បារាំង ៖ អ្នកវិទ្យាសាស្ត្រកំពូលៗរបស់ប្រទេសបារាំង បានណែនាំឱ្យប្រទេសនេះត្រៀមខ្លួនសម្រាប់រលកនៃកូវីដ១៩មួយទៀត ខណៈដែលពួកគេព្យាករណ៍ថា ការចាប់ផ្តើមដំណើរការឡើងវិញនៃការឆ្លងវីរុសក្នុងកម្រិតខ្ពស់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។
ក្រុមប្រឹក្សាវិទ្យាសាស្ត្របារាំងបាននិយាយនៅចុងខែកក្កដាថា ខ្លួនជឿជាក់ថា ស្ថានការណ៍មានភាពផុយស្រួយ ហើយវាអាចផ្លាស់ប្តូរទិសដៅនៅពេលណាមួយ កំឡុងពេលដែលមានភាពវឹកវរដូចទៅនឹងប្រទេសអេស្ប៉ាញ។ ប្រទេសនោះអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលដូចជាពាក់ម៉ាសជាដើម។
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា៖ «អនាគតនៃការរាតត្បាតនាពេលដ៏ខ្លី គឺស្ថិតនៅក្នុងដៃរបស់ប្រជាជន ហើយជាពិសេសតាមរយៈសមត្ថភាពរបស់ពួកគេក្នុងការគោរពរាល់វិធានការណ៍រក្សាគម្លាតសង្គម»។
ដើម្បីត្រៀមសម្រាប់រលកថ្មីនៃការរីករាលដាលនៅរដូវស្លឹកឈើជ្រុះ ក្រុមប្រឹក្សាបានគូសបញ្ជាក់ពីសារសំខាន់នៃពិធីសារមួយចំនួន ដូចជាវិធានការណ៍រក្សាគម្លាតសង្គម ការធ្វើតេស្ត ការរក្សាអ្នកដែលងាយរងគ្រោះដាក់មួយឡែក និងការពារមនុស្សចាស់ដែលនៅមណ្ឌលថែទាំជាដើម។
ក្រុមប្រឹក្សានេះ ក៏បានចង្អុលបង្ហាញពីសារសំខាន់នៃការស្វែងរកប្រភពឆ្លង និងបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវផ្សព្វផ្សាយកម្មវិធីតាមរកប្រភពឆ្លងឈ្មោះថា StopCovid ដែលបច្ចុប្បន្នត្រូវបានទាញយកទៅប្រើប្រាស់ដោយមនុស្សមួយចំនួនតូចប៉ុណ្ណោះ។
កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលបារាំងបានចេញផ្សាយទិន្នន័យចុងក្រោយបង្អស់ដែលបង្ហាញពីនិន្នាការជាមធ្យមនៃករណីវិជ្ជមានថ្មីជាង ១,០០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេល៦ថ្ងៃកន្លងមកនេះ ដែលបាននាំឱ្យមានការរីករាលដាលនៃជំងឺរាតត្បាតនេះឡើងវិញដល់ចំនួនដែលបានឃើញនៅចុងខែមេសា៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ