន្លែង​ស្នាក់​នៅ​តិចតួច​នៅឡើយ ដូច្នេះ​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ អាច​ទៅ​សម្រាក​នៅ​ខេត្តកំពត​នៅ​ពេល​យប់​បាន ព្រោះ​កំពត​គេ​មានផ្ទះ​សំណាក់​និង​សណ្ឋាគារ​ច្រើន​ជាង​ខេត្ត​កែប ។

លោក​បាន​បន្ថែម​ថា ភ្ញៀវ មក លេង​ខេត្ត​កែប ភាគច្រើន​មក​ពី​ខេត្ត​ផ្សេង​ៗ ហើយ​បំណង មក​មើល​ទឹកសមុទ្រ​និង​លេង តាម​ឆ្នេរ ព្រោះថា បើ​ធៀប​នឹង ជាមួយនឹង​ខេត្តកំពត ឆ្នេរ ខេត្ត​កែប មាន​ប្រវែង វែង​ង​ជាង ហើយ​ភ្ញៀវ​ក៏​អាច​លេង ទឹកបានស្រួល​ផង​ដែរ ។ ​ក្រៅពីឆ្នេរ នៅ​ក្នុង​ទីរួមខេត្ត កែប​ក៏​មាន​កោះ​ចំនួន​ពីរ​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ

ដោយឡែក​បុគ្គលិក​ផ្នែក​កក់​នៃ​សណ្ឋាគារ Kampot Diamond Hotel ក៏​បាន​និយាយ​តាម​ទូរស័ព្ទ​អោយ​ដឹងផង​ដែរ​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ក្នុង​សណ្ឋាគារ​ក៏​មាន​ភ្ញៀវ​មក​កក់​បន្ទប់​ស្នាក់​នៅ​ជា​ហូរហែ​ដែរ តែ​មិន​ទាន់​ពេញ​នៅឡើយ ដោយសារ​តែ​កំពត​បច្ចុប្បន្ន​នេះ មាន​សណ្ឋាគារ​និង​ផ្ទះ​ច្រើន ដូច្នេះ​ហើយ​ភ្ញៀវ​មក​សម្រាក​ច្រើន​ក៏​នៅ​តែ​មាន​បន្ទប់​សម្រាប់​ទទួល​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា ខេត្តកំពត និង​ខេត្ត​កែប​ត្រូវ​ជាប់​ជា​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជាងគេ ក្នុង​ខែកក្កដា​កន្លង​ទៅ​នេះ​ដោយ​កំពត​ជាប់​លេខ​១ និង​ខេត្ត​កែប​ជា​លេខ​២ ដូច្នេះ​ខេត្ត​ទាំង​ពីរ​ក៏​កំពុង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជា​ច្រើន​ទៀត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ