ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលអ្នកបាត់ដំបង និងមន្ត្រីភាគច្រើនមិនធ្លាប់ស្គាល់មុខ និងប្រវត្តិច្បាស់លាស់ ពេលនេះ ជននេះបាននិងកំពុងដើរគាបសង្កត់ បង្ខំឲ្យម្ចាស់ទីតាំងល្បែងហ្គេមនានា ដែលជ្រកក្រោមស្លាកអ៊ីនធើរណេតនៅក្នុងក្រុងបាត់ដំបង រួមទាំងទីតាំងល្បែងកន្ទុយលេខមួយចំនួនផង បង់ប្រាក់សំណូកប្រចាំខែឲ្យខ្លួន ដែលជននេះ អួតអាងប្រាប់គេឯងថា «ខ្លួនជាមន្ត្រីនគរបាលនៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង ជាជំនួយការលោក លឹម ពុទ្ធីឡា ស្នងការរងខេត្តបាត់ដំបង។

គេមិនបានស្គាល់ឈ្មោះបុរសនោះពិតប្រាកដទេ គ្រាន់តែគេស្គាល់ត្រឹមឈ្មោះ វីរៈ ។ មន្ត្រីនានា ដែលទើបស្គាល់បុរសនេះព្រាលៗ បានបង្ហើបប្រាប់កោះសន្តិភាពថា គេឃើញឈ្មោះ វីរៈ នេះ បើករថយន្តឲ្យលោកលឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌនៃស្នងការខេត្ត ។ ប៉ុន្តែមានគេអះអាងថា ឈ្មោះ វីរៈ នេះ ជាមន្ត្រីកងរាជអាវុធហត្ថ ដែលត្រៀមផ្ទេរឈ្មោះមក ធ្វើជាមន្ត្រីនគរបាល នៅស្នងការខេត្ត តាមរយៈលោក លឹម ពុទ្ធីឡា ដែលធ្លាប់មានប្រវត្តិ ជាមន្ត្រីកងរាជអាវុធហត្ថជាមួយគ្នា។
ប្រភពបានប្រាប់ថា ជាងមួយខែចុងក្រោយនេះ គេតែងឃើញវត្តមានឈ្មោះ វីរៈ នេះ បើករថយន្តឲ្យលោក លឹម ពុទ្ធីឡា ចេញចូលស្នងការខេត្ត និង ពេលខ្លះ ចេះចាត់ចែងការងារជំនួសលោកស្នងការរងរូបនេះផង ។ ពាក្យចចាមអារ៉ាមនានា បានលេចឮពាសពេញស្នងការខេត្ត ដែលខ្សឹបតៗគ្នាថា លោក លឹម ពុទ្ធីឡា បានសណ្ដោងឈ្មោះ វីរៈ នេះមកនៅក្បែរ ដើម្បីបើកឡានឲ្យលោកផង និង ជាអ្នកជួយដើរចំណូលរកសេដ្ឋកិច្ចពីបទល្មើសឲ្យលោកផង។

បើពិនិត្យលើសកម្មភាពជាក់ស្ដែងរបស់ឈ្មោះ វីរៈ នេះ និងស្ដាប់តាមពាក្យចចាមអារ៉ាមនានា ហាក់ដូចជាសមរម្យដែរ ។ ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញឈ្មោះ វីរៈ នេះបានបង្កព្យុះភ្លៀងយ៉ាងខ្លាំង ពាក់ព័ន្ធនឹងសកម្មភាពដើរប្រព្រឹត្តបទល្មើស លើបទល្មើស។ បើតាមប្រភពពីពលរដ្ឋមួយចំនួនបាននិយាយថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ឈ្មោះ វីរៈ បានជិះម៉ូតូចូលតាមទីតាំងល្បែងហ្គេមនានា ដែលជ្រកក្រោមស្លាក «អ៊ីនធើរណេត» នៅក្នុងក្រុងបាត់ដំបង ដើម្បីបង្ខំឲ្យម្ចាស់ទីតាំងបង់ប្រាក់សំណូកប្រចាំខែ ។ បុរសនេះបានអួតប្រាប់ម្ចាស់បទល្មើសនានាថា ខ្លួនជា «មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់»។ មិនតែប៉ុណ្ណោះ ជននេះបានប្រើពាក្យគំរាម និងសំឡុត បង្ខំទាមទារឲ្យម្ចាស់ទីតាំងបង់ប្រាក់សំណូកប្រចាំខែជូនមេរបស់ខ្លួន ក្នុង១ខែចំនួន១០០ដុល្លារ សម្រាប់ទីតាំងល្បែងហ្គេមមួយកន្លែង។
ជុំវិញការអះអាងរបស់ឈ្មោះ វីរៈ នេះ ដែលថា ខ្លួនជាមន្ត្រីការិយាល័យកំរិតធ្ងន់ ប្រធានការិយាល័យនេះ លោក អូន ហ្វៃ បានបញ្ជាក់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៣ កក្កដាថា « ប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំក៏ទទួលបានព័ត៌មាននេះដែរ ដែលថា មានមន្ត្រីការិយាល័យកំរិតធ្ងន់ ដើរយកលុយនៅតាមទីតាំងហ្គេម តែខ្ញុំមិនទាន់ដឹងថា មន្ត្រីមួយណាទេ តែពេលនេះ ខ្ញុំកំពុងធ្វើការស្រាវជ្រាវរកមុខជននោះហើយ» ។ លោកអូន ហ្វៃ បានបន្ថែមថា រាប់សិបឆ្នាំហើយ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ គ្មានប្រវត្តិ មានមន្ត្រីដើរយកលុយតាមទីតាំងល្បែងទេ ហើយលោកក៏គ្មានផែនការឲ្យមន្ត្រីរូបណាប្រព្រឹត្តបែបនេះដែរ។

កោះសន្តិភាព មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីបុរសឈ្មោះ វីរៈ នោះ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៣ កក្កដា នេះ។ ដោយឡែក លោក លឹម ពុទ្ធីឡា ស្នងការរងខេត្តបានបដិសេធ ចំពោះការចោទប្រកាន់ទៅលើឈ្មោះ វីរៈ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ហើយភ្ជាប់ទៅជារូបមួយលោក។ ប៉ុន្តែលោកស្នងការរងរូបនេះ បាន
ទទួលស្គាល់ថា «ឈ្មោះ វីរៈ នេះ ពិតជាតៃកុងឡានរបស់លោក ហើយក៏ជាជំនួយការរបស់លោកដែរ»។ លោក លឹម ពុទ្ធីឡា បានអះអាង ប្រាប់កោះសន្តិភាពថា ឈ្មោះ វីរៈ ត្រូវបានផ្លាសចេញពីអង្គភាពកងរាជអាវុធហត្ថ មកជាមន្ត្រីនគរបាល នៅស្នងការខេត្តបាត់ដំបង ជាមួយរូបលោកហើយ ដោយមានចំណារត្រឹមត្រូវពីក្រសួងមហាផ្ទៃទៀតផង។
លោកបានពន្យល់ថា ឈ្មោះ វីរៈ ត្រូវបានបញ្ចូលឈ្មោះនៅការិយាល័យព្រហ្មកំរិតស្រាល នៃស្នងការខេត្ត តែដោយសារតែមិនទាន់មានតួនាទីអ្វីច្បាស់លាស់ ទើបស្នងការខេត្ត មិនទាន់ប្រកាសជាផ្លូវការ ។ បច្ចុប្បន្ន លោកបានឲ្យឈ្មោះ វីរៈ ធ្វើជាជំនួយការរបស់លោកជាបណ្ដោះអាសន្ន ។ នៅពេលសួរបញ្ជាក់ថា មានការនិយាយតៗគ្នាថាឈ្មោះ វីរៈ នេះ នៅជាមន្ត្រីកងរាជអាវុធនៅឡើយ តែត្រូវលោកនាំមកនៅជាមួយ ដើម្បីជួយរកសេដ្ឋកិច្ចឲ្យលោក តើរឿងនេះពិតឬទេ ?

លោក លឹម ពុទ្ធីឡា ហាក់រារែកបន្តិចក្នុងការផ្ដល់ចម្លើយ តែលោកបានបញ្ជាក់ថា « វីរៈ មានឈ្មោះក្នុងក្របខណ្ឌប៉ូលិសហើយ តែមិនទាន់ប្រកាស់។ ចំពោះរឿងដើររកសេដ្ឋកិច្ចឲ្យខ្ញុំ មិនមែនទេ ។ គាត់គ្រាន់តែដើរស្រង់ចំនួនទីតាំងបទល្មើស ដើម្បីងាយគ្រប់គ្រង់ តែខ្ញុំមិនបានឲ្យដើរទារប្រាក់ប្រចាំខែអីទេ ប៉ុន្តែខ្ញុំនឹងសួរនាំអំពីរឿងនេះ»។
កោះសន្តិភាព បានទទូលព័ត៏មានជាច្រើនពាក់ព័ន្ធនឹងរឿងជំនួយការលោកស្នងការរង ដើរគាបសង្កត់ទាប្រាក់ពីតាមទីតាំងបទល្មើសខាងលើនេះ រួមទាំងទីតាំងកត់កន្ទុយលេខផង កាលពីថ្ងៃទី២២ កក្កដា ហើយថែមទាំងទទូលបាននូវរូបភាព ដែលឈ្មោះ វីរៈ បានដើរធ្វើសកម្មភាពតាមទីតាំងល្បែងហ្គេមនានា នៅក្នុងក្រុងបាត់ដំបងផង ។ពិតមែន តែលោក លឹម ពុទ្ធីឡា ស្នងការរង បានព្យាយាមឆ្លើយ ដើម្បីជួយដោះបន្ទុកចំពោះទង្វើមិនគប្បីរបស់លោក វីរៈ ជំនួយការផ្ទាល់របស់លោក។ ប៉ុន្តែព័ត៌មាននានា ដែលកោះសន្តិភាពទទួលបានពីម្ចាស់ទីតាំង បានបញ្ជាក់ថា ឈ្មោះ វីរៈ នោះ បានបង្គាប់ឲ្យម្ចាស់ទីតាំងនានា ទៅជួបលោក លឹម ពុទ្ធីឡា ផ្ទាល់ដើម្បីចចាររឿងនេះ។

ដំបូងឈ្មោះ វីរៈ នេះ បានទាមទាឲ្យម្ចាស់ទីតាំងបង់សំណូកចំនួន៣០០ដុល្លារ ក្នុងមួយខែ តែដោយសារតឹងតែងពេក ទើបបន្ធូរបន្ថយនៅត្រឹម១០០ដុល្លារវិញក្នុងមួយខែ សម្រាប់ទីតាំងមួយកន្លែង ។ ប្រភពបានបញ្ជាក់ថា ម្ចាស់ទីតាំងខ្លះ ក៏បានបង់រួចរាល់ហើយ ខណៈម្ចាស់ទីតាំងខ្លះ កំពុងពិចារណា ដោយសារពួកគេមិនធ្លាប់ស្គាល់មុខឈ្មោះវីរៈ នេះ និងមិនស្គាល់ប្រវត្តិ។ ប៉ុន្តែបុរសនេះ បានបង្គាប់ឲ្យម្ចាស់ទីតាំងទាំងនោះទៅជួបលោកស្នងការរងផ្ទាល់ នៅកន្លែងណាមួយដែលបាំងពីភ្នែកអ្នកដទៃ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើករណីនេះ លោកអ៊ុច សុខុន ស្នងការខេត្ត បានជ្រាបដែរឬយ៉ាងណានោះទេ ខណៈមន្ត្រីនានា ក្នុងស្នងការខេត្ត បានខ្សឹបខ្សៀវកេះប្រាប់គ្នីគ្នាយ៉ាងកក្រើក ?
បើតាមការកត់សម្គាល់បទល្មើស បានកើតលើបទល្មើស ដែលបង្កដោយតៃកុងរថយន្ត និង ជាជំនួយការផ្ទាល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងខេត្ត ដែលទើបចូលកាន់តំណែងថ្មីខាងលើនេះ គឺ បានកើតឡើងស្របពេល ដែល«អំពើចោរកម្ម»នានា បានផ្ទុះឡើងស្ទើរគ្រប់ទីកន្លែងដែរ។ បទល្មើសដែលកំពុងផ្ទុះឡើយយ៉ាងគគ្លើនពេលនេះ ដូចជា «ចោរឆក់ ចោរលូច ចោរកាច់សោម៉ូតូ និងចោរគាស់លំនៅឋានលួចទ្រព្យសម្បត្តិ» ឥឡូវត្រូវលោកជំនួយការខាងលើបន្ថែមបទល្មើសឲ្យកាន់តែធ្ងន់ទៀត។
រីឯវិធានការទប់ស្កាត់ ឬ បង្ក្រាប របស់សមត្ថកិច្ច ហាក់គ្មានប្រសិទ្ធភាពឡើយ បើទោះជាស្នងការខេត្តនេះ មានលោកស្នងការរងទទួលផែនព្រហ្មទណ្ឌរហូតដល់ទៅ២រូបក្ដី។ ផ្ទុយទៅវិញ មន្ត្រីខិលខូចមួយចំនួន បែរជានាំគ្នាប្រឹងឃុបឃិតបង្កើតឲ្យមានបទល្មើសទ្វេដង ព្រោះតែផលប្រយោជន៍។ លោកស្នងការខេត្ត គួរតែចាត់វិធានការឲ្យមានប្រសិទ្ធភាព ចំពោះករណីខាងលើនេះ ដើម្បីចៀសវាងធ្វើឲ្យប៉ះពាល់ដល់មន្ត្រីនានាដែលមិនបានធ្វើខុស និងប៉ះពាល់ដល់កិត្តិយសរបស់អង្គភាពស្នងការទាំងមូល ៕
ចែករំលែកព័តមាននេះ