ខេត្តបាត់ដំបង ៖ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង បានប្តូរប្រាក់រៀលថ្មីជូនម្ចាស់ហាងលក់ទំនិញ ហេង ឆាយលី ក្នុងបុរីព្រែកមហាទេព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រាក់របស់គាត់បានឆេះខូចខាត ដោយសារគ្រោះអគ្គិភ័យ សរុបចំនួន៦.៣៨៨.៥០០រៀលគត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះបើយោងតាមផេកធនាគារជាតិ នៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ ។

ការប្តូរជូននេះធ្វើឡើង ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០% ។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស ។ សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មី ដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ ៕


ចែករំលែកព័តមាននេះ