រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២៥ ដែលជាឆ្នាំទី ៣ នៃ មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និងតំបន់ជិតជាយដែនចាប់ពីថ្ងៃទី ២១ ២២ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន ៖ បរិវេនប្រាសាទកោះកេរ និងនៅឯ វិទ្យាល័យ ជាស៊ីមត្បែងមានជ័យ ជាដើម ។

ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពសិល្បៈបុណ្យភូមិមានជើង បានរៀបចំឡើងទៅតាមទីតាំងផ្សេងៗក៏ពិតមែន ប៉ុន្តែមហោស្រពសិល្បៈមួយនេះ តែងផ្សារភ្ជាប់ទៅកាន់ប្រជាជននៅតាមតំបន់ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ និង វប្បធម៌នានា ។

ដោយឡែក មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ នេះដែរ បានដាក់បញ្ជូលកម្មវិធីថ្មីមួយ ដែលពុំដែលធ្លាប់មានពីមុនមកនោះ គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រព សិល្បៈបុណ្យភូមិមានជើង បានរៀបចំសហការជាមួយ UNICEF Cambodia ។
ក្នុងកម្មវិធីនេះដែរ មិនមែនគ្រាន់តែជាការហាត់ប្រាណនោះទេ តែវាគឺជាការប្តេជ្ញាយ៉ាងសកម្មដើម្បីលើកស្ទួយសិទ្ធិរបស់កុមារគ្រប់រូប ៕








ចែករំលែកព័តមាននេះ