ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​ទទួល​ព័ត៌មាន និង​ទិន្នន័យ​ប្រជាពលរដ្ឋ​អំពី​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល​បាន​ប្រកាស​ដាក់​ប្រើប្រាស់ «​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ ១៩ នៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល​បាន​ប្រកាស​ដាក់​ប្រើប្រាស់ «​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ ១៩ នៅ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០២០​នេះ ។

លោក បណ្ឌិត ជាង សុ​ភ័​ក្រ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩​នេះ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ក្រប​ខណ្ឌ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ស្រប​តាម​ច្បាប់​ទូរគមនាគមន៍ និង​អនុក្រឹត្យ ស្តី​ពី​ការ​កំណត់​យន្តការ​សម្រាប់​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ និង​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ។

លោក​បណ្ឌិត​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​សហការ​ជាមួយ​ក្រុមការងារ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​, ក្រុមការងារ​នៃ​ក្រសួង​ទាំង​ពីរ និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​បាន​ប្រជុំ​ពិភាក្សា​ជា​បន្តបន្ទាប់​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​មាន​ភាព​ងាយស្រួល​និង​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ជា​លទ្ធផល ក្រុមការងារ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ រួចរាល់​ជា​ស្ថាពរ ព្រមទាំង​បាន​ធ្វើតេស្ត​សាកល្បង​ប្រើប្រាស់​អស់​ជា​ច្រើន​ខែ និង​ពិនិត្យ​ឃើញ​ថា ប្រព័ន្ធ​នេះ​មាន​ភាព​ងាយស្រួល​ប្រើ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ក្រុម​ជន​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ឡើង​នៅ​ពេលវេលា​មួយ​ដែល​ពិភពលោក​ប្រឈម​មុខ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ឯកឧត្តម សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ជួយ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ក្រសួងសុខាភិបាល​ដែល​ជា​សេនាធិការ​ជួរ​មុខ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ដោយ​មាន​ប្រសិទ្ធភាព ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ថា ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​ជា​ដៃគូរ​ដ៏​ជិត​ស្និត​ក្នុង​ការ​ជំរុញ និង​គាំទ្រ​ដល់​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ នេះ​ឡើង ។

ប្រព័ន្ធ​នេះ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន និង​តម្រូវការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រទះ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ នេះ​អាច​ទទួល​ការ​ហៅ​ចូល​និង​ឆ្លើយ​តប​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ (Interactive Voice Response, “IVR”) ដោយ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​មានមុខ​ងារ​សំខាន់​ៗ ៖១- ជួយ​បញ្ចៀស​ការ​កកស្ទះ​ដល់​ប្រព័ន្ធ​ឆ្លើយ​តប​សារ ១១៥ ដែល​មាន​ស្រាប់​,២- អាច​ទទួល​ការ​ហៅ​ចូល និង​ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្តិ និង​អាច​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩,៣- អាច​ផ្ញើ​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ទៅ​ប្រជាជន​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​តាមដាន​សុខភាព និង​៤ – អាច​ផ្តល់​ទិន្នន័យ​ចាំបាច់​មួយ​ចំនួន ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម​ជន​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ