ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាលស្ពាន​ស្ទឹង​សង្កែ​​ត្រើយ​ខាង​កើត​​ កំពុង​ប្រឈម​ការ​បាក់​ស្រុត​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ស្ពាន​ស្ទឹង​សង្កែ (​ស្ពាន​សម្ដេច​ហ៊ុន សែន​) ដែល​ស្ថិត​នៅ​ខាងជើង​ស្ពាន​ថ្ម​ចាស់​ប្រហែល​១០០​ម៉ ក្នុង​ក្រុង​បាត់ដំបង ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី​ក្បាលស្ពាន​ត្រើយ​ខាងកើត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ទឹកស្ទឹង​រីង​នៅ​ដល់​បាត​នៅឡើយ ដែល​មតិ​ភាគច្រើន​បាន​សន្និដ្ឋាន​ថា ទំនង​បណ្ដាល​មក​ពី​ការ​ប្រើ​គ្រឿងចក្រ…

ខេត្តបាត់ដំបង​៖ ស្ពាន​ស្ទឹង​សង្កែ (​ស្ពាន​សម្ដេច​ហ៊ុន សែន​) ដែល​ស្ថិត​នៅ​ខាងជើង​ស្ពាន​ថ្ម​ចាស់​ប្រហែល​១០០​ម៉ ក្នុង​ក្រុង​បាត់ដំបង ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី​ក្បាលស្ពាន​ត្រើយ​ខាងកើត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ទឹកស្ទឹង​រីង​នៅ​ដល់​បាត​នៅឡើយ ដែល​មតិ​ភាគច្រើន​បាន​សន្និដ្ឋាន​ថា ទំនង​បណ្ដាល​មក​ពី​ការ​ប្រើ​គ្រឿងចក្រ កាយ​ធ្វើ​ច្រាំង​ស្ទឹង​​សង្កែ «​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​» ប៉ុន្តែ​ផ្ទុយ​ពី​នេះ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត បាន​អះអាង​ថា បណ្ដាល​មក​ពី​ការ​សាងសង់​មិន​បាន ​«​បុក​គ្រឹះ​»​។

បើ​ពិនិត្យ​ជាក់ស្ដែង​នៅ​ពេល​នេះ គេ​ឃើញ​ស្នាម​បាក់​ស្រុត​ដី​ច្រាំង​ស្ទឹង​នេះ ចាប់ពី​គល់​ស្ពាន​ស្ទឹង​សង្កែ ត្រើយ​ខាងកើតលាតសន្ធឹង​ទៅ​ប៉ែក​ខាងត្បូង ឆ្ពោះទៅ​កាន់​ក្បាល​ស្ពាន​ថ្ម​ចាស់​ដែល​កំពុង​ទ្រុឌ​ទ្រម មាន​ប្រវែង​ជិត​១០០​ម៉​។ ទឹក​នៅ​ក្នុង​ស្ទឹង​រីង​ដល់​បាត តែ​ដី​ច្រាំង​ស្ទឹង​ចេះ​តែ​បាក់​ស្រុត​ស្ទើរ​រាល់ថ្ងៃ បើ​ទោះជា​គ្មាន​ភ្លៀង​ធ្លាក់​ក្ដី​។ គេ​ឃើញ​ស្នាម​បាក់​ស្រុត​ត្រង់​កន្លែង​ខ្លះ​មាន​ជម្រៅ​ជាង​១​ម៉​។ ជា​ពិសេស​ត្រង់​ចំណុច​ក្បាលស្ពាន​តែ​ម្ដង ដែល​បាក់​ស្រុត​កាន់តែ​ខ្លាំង​ទៅ​ៗ ធ្វើ​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង នូវ​បង្កាន់ដៃ​និង​ការ៉ូឡា​ដែល​ក្រាល​លំអរ​តាម​មាត់​ស្ទឹង​។

កាលពី​ស​ប្ដា​ហ៍មុន មន្ត្រី​ជំនាញ​បាន​កាត់​ស្ទូច​យក​ក្បាល​នាគ នៅ​ក្បាលស្ពាន ដើម្បី​យក​ទៅ​រក្សារ​ទុក​ចៀសវាង​ការ​ខូចខាត​។ មន្ត្រី​ខ្លះ​ និយាយ​ថា តាំងពី​ដើម​មក​ដី​ក្បាល​ស្ពាន​នេះ មិន​ធ្លាប់​បាក់​ស្រុត​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សាធារណៈការ​ខេត្ត ប្រើ​គ្រឿងចក្រ​កាយ​ធ្វើ​ច្រាំង​ស្ទឹង​សង្កែ ឲ្យ​មាន​សោ​ភណ្ឌ​ឌ​ភាព ដើម្បី​ស្វា​គម​ន៍​បុណ្យ​ទន្លេ កាលពីដើម​ឆ្នាំ​២០២០ នេះ ស្រាប់តែ​ច្រាំង​ស្ទឹង ត្រង់​ចំណុច​នេះ ចាប់ផ្ដើម​បាក់​ស្រុត​យ៉ាងធ្ងន់ធ្ងរ ​រហូត​មក​ដល់​ពេល ខណៈ​នៅ​ក្នុង​ស្ទឹង​គ្មាន​ទឹក​ជំ​ន​ន​បន្តិច​សោះ​។

មតិ​ភាគច្រើន​បាន​ធ្វើការ​សន្និដ្ឋាន​ប្រហាក់ប្រហែល​គ្នា​ថា «​ការ​បាក់​ស្រុត​ដី​ច្រាំង​ស្ទឹង ត្រង់​គល់​ស្ពាន​ស្ទឹង​សង្កែ ខាងលើ​នេះ ទំនង​បណ្ដាល​មក​ពី​ការ​កាយ​ដី​ធ្វើ​ច្រាំង​ស្ទឹង គ្មាន​បច្ចេកទេស​ត្រឹម​​ត្រូវ​»​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​សន្និដ្ឋាន​បែប​ព្រាវ​ៗ​របស់​មហាជន លោក​ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ថា «​ការ​បាក់​ស្រុត​ដី​ច្រាំង​ស្ទឹង ឬ ដី​ក្បាលស្ពាន​ខាងលើ​នេះ មិន​មែន​បណ្ដាល​មក​ពី​ការ​កាយ​ដី​ធ្វើ​ច្រាំង​ស្ទឹង​ទេ គឺ ដោយសារ​តែ​ការ​សាងសង់​មិន​បាន​បុក​គ្រឹះ »​។

លោក​ប្រធាន​មន្ទីរ​ជំនាញ​រូប​នេះ មិន​បាន​ប្រាប់​អំពី​វិធានការ​ទប់ទល់​នឹង​ការ​បាក់​ស្រុត​ដី​យ៉ាង​គំហុក​នេះ​បែប​ណា​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា «​នៅ​រសៀល​ថ្ងៃនេះ ( ២៨ ០៧ ២០ ) ខាង​ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ កន្លែង​បាក់​ស្រុត​នោះ​ហើយ​»​។ ស្ពាន​ស្ទឹង​សង្កែ ជា​គម្រោង​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន និង ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​មាន​ប្រវែង​៩១,៥​ម៉​។

ស្ពាន​នេះ​ស្ថាបនា​ដោយបញ្ជាការ​វិស្វកម្ម នៃ​អគ្គបញ្ជាការ ដែល​បាន​សាងសង់​រួច និង ដាក់​ឲ្យ​ប្រើប្រាស​កាលពី​ឆ្នាំ​២០០៨​។ កន្លង​ទៅ​ស្ពាន​នេះ រួម​ទាំង​ស្ពាន​ដទៃ​ទៀត ដែល​ឆ្លងកាត់​ស្ទឹង​សង្កែ បាន​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ទៅ​នឹង​ទឹកជំនន់​ដែល​បាន​កើតឡើង​ស្ទើរ​រាល់​ឆ្នាំ តែ​មិន​មាន​បញ្ហា​កើតឡើង​ទេ រាប់​ទាំង​ស្ពានថ្ម​ចាស់​ដ៏​ទ្រុឌ​ទ្រម នៅ​ក្បែរ​នោះ​ផង​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០២០ ក្រោយ​ពី​មានការ​ប្រើ​គ្រឿងចក្រ​កាយ​ដី​កែ​លំអរ​ច្រាំង​ស្ទឹង​សង្កែ ដើម្បី​ស្វា​គម​ន៏​បុណ្យ​ទន្លេ ស្រាប់តែ​ដី​ច្រាំង​ស្ទឹង​ត្រង់​ចំណុច​ក្បាលស្ពាន​ស្ទឹង​សង្កែ ខាងលើ បែរជា​បាក់​ស្រុត​កាន់តែ​ជ្រៅ​ទៅ​ៗ និង ប្រែ​ប្រូ​ល​ស្ទើរ​រាល់ថ្ងៃ ខណៈ​ទឹកស្ទឹង​សង្កែ​រីង​ដល់​បាត​។

បច្ចុប្បន្ន មាន​ស្ពានថ្ម​ចំនួន​២​ខ្សែក្នុង​ចំណោម​ស្ពានថ្ម​ជា​ច្រើន​ខ្សែដែល​ឆ្លងកាត់​ស្ទឹង​សង្កែ បាន​និង​កំពុង​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី​ក្បែរ​ក្បាលស្ពាន​។ ស្ពានថ្ម​ទាំង​២​ខ្សែរ​នោះ មាន​«​ស្ពាន​វត្ត​គរ និង ស្ពាន​ស្ទឹង​សង្កែ​» ខាងលើ​នេះ​។ ប៉ុន្តែ​ស្ពាន​វត្ត​គរ កំពុង​សាងសង់​គ្រឹះ​ទប់​ច្រាំង​នៅឡើយ ដែល​ចំណាយ​គម្រោង​ថវិការ​ប្រចាំឆ្នាំ​របស់​រដ្ឋ​អស់​រាប់រយ​លាន​រៀល និង បាន​ធ្វើ​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ តែ​ហាក់​គ្មាន​បាន​ប្រ​យោ​ជ​ន៍​ទេ​។

ផ្ទុយ​ទៅ​វិញ ធ្វើ​អស់​តែ​ប្រាក់​គម្រោង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តែ​ការ​ចាក់​គ្រឹះ​គ្មាន​គុណភាព ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា មន្ទីរ​ជំនាញ​នេះ ទំនង​មានការ​លួច​បន្លំ​កិប​គេង​នូវ​ប្រាក់​គម្រោង​នោះ​ផង ទើប​ចំណាយ​ប្រាក់​គម្រោង​ប្រចាំឆ្នាំ អស់​រាប់រយ​លាន​រៀល​ទៅ​ហើយ នៅ​តែ​ធ្វើ​មិន​ទាន់​រួច​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាធារណៈការ ដែល​បាន​ហែក​ទម្លាយ​រឿង​នេះ​។ ប្រភព​ដដែល​បាន​និយាយ​ថា ពេល​នេះ​ស្ពាន​វត្ត​គរ មិន​ទាន់​សាងសង់​គ្រឹះ​ទប់​ដី​ដែល​បាក់​ស្រុត​ត្រង់​ក្បាលស្ពាន​នោះ​រួចរាល់​ផង ស្រាប់តែ​ស្ពាន​ស្ទឹង​សង្កែ បែរជា​ត្រូវ​ប្រឈម​នឹង​ការ​បាក់​ស្រុក​ដី​ក្បាលស្ពាន​យ៉ាងធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា ការ​បាក់​ស្រុត​ដី​ក្បាលស្ពាន​ស្ទឹង​សង្កែ និង ដី​ច្រាំង​ស្ទឹង​មួយ​ចំនួន​ទៀត ខាងលើ​នេះ អាច​បណ្ដាល​មក​ពី​ការ​ប្រើ​គ្រឿងចក្រ​កាយ​ធ្វើ​ច្រាំង​ស្ទឹង ដោយ​ខ្វះ​បច្ចេកទេស ច្រើន​ជាង​បណ្ដាល​មក​ពី​ការ​មិន​បាន​បុក​គ្រឹះ ពេល​សាងសង់​ស្ពាន​។ ព្រោះ​ចាប់តាំងពី​ស្ពាន​នេះ​ សាងសង់​រួច​នៅ​ឆ្នាំ​២០០៨ រហូត​មក​ច្រាំង​ស្ទឹង ឬ ក្បាលស្ពាន​នេះ មិន​ដែល​ជួយ​ហានិភ័យ​អ្វី​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​ប្រើ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ច្រាំង​ស្ទឹង​កាលពីដើម​ឆ្នាំ​២០២០​មក ស្រាប់តែ​ដី​ច្រាំង​ស្ទឹង និង ដី​ក្បែ​គល់​ស្ពាន​បាន​បាក់​ស្រុត និង ប្រែ​ប្រូល​រាល់ថ្ងៃ ទាំង​ទឹក​នៅ​បាត​ស្ទឹង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ