ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តបានត្រៀមបម្រុងកន្លែងស្នាក់នៅ ឬទីទួលសុវត្ថិភាពចំនួន១៨០កន្លែង ដើម្បីឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គមកស្នាក់នៅជាបណ្ដោះអាសន្ន។ នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្លែងនាព្រឹកថ្ងៃទី២៧ កក្កដា ២០២០ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបានធ្វើឡើង នៅក្នុងសាលសន្និសីទសាលាខេត្ត។

លោកអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះបញ្ហាគ្រោះទឹកជំនន់មិនទាន់កើតមាននោះទេ តែកើតមានគ្រោះរាំងស្ងួតនៅក្នុងស្រុកបាធាយ ដោយដំណាំស្រូវរបស់ប្រជាកសិករជួបបញ្ហាកង្វះទឹកភ្លៀង។ ជាមួយនោះក៏បានចាត់អោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅពិនិត្យជាបន្ទាន់។
លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ក្រោយពីស្ថាប័នជំនាញបានចុះទៅពិនិត្យមើលដំណាំស្រូវរបស់បងប្អូនកសិករ ក្នុងស្រុកបាធាយរយៈពេលមួយថ្ងៃទៅពីរថ្ងៃ ក្រោយមក ស្រាប់តែមានភ្លៀងបានបង្អុរធ្លាក់មកជាខ្លាំង។ តែភ្លៀងនោះមិនអាចសង្គ្រោះដំណាំស្រូវបាននោះទេ ដោយសារតែសំណាបត្រូវបានក្រៀមស្វិតទៅហើយ។

ដោយមើលឃើញពីការលំបាករបស់កសិករអាជ្ញាធរខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញកសិកម្មខេត្តត្រៀមបម្រុងស្រូវពូជ ដើម្បីយកទៅចែកជូនដល់ពួកគាត់ ដើម្បីធ្វើការដាំដុះជាលើកទី២ ជាមួយនោះ ក៏មានការព្រួយបារម្ភខ្លាចដំណាំស្រូវមិនទាន់បានហោះផង ត្រូវទឹកទន្លេឡើងមកជន់លិច និងត្រូវខូចខាតជាលើកទី២បន្តទៀត។
ជាមួយនោះ សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការតាមដានប្រជាពលរដ្ឋជាង១៧ម៉ឺនគ្រួសារ ដែលរងគ្រោះដោយរាំងស្ងួត និងទឹកជំនន់ ក្នុងនោះមានប្រមាណ៨២.០០០គ្រួសារនៅតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់ ត្រូវតាមដានដោយយកចិត្តទុកដាក់ ជាមួយនោះអាជ្ញាធរក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺមានទីទួលស្នាក់នៅចំនួន១៨០កន្លែង ដើម្បីឲ្យអ្នកដែលរងគ្រោះដោយទឹកជំនន់ពីទន្លេមេគង្គ មកស្នាក់នៅជាបណ្ដោះអាសន្ន។

ហើយនឹងត្រូវឲ្យពួកគាត់មានភ្លើងប្រើប្រាស់ រួមទាំងទឹកស្អាត នឹងត្រូវដាក់ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យមើលថែទាំសុខភាពរបស់ពួកគាត់ឲ្យបានសមរម្យ។ ដូចជានៅភូមិកំពង់សំណាញ់ ក្នុងស្រុកព្រៃឈរ ឱ្យតែរដូវវស្សាមកដល់ប្រជាពលរដ្ឋតែងដែលនាំគ្នាមកស្នាក់នៅទីនេះ ដែលជាទីទួលសុវត្ថិភាព កន្លងមកលោកប៉ាន សូរស័កបានមានប្រសាសន៍លើកឡើង ដោយចាក់ដីដែលជាកន្លែងសាធារណៈរបស់រដ្ឋ ប្រែក្លាយទៅជាទីទួលសុវត្ថិភាពនៅក្នុងស្រុកព្រៃឈរ ។

សូមបញ្ជាក់ថា ពេលដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីទន្លេមេគង្គ មកស្នាក់នៅទីទួលសុវត្ថិភាពក្នុងរង្វង់ចន្លោះទី៧០ទៅ៨០កន្លែង គឺអាជ្ញាធរបានចុះចែកអំណោយដល់ពួកគាត់ ដោយធ្វើឡើងទៅតាមដំណាក់កាល ចំណែកឯសប្បុរសជនមួយចំនួនដោយស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក៏បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ដោយរងគ្រោះទឹកជំនន់ពីទន្លេមេគង្គ មានជាបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ