ខេត្តបាត់ដំបង ៖ មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងលោកជំនួយការផ្ទាល់ម្នាក់របស់លោក ស្នងការរង ទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្ត ដែលដើរបង្ខំឲ្យម្ចាស់ទីតាំងល្បែង
ហ្គេមនានានៅក្រុងបាត់ដំបងបង់ប្រាក់សំណូកប្រចាំខែនោះ នឹងត្រូវកោះហៅឲ្យចូលបំភ្លឺនៅការិយាល័យបុគ្គលិក ក្នុងពេលដ៏ឆាប់ខាងមុខនេះ តាមបញ្ជារបស់ថ្នាក់លើ ។ នេះបើតាម លោក វ៉េ គឹមស៊ីម ប្រធានការិយាល័យនេះ ដែលបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរសព្ទនៅព្រឹកថ្ងៃទី៣០ កក្កដា ។ សូមរំលឹកថា៖ ជំនួយការលោកស្នងការរងម្នាក់កំពុងបង្កើតបទល្មើសពេញក្រុង

លោក វ៉េ គឹមស៊ីម បានប្រាប់កោះសន្តិភាពថា ពេលនេះ មន្ត្រីការិយាល័យរបស់លោកកំពុងធ្វើលិខិតអញ្ជើញឈ្មោះ នួន នុរក្ស ជាមន្ត្រីនគរបាលគ្មានតូនាទី គ្មានភារកិច្ច ឲ្យចូលមកបំភ្លឺ ជុំវិញដំណើររឿងដែលបានបែកធ្លាយថា មន្ត្រីរូបនេះ បានដើរបង្ខំទាប្រាក់ពីម្ចាស់ទីតាំង«ល្បែងហ្គេម»នានា ក្នុងក្រុងបាត់ដំបង។ ហើយនេះជាគោលការណ៍របស់ថ្នាក់លើ ដែលបានបញ្ជាឲ្យការិយាល័យរបស់លោកត្រូវចាត់វិធានការ តាមវិន័យផ្ទៃក្នុងរបស់អង្គភាព។

ប្រធានការិយាល័យបុគ្គលិករូបនេះបានបញ្ជាក់ថា មានមន្ត្រីមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនិងសំណុំរឿងនេះ ក៏ត្រូវបានអញ្ជើញឲ្យមកបំភ្លឺដែរ។ ប៉ុន្តែលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធផងដែរ ត្រូវថ្នាក់លើបញ្ជាឲ្យសរសេរលិខិតបំភ្លឺផ្ទាល់ខ្លួន ដាក់ចូលទៅការិយាល័យបុគ្គលិក ដោយមិនចាំបាច់ចូលបំភ្លឺផ្ទាល់មាត់ទេ ។ លោក វ៉េ គឹមស៊ីម បានបញ្ជាក់បន្ថែមថា លោកនឹងចាត់វិធានការតាមបទបញ្ជាផ្ទៃក្នុងនេះ តាមគោលការរបស់ថ្នាក់លើចាប់ពីពេលនេះតទៅ។
សូមរំលឹកថា កាលពីជាងមួយសប្ដាហ៍មុននេះ ប្រភពព័ត៌មាននានាបានទម្លាយនូវរឿងពុករលួយដ៏រសើបមួយ ដែលជាប់ពាក់ព័ន្ធនឹងលោក លឹម ពុទ្ធីឡា ស្នងការរងខេត្ត
ទទួលផែនព្រហ្មទណ្ឌ ក្រោយពីលោកស្នងការរងរូបនេះ ទើបផ្ទេរចេញពីអង្គភាពកងរាជអាវុធហត្ថ មកកាន់ការជាស្នងការរង បានរយៈពេលប្រហែល២ខែកន្លងទៅនេះ។ នៅក្នុងសំណុំរឿងនេះ បុគ្គលម្នាក់ ឈ្មោះ នួន នុរក្ស ហៅ រាក់ ដែលលោកស្នងការរងរូបនេះ អះអាងថា ជាជំនួយការផ្ទាល់របស់លោកផង បានដើររុកគួនតាមទីតាំងល្បែងហ្គេមខុសច្បាប់នានា ដើម្បីបង្ខំឲ្យម្ចាស់ទីតាំងបង់ប្រាក់សំណូកប្រចាំខែដល់ខ្លួន។
កោះសន្តិភាពបានទទូលព័ត៏មាននេះជាបន្តបន្ទាប់ពីប្រភពនានា ដែលមិនសប្បាយចិត្តនូវទង្វើដ៏ក្រអើតក្រទមរបស់ឈ្មោះ រាក់ នេះ តាមរយៈការសំឡុត គំរាមកំហែង ដល់ម្ចាស់ទីតាំងល្បែងហ្គេម បង្ខំឲ្យបង់ប្រាក់សំណូកប្រចាំខែ ទៅតាមការទាមទារបស់ខ្លួន ដែលអះអាងថា យកទៅប្រគល់ឲ្យមេ..។ មិនតែប៉ុណ្ណោះ កោះសន្តិភាពថែមទាំងទទួលបាននូវរូបភាពរបស់បុគ្គលនោះ ដែលប្រភពបានផ្ដល់ឲ្យស្ទើរគ្រប់សកម្មភាព ដែលឈ្មោះ រាក់ នេះ ដើរចូលអុកឡុតតាមទីតាំងល្បែងហ្គេមនានាទៀតផង។ ម្ចាស់ទីតាំងខ្លះ បាននិយាយថា ដំបូងឈ្មោះ រាក់ បានបង្ខំឲ្យម្ចាស់ទីតាំងបង់ប្រាក់ប្រចាំខែចំនួន៣០០ដុល្លារ ក្នុងទីតាំងមួយកន្លែង តែក្រោយមក ចុះមកនៅត្រឹម១០០ដុល្លារក្នុង១ខែ ដោយសារការចរចាតឹងតែងពេក។

ពេលដើរចរចានោះ ឈ្មោះ រាក់ នេះ បានអួតប្រាប់ម្ចាស់ទីតាំងហ្គេមថា ខ្លួនជាមន្ត្រីនគរបាលនៅការិយាល័យកំរិតធ្ងន់។ ប៉ុន្តែត្រូវបានប្រធានការិយាល័យនេះ គឺ លោក អូន ហ្វៃ ប្រកាស់បដិសេធភ្លាមៗ ក្រោយពីរឿងនេះបានផ្ទុះឡើង។ លោកបានបញ្ជាក់ប្រាប់ថា ការិយាល័យរបស់លោកគ្មានប្រវត្តិមានមន្ត្រីណាម្នាក់ ដើរទារប្រាក់ពីតាមទីតាំងល្បែងបែបនេះទេ ហើយការិយាល័យរបស់លោក ក៏គ្មានឈ្មោះ នួន នុរក្ស ហៅ រាក់ នេះ ធ្វើមន្ត្រីនៅការិយាល័យលោកដែរ។ ប៉ុន្តែផ្ទុយពីការបដិសេធរបស់លោកអូន ហ្វៃ នាយការិយាល័យព្រហ្មកំរិតធ្ងន់ លោក លឹម ពុទ្ធីឡា ស្នងការរងខេត្ត ដែលទើបផ្ទេរមកពីអង្គភាពកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់កោះសន្តិភាពថា ឈ្មោះ នួន នុរក្ស ហៅ រាក់ ទើបផ្ទេរចេញពីអង្គភាពកងរាជអាវុធហត្ថ មកធ្វើជាមន្ត្រីនគរបាលជាតិ នៅស្នងការខេត្តបាត់ដំបង ជាមួយលោកដែរ ។
លោកស្នងការរងរូបនេះ បានប្រាប់ទៀតថា នួន នុរក្ស ត្រូវបានក្រសួងមហាផ្ទៃបញ្ចូលក្រមខណ្ឌនគរបាលជាតិត្រឹមត្រូវ ឲ្យមកនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត តែដោយសារមិនទាន់មានតួនាទី និង ភារកិច្ច ទើបស្នងការមិនទាន់ប្រកាសជាផ្លូវការ។ ប៉ុន្តែបច្ចុប្បន្ន លោកបានយកមន្ត្រីឈ្មោះ នួន នុរក្ស នេះមកធ្វើជាជំនួយការផ្ទាល់របស់លោក ដើម្បីជួយបើករថយន្តផង និង ជួយធ្វើការងារផ្សេងៗផង។
ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿង ឈ្មោះ នួន នុរក្ស ហៅ រាក់ ដើរចរចាទារសំណូកពីម្ចាស់ទីតាំងល្បែងវិញ លោកស្នងការរងរូបនេះ បានបដិសេធថា លោកមិនបានឲ្យលោកនួន នុរក្ស ដើរទារលុយពីតាមទីតាំងល្បែងខាងលើទេ លោកគ្រាន់តែបញ្ជាឲ្យលោកជំនួយការផ្ទាល់រូបនេះ ចុះស្រង់របាយការណ៍ទីតាំងល្បែងល្មើសច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងលោក នួន នុរក្ស ហៅរាក់ នេះដែរ បើតាមការបំភ្លឺពីលោក វ៉េ គឹមស៊ីម បានប្រាប់កោះសន្តិភាពថា ឈ្មោះ នួន នុរក្ស នេះ ពិតជាបានផ្ទេរប្តូរចេញពីអង្គភាពកងរាជអាវុធហត្ថ មកនៅអង្គភាពស្នងការខេត្តបាត់ដំបងមែន ដែលលោកទើបទទូលបានឯកសារបញ្ចូលក្របខណ្ឌនគរបាលជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ តែឈ្មោះនេះ មិនទាន់មានតួនាទី ឬ ភារកិច្ចអ្វី នៅស្នងការខេត្ត នៅឡើយទេ។ នៅពេលសួរថា ឈ្មោះ នួន នុរក្ស ទើបផ្ទេរពីអង្គភាពកងរាជអាវុធហត្ថ មកនៅស្នងការខេត្ត គ្មានតួនាទី គ្មានភារកិច្ចទេ តែលោក លឹម ពុទ្ធីឡា ស្នងការរងខេត្ត បានអះអាងថា គាត់បានយកឈ្មោះ នួន នុរក្ស នេះ មកជួយបើករថយន្តផង និង ធ្វើជាជំនួយការផ្ទាល់របស់គាត់ផង តើចាត់ទុកជាការត្រឹមត្រូវតាមច្បាប់ទេ ?

លោក វ៉េ គឹមស៊ីម បានបំភ្លឺថា « បើផ្អែកលើច្បាប់ ឬបទបញ្ជាផ្ទៃក្នុងអង្គភាព មិនត្រឹមត្រូវទេ ព្រោះផ្លូវច្បាប់តម្រូវឲ្យមានសេចក្ដីប្រកាសពីថ្នាក់លើត្រិមត្រូវ.. តែនេះជារឿងផ្ទៃក្នុងរវាងលោកស្នងការរងជាមួយនិងជំនួយការក្រៅផ្លូវការរបស់គាត់តែប៉ុណ្ណោះ.. មិនស្របច្បាប់ទេ»។ បើតាមមន្ត្រីក្នុងស្នងការខេត្ត បានខ្សឹបខ្សៀវគ្នាថា លោក លឹម ពុទ្ធីឡា និង លោក នួន នុរក្ស ហៅ រាក់ នេះធ្លាប់ធ្វើជាមន្ត្រីកងរាជអាវុធហត្ថជាមួយគ្នា ហើយក្រោយមក លោក លឹម ពុទ្ធីឡា បានផ្ទេរចេញពីអង្គភាពដើម មកធ្វើស្នងការរងទទូលផែនព្រហ្មទណ្ឌ ខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី ដែលត្រូវព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៏នៅដំណាច់ខែសីហាខាងមុខនេះ តែត្រូវលោក លឹមពុទ្ធិឡា ចូលកាន់តំណែងមុនពេលកំណត់។ ប៉ុន្តែក្រោយពីប្រកាស់ចូលកាន់តំណែងនេះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែលេចឮថា លោកស្នងការរងរូបនេះ កំពុងរត់ការអូសសណ្ដោងឈ្មោះ នួន នុរក្ស នេះចេញពីកងរាជអាវុធហត្ថ ឲ្យមកនៅស្នងការខេត្ត ជាមួយខ្លួនដែរ ដើម្បីជួយរុករកសេដ្ឋកិច្ចឲ្យខ្លួន។
ដំបូងគេឃើញ ឈ្មោះ រាក់ នេះបង្ហាញមុខនៅក្នុងស្នងការខេត្ត តាមរយៈបើករថយន្តឲ្យលោកស្នងការរង លុះក្រោយមកស្រាប់តែបែកធ្លាយទាំងព័ត៏មាន ទាំងរូបភាពរបស់ឈ្មោះ នួន នុរក្ស ហៅ រាក់ នេះដើររុករានតាមទីតាំងល្បែងហ្គេមខុសច្បាប់ ដើម្បីទាមទាឲ្យម្ចាស់ទីតាំងបង់ប្រាក់សំណែនប្រចាំខែជួនមេរបស់ខ្លួនមែន។ បន្ទាប់ពីបែកធ្លាយនូវរឿងអាស្រូវ ប៉ុន្មានថ្ងៃកន្លងទៅនេះ សកម្មភាពរបស់លោកជំនួយការរូបនេះហាក់សម្ងំស្ងៀមឈឹង។ ប៉ុន្តែប្រភពបានខ្សិបប្រាប់ថា ពេលនេះលោកជំនួយការផ្ទាល់ ដែលលើកបន្តុបដោយលោក លឹម ពុទ្ធីឡា ស្នងការរងនោះ កំពុងសម្ងំស្ងៀមសិន។
ព្រោះថ្នាក់លើកំពុងមានប្រតិកម្មខ្លាំង តែលោកជំនួយការរូបនេះ បានបង្វែការងារល្មើសច្បាប់នេះឲ្យទៅសេនាធិការផ្ទាល់ម្នាក់ទៀត ជាអ្នកជួបចចារជាមួយម្ចាស់ទីតាំងល្បែងស្ងាត់ៗ ហើយសេនាធិការម្នាក់នោះ ក៏ជាមន្ត្រីនគរបាលដូចគ្នាដែរ។ មហាជន និង មន្ត្រីនានា កំពុងរងចាំមើលថា តើសំណុំរឿងប្រព្រិត្តអំពើពុករលួយដែលពាក់ព័ន្ធនឹងមន្ត្រីស្នងការខេត្តនេះ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ នឹង ចាត់វិធានការបែបណា ទៅលើមន្ត្រីបំពានច្បាប់ទាំងនោះ ឬ ត្រូវអោបក្រសោបបន្ត ?
ចែករំលែកព័តមាននេះ