ខេត្តរតនគិរី ៖ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅផ្ទះសំណាក់ឆាយ វ៉ាង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៩ មករា ។ នៅក្នុងឧប្បត្តិហេតុនេះដោយសារម្ចាស់ផ្ទះដឹងទាន់ក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ។
ប៉ុន្តែយ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យស្ត្រីម្នាក់ដែលស្នាក់នៅបន្ទប់លេខ០៣២ ស្លាប់បាត់បង់ជីវិតនៅលើគ្រូពូក ។ ចំណែកបុរសម្នាក់ឈ្មោះកាល រិទ្ធី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិវាល ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរដឹកពងមាន់ ពងទា មកលក់នៅខេត្តរតនគិរី ដែលសម្រាកក្នុងបន្ទប់ជាមួយគ្នាបានរងរបួសហើយពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកស្ត្រីដែលស្លាប់ត្រូវបានប្រាប់ថា ឈ្មោះលីលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ទើបមកខេត្តរតនគិរីបាន៤ទៅ៥ថ្ងៃ បម្រើការងារនៅហាងខារ៉ាអូខេពន្លឺថ្មី ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។
បើតាមប្រភព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅពេលព្រឹកនេះគាត់ឃើញមានផ្សែងហុយនៅផ្នែកខាងក្រោយជាន់ទី២ក៏មានការភ្ញាក់ផ្អើលឆោឡោ ហើយទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿងមកជួយបាញ់ទឹកពន្លត់ ។ គាត់អះអាងថា អគ្គិភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី តែពុំមានខូចខាតទ្រព្យសម្បត្តិនោះទេ គ្រាន់តែមានស្នាមឆេះខ្លោចអស់ស័ង្កសីពីរបីសន្លឹកនិងជញ្ជាំងបន្ទប់រោលឡើងពណ៌ខ្មៅតែប៉ុណ្ណោះ ។
រីឯប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះអន្តរាគមន៍និយាយថា ករណីទុស្សេចរន្តអគ្គិសនីនេះផ្ដើមចេញពីបន្ទប់០៣២នេះតែម្ដង ដោយសមត្ថកិច្ចត្រួតពិនិត្យឃើញឆេះពិតាននិងកង្ហារខ្ទេច ។ សពស្ត្រីរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តភូមិថ្មី ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕
ចែករំលែកព័តមាននេះ