រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីជាជនជាតិចិនម្នាក់បានលោតពីលើអគារខុនដូរជាន់ទី១២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅចំណុច CONDO THE PENTHOUSE residence ផ្លូវសុធារស ស្ថិតក្នុងភូមិ៥ ក្រុម២៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បានឱ្យដឹងថា សពនារីរងគ្រោះខាងលើជាជនជាតិចិន អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់លេខ ១២០៨ ជាន់ទី១២ កន្លែងកើតហេតុខាងលើ ។
តាមប្រភពពីសន្តិសុខបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់កំពុងតែយាមនៅក្រោមខុនដូរ ស្រាប់តែប្រទះឃើញនារីរងគ្រោះបានធ្លាក់ពីលើខុនដូរមកដល់ក្រោមបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្តង ដោយមិនដឹងថា រអិលជើងធ្លាក់ចុះ ឬក៏ជាករណីអ្វីផ្សេងនោះទេ ហើយក៏មិនថាធ្លាក់ពីជាន់ទីប៉ុន្មានដែរ ។
ក្រោយពេលកើតហេតុ បានបន្តិចក្រោយមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញកោសល្យវិច័យ បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចហើយក៏យកខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ ចំណែកឯអ្នកមើលការខុសត្រូវបានបិទភ្លើង និងរារាំងអ្នកសារព័ត៌មានមិនឱ្យថតរូបនោះទេ ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទប់ជនរងគ្រោះស្នាក់នៅមានគ្នា៣នាក់ សុទ្ធតែជាស្រីៗទាំងអស់ ហើយនៅពេលដែលជនរងគ្រោះលោតចុះពីលើអគារខុនដូរនោះ គឺនៅតែម្នាក់ឯងនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើតេស្តទឹកនោម គឺរកឃើញថា ជនរងគ្រោះមានសារធាតុញៀននៅក្នុងខ្លួន ចំណែកចំពោះករណីផ្សេងៗទៀត សមត្ថកិច្ចកំពុងតែ ធ្វើការស្រាវជ្រាវបន្ថែមហើយ ។ ហើយចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិផងដែរ ៕
ចែករំលែកព័តមាននេះ