រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារមួយដែលមានមន្ត្រីសរុប៥០០នាក់ ដើម្បីចុះវាស់វែង និងប្រមូលទិន្នន័យដីដែលប្រជាពលរដ្ឋកាន់កាប់ ជាក់ស្តែងក្នុងទីតាំងរដ្ឋចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់តាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី នៅក្នុងខេត្តមណ្ឌលគិរី។

ក្រសួងដែនដីនគរូបនីយកម្ម បានជូនដំណឹងឲ្យដឹងថា មន្ត្រីទាំង៥០០នាក់នោះមានប្រមាណ៣០០នាក់ ជាមន្ត្រីរបស់ខ្លួន៥០នាក់ជាមន្ត្រីរបស់ក្រសួងកសិកម្ម និងប្រមាណ២០០នាក់ ជាមន្ត្រីក្រសួងបរិស្ថាន ។

នៅក្នុងបេសកកម្មក្រោយពីមានការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗមកនោះ ក្រុមមន្ត្រី និងប្រើប្រាស់ឧបករណ៍ ទំនើបនៅក្នុងប្រតិបត្តិការរបស់ខ្លួន ។
ក្រសួងជំនាញថាឧបករណ៍ T300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធ្វើការវាស់វែង និងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់តាមការចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ ។

នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៣ កក្កដា ២០២០ កន្លងមកនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ដោយត្រូវតែរៀបចំកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ ដែលបានមករស់នៅជាច្រើនឆ្នាំមកហើយ ក្នុងដីដែលគម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃ ជាដើមនោះ ។
សម្ដេចតេជោ បានស្នើឲ្យក្រសួងពាក់ព័ន្ធដូចជា ក្រសួងបរិស្ថាន កសិកម្ម និងក្រសួងរៀបចំដែនដី និងនគរូនីយកម្មធ្វើការងារនេះឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត និងត្រូវតែបញ្ចប់ឲ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីបានចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ទាំងនោះ ។
លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានកំពុងចុះទៅដល់ខេត្តមណ្ឌលគិរីនាពេលនេះ ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់ក្រុមការងារទាំង៥០០នាក់នោះ ៕
ចែករំលែកព័តមាននេះ