មានរឿងនិទាន តៗគ្នាថា នៅឆ្នាំ១៨៤៦ ព្រានប្រមាញ់ជនជាតិកូឡា និងខ្មែរសុរិន្ទមួយក្រុមបានមកស្នាក់នៅក្នុងស្រុកទ័ពជ័យ ខេត្តច័ន្ទប៊ុន (បច្ចុប្បន្នថៃហៅថាតាប់សៃ ខេត្តច័ន្ទបូរី) ។ ក្រុមបរបាញ់បានតាមបរបាញ់សត្វរហូតមកដល់ទឹកដីព្រៃភ្នំដងអូរក៏ប្រទះឃើញសត្វភេកំពុងលេងទឹក ក៏នាំគ្នាចុះទៅងូតទឹក ពេលនោះក៏រើសបានត្បូងថ្មរក្សាទុក ។ ព័ត៌មាននេះក៏បានលេចឮសុសសាយដល់ជនជាតិកូឡា ឡាវ និងខ្មែរសុរិន្ទប្រមាណ២៥គ្រួសារ បានមកតាំងលំនៅដ្ឋានប្រកបរបរបាញ់សត្វ និងដើររើសត្បូងលក់ក្នុងតំបន់ភេលេងនេះ ។ នេះបើតាមឯកសាររដ្ឋបាលខេត្ត ។

ប្រភពឯកសារដដែលបន្តថាលុះដល់ឆ្នាំ១៩០៩ ជនជាតិបារាំងសែស (សម័យអាណានិគមនិយម) បានរកឃើញតំបន់នេះ និងបានរៀបចំជាតំបន់រដ្ឋបាលដោយឲ្យឈ្មោះថា ស្រុករតនមណ្ឌល បប៉ៃលិន ។ ពាក្យថា «បប៉ៃលិន» ផ្សំដោយពាក្យថា «ប» មានន័យថា អណ្តូង និងពាក្យ «ប៉ៃលិន» ក្លាយមកពីពាក្យថា «ភេលេង»។
ចាប់ពីពេលនោះមកទឹកដីត្បូងពេជ្រ «បប៉ៃលិន»មានមនុស្សមករស់នៅកាន់តែច្រើនឡើងៗ រហូតមកដល់សម័យសង្គមរាស្ត្រនិយម រាជរដ្ឋាភិបាលបានរៀបចំបង្កើតជាអនុខេត្តបប៉ៃលិន ។ ប៉ុន្តែមិនទាន់បានរៀបចំជាតំបន់រដ្ឋបាលនៅឡើយទេ ។

នៅឆ្នាំ១៩៧០-១៩៧៥ សម័យសាធារណរដ្ឋខ្មែរ បានបង្កើតជាក្រុងប៉ៃលិនមង្គល ដែលមានខណ្ឌចំនួន៤ គឺខណ្ឌប៉ៃលិន ខណ្ឌកំរៀង ខណ្ឌសំឡូត និង ខណ្ឌវឌ្ឍនសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការការពារបូរណភាពទឹកដី និងគ្រប់គ្រងរដ្ឋបាល ។ នៅឆ្នាំ១៩៧៥-១៩៧៩ ទឹកដីប៉ៃលិនគ្មានប្រជាជនរស់នៅទេ ។
ចាប់តាំងពីឆ្នាំ១៩៧៩-១៩៨៩ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាលនៃរដ្ឋកម្ពុជា ។
ចាប់ពីឆ្នាំ១៩៨៩-១៩៩៦ ទឹកដីប៉ៃលិន គ្រប់គ្រងដោយរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ។
ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ ទឹកដីប៉ៃលិន បានបញ្ចូលសមាហរណកម្មដោយរួមមាន តំបន់រដ្ឋបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចផ្សះផ្សាបង្រួបបង្រួមជាតិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ជាទីសក្ការៈដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នៃយើង និងក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងន័យស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត នយោបាយ «ឈ្នះ-ឈ្នះ»របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ក្នុងអាណត្តិទី១ បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ។
ទឹកដីប៉ៃលិន ត្រូវបានបង្កើតជាក្រុងប៉ៃលិន ដែលមានថ្នាក់ប្រហាក់ប្រហែលនឹងខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៧/១៤៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧ ។ បន្ទាប់មកក្រុងប៉ៃលិន បានប្តូរឈ្មោះមកជាខេត្តប៉ៃលិន ដែលមានថ្នាក់ប្រហែលនឹងរាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ។ ចាប់ពីពេលនោះមក ប៉ៃលិនមាននការស្តារ អភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់តរៀងមក ។

ឥស្សរជនជាន់ខ្ពស់
1.ឯកឧត្តមអ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ១៩៩៨-២០១៣ ។
2.ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ២០១៤-២០១៨ ។
3.ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ២០១៨-បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ