សហរដ្ឋអាមេរិក ៖ កីឡាការិនីហែលទឹកម្ចាស់មេដាយមាសសញ្ជាតិអាមេរិកនាង Katie Ledecky បានបង្ហោះវីដេអូមួយ អំឡុងពេលហ្វឹកហាត់ ដែលបង្កឱ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។
កីឡាការិនីវ័យ ២៣ឆ្នាំរូបនេះ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Twitter ពីបច្ចេកទេសដ៏ល្អឥតខ្ចោះរបស់នាង។ នៅពេលនាងហែលនៅក្នុងអាងទឹកមានទំហំ ៥០ម៉ែត្រ ដោយមានទឹកដោះគោមួយកែវដាក់ពីលើក្បាល ហើយនាងបានរក្សាលំនឹងហែលបានយ៉ាងល្អ ដោយមិនអនុញ្ញាតឱ្យទឹកដោះគោក្រឡកចេញពីកែវសម្បីតែមួយតំណក់។
នាងបានសម្រេចយកវីដេអូនោះ សម្រាប់ធ្វើជាការប្រកួតប្រជែងមួយ (Challenge) ដោយបានដាក់ឈ្មោះវាថា Got Milk Challenge សម្រាប់អ្នកដែលចង់ប្រកួតប្រជែងវាជាការកម្សាន្ត អំឡុងពេលមានវិបត្តិកូវីដ១៩។
សូមជម្រាបជូនថា Katie Ledecky បានឈ្នះមេដាយមាសអូឡាំពិកចំនួន៥ គួរឱ្យភ្ញាក់ផ្អើលនិងមេដាយមាសការប្រកួតកម្រិតពិភពលោកចំនួន ១៥ផ្សេងទៀត ដែលជាចំនួនច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រសម្រាប់កីឡាហែលទឹកផ្នែកនារី៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ