ខេត្តមណ្ឌលគិរី ៖ មន្ត្រីជំនាញចំនួន៥៥០រូប មកពីក្រសួងចំនួន៣ ត្រូវបានបញ្ជូនទៅខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការអនុវត្តការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដី ។ យុទ្ធនាការនេះដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ឯកឧត្តម ជា សុផារ៉ា បានថ្លែងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្នុងយុទ្ធនាការនេះដាច់ខាតមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវបោះបង្គោលព្រំ ឬលើកផ្លាកបញ្ជាក់ដីរបស់រដ្ឋឲ្យមានទិន្នន័យបានច្បាស់លាស់ ចៀសវាងការទន្ទ្រានកាន់កាប់ពីអ្នកលោភលន់ ។ មន្ត្រីដែលទៅពីភ្នំពេញទាំងអស់ មានតួនាទីប្រមូលទិន្នន័យ ចុះពិនិត្យមើល តើតំបន់គម្របព្រៃឈើមានទំហំប៉ុន្មាន ? កន្លែងណាជាដីរបស់ក្រសួងកសិកម្ម ឬដីដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ?

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា រាល់បញ្ហាដែលសេសសល់កន្លងមកនៅពេលនេះត្រូវដោះស្រាយឲ្យបានរួចរាល់ ជាពិសេសក្រុមហ៊ុនដែលទទួលសិទ្ធិពីរដ្ឋដាំដើមស្រល់ តើពិតជាបានដាំលើទំហំផ្ទៃដីដែលរដ្ឋប្រគល់ឲ្យ ឬដាំក្រៅចំនួនដែលទទួលបាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យរក្សាដើមស្រល់ទុកឬដាំបន្ថែម ព្រោះតែវាជាផ្នែកដ៏សំខាន់ស្រូបទាញយកភ្ញៀវទេសចរ ។

គួរកត់សម្គាល់ថា បេសកកម្មដ៏កក្រើកលើទឹកដីខេត្តមណ្ឌលគិរី ដែលមានមន្ត្រីជំនាញពីរាជធានីភ្នំពេញជាង៥០០រូប ចុះអង្កេតស្រាវជ្រាវ និងពិនិត្យលើការចេញប័ណ្ណសម្គាល់ដីធ្លីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះតែថ្មីៗនេះតាមបណ្តាញសង្គម មានការបង្ហោះព្រោងព្រាតនូវរបាយការណ៍ដែលស្នើសុំប្រមុខរាជរដ្ឋាភិបាលបញ្ចប់មុខតំណែងមន្ត្រីសំខាន់ៗនៅខេត្តមណ្ឌលគិរីជាង២០រូប ។ ទោះបីជាបែបណា នេះគ្រាន់តែជាព័ត៌មានមិនផ្លូវការប៉ុណ្ណោះ ។

១-ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលឯកឧត្តមមិនបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តឲ្យមានប្រសិទ្ធភាព និងមានឯកសារខ្លះឯកឧត្ដមបានចូលរួមចុះហត្ថលេខាទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ។

២-គួរបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើនដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួន ទោះបីជាត្រូវបានដកតំណែងចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីក៏ដោយ ក៏លោកនៅតែបន្តព្យាយាមស្នើសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហើយ ។

៣-គួរចាត់វិធានការបញ្ចប់តំណែង ឯកឧត្ដម ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី៨ ដោយហេតុថា ឯកឧត្ដមមានការពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាច្រើនហិកតា ។
៤-គួរចាត់វិធានការបញ្ចប់តំណែង លោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត និងអនុវត្តវិធានការច្បាប់បន្ថែមទៀតចំពោះរូបលោក ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធនឹងការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក ចាប់តាំងពីលោកកាន់តំណែងជាអភិបាលស្រុកកែវសីមា រហូតដល់ជាអភិបាលស្រុកកោះញែកនាពេលបច្ចុប្បន្ន ។

៥-គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពីអភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះមានការជាប់ពាក់ព័ន្ធ និងឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វើកម្មសិទ្ធិ ដោយតម្រូវឲ្យមេភូមិ មេឃុំ ចុះហត្ថលេខាលើការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់ជាច្រើន ។
៦-គួរចាត់វិធានការបញ្ចប់តំណែងលោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះតែងតែចុះហត្ថលេខាដឹងឮលើការលក់ដូរដីព្រៃដោយខុសច្បាប់ និងធ្វើលិខិតបញ្ជាក់ផ្សេងៗជាមួយឈ្មោះ ញ៉ាង ម្យក់ មេភូមិពូហ្សាម ទោះបីមានការណែនាំ និងព្រមានជាច្រើនដងក៏ដោយ ។

៧-គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុតសំអែល ពីមេឃុំស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិតរៀបចំផែនការផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួមញុះញង់ប្រជាពលរដ្ឋឱ្យតវ៉ាទាមទារនិងកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៨-គួរចាត់វិធានការបញ្ចប់តំណែងលោក ពឿប ពេ មេឃុំស្រែព្រះ ដោយហេតុថាមេឃុំរូបនេះ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយមានការចាត់ចែងពីថ្នាក់ខេត្ត និងបង្កការងាយស្រួលឲ្យមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និងបែងចែកដីព្រៃយ៉ាងអនាធិបតេយ្យឲ្យប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដោយមិនខ្លាចញញើតច្បាប់ឡើយ ។មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ និងលោក សុខ សេរា បើកដៃឲ្យមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ។

៩-គួរចាត់វិធានការបញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោកជាអ្នកសម្របសម្រួលការងារ និងប្រើប្រាស់រូបភាពស្នើសុំដីសម្បទានសង្គមកិច្ច ដែលបង្កឲ្យមានការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិយកទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ។
១០-គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯក
ភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន និងនាយទាហាន នាយទាហានរងចំនួន១២រូបទៀត ដែលបានប្រើប្រាស់តួនាទីបេសកកម្ម និងគ្រឿងចក្ររបស់អង្គភាព ធ្វើសកម្មភាពកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

១១-គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការផ្នែកសឹករងស្រុកកោះញែក ដោយសារតែតាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតាពីប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។នៅមានក្រុមមន្ត្រីច្រើននាក់ទៀត ដែលត្រូវបានកត់សម្គាល់ជុំវិញចំណាត់ការខាងលើនេះ ។
ដោយសារតែករណីនេះជាប់ពាក់ព័ន្ធជាមួយមន្ត្រីច្រើននោះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ
២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចារលើរបាយការណ៍របស់ទីស្ដីការ
គណៈរដ្ឋមន្ត្រី បញ្ជូនទៅសម្ដេចក្រឡាហោម ស ខេង ដើម្បីដឹកនាំការប្រជុំ និងលើកយោបល់មកសម្ដេចតេជោវិញ ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដែលមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ។

ក្រុមការងារអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ចចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្តែង និងប្រមូលឯកសារនិងភ័ស្តុតាងនានាពាក់ព័ន្ធជាមួយនឹងមន្ត្រី និងអ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ ៕

ចែករំលែកព័តមាននេះ