ហាណូយ ៖ រដ្ឋាភិបាលវៀតណាម បាននិយាយនៅព្រឹកពីថ្ងៃអង្គារទី២៨ ខែកក្កដាថា ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរទាំងអស់ ទៅនិងមក ពីទីក្រុងដាណាង រយៈពេល១៥ថ្ងៃ គិតចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ បន្ទាប់ពីមានការចម្លងក្នុងសហគមន៍ ត្រូវបានគេរកឃើញ ១១ករណីថ្មីទៀត នៅក្នុងទីក្រុងនេះ ។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងដាណាង ដែលមានប្រជាជនរស់នៅ១.១លាននាក់ ក៏បានផ្អាកសេវាកម្មដឹកអ្នកដំណើរ និងរថភ្លើងទាំងអស់ ចូលនិងចេញពីទីក្រុង ផងដែរ ។ ការរឹតត្បិតថ្មីៗ រួមទាំងការបញ្ឈប់ រថយន្តក្រុង និងរថយន្តតាក់ស៊ី នៅក្នុងទីក្រុង ក៏ត្រូវបានប្រកាសផងដែរ បន្ទាប់ពីការចម្លងថ្មី ត្រូវបានរកឃើញសរុបកើនឡើងដល់១៤ករណី នៅក្នុងសហគមន៍ (នៅថ្ងៃអាទិត្យរកឃើញ ០៣ករណី ថ្ងៃចន្ទរកឃើញ ១១ករណីបន្ថែម) ។
ចាប់តាំងពីថ្ងៃទី១៦ ខែមេសាកន្លងមក ពោលគឺគ្មានករណីចម្លងក្នុងសហគមន៍ទេ រយៈពេល៩៩ថ្ងៃជាប់គ្នា ទើបតែមានបុរសជនជាតិវៀតណាមដែលចូលនិវត្តន៍ម្នាក់ អាយុ៥៧ឆ្នាំ រស់នៅដាណាង ត្រូវបានបញ្ជាក់ថា មានជំងឺនេះ កាលពីថ្ងៃសៅរ៍ ដែលជាការចម្លងក្នុងសហគមន៍លើកដំបូងនៅវៀតណាម ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួនបានស្នើសុំអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើនចំនួនជើងហោះហើរពីដាណាន ទៅកាន់ទីក្រុងចំនួន១១ ផ្សេងទៀតរបស់វៀតណាម ដើម្បីជួយជម្លៀសប្រជាជន ៨០.០០០នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ ។
លោក Vo Huy Cuong អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល CAAV បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា “រាល់ជើងហោះហើរជម្លៀសទាំងអស់ ឥឡូវនេះត្រូវបានលុបចោល” អស់ហើយ ។
លោក Vo Huy Cuong បានបន្តថា “យើងបានប្រតិបត្តិការជើងហោះហើរ ត្រឹមចំនួន៩០ជើងយន្តហោះ ដើម្បីជម្លៀសអ្នកទេសចរដែលជាប់គាំងនៅដាណាងកាលពីម្សិលមិញ ដោយសារភ្ញៀវទេសចរភាគច្រើន ពួកគេបានចាកចេញពីដាណាង កាលពីនៅថ្ងៃអាទិត្យដោយខ្លួនឯង ភាគច្រើនតាមរថយន្តក្រុងឈ្នួល និងរថភ្លើង ទៅកាន់ខេត្តក្បែរៗនោះ” ។
ទន្ទឹមនឹងនេះដែរ អ្នកស្រុកភាគច្រើន ដែលរស់នៅក្នុងទីក្រុង ត្រូវបានគេណែនាំ ឲ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែចាំបាច់បំផុត ដោយមានការហាមឃាត់មិនឲ្យប្រមូលផ្តុំមនុស្សច្រើន ជាងពីរនាក់ នៅទីសាធារណៈ ។ រថភ្លើង ទូកកម្សាន្តតាមកោះ រថយន្តក្រុង រថយន្តតាក់ស៊ី និងយានយន្តទេសចរណ៍ នៅដាណាង ក៏នឹងត្រូវបញ្ឈប់រយៈពេល ១៥ថ្ងៃផងដែរ ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីវីរុសកូវីដ-១៩ សរុបចំនួន ៤៣១ករណី រួមទាំងអ្នកជំងឺ ចម្លងថ្មីក្នុងសហគមន៍ នៅដាណាង និងមិនមានអ្នកស្លាប់ទេ ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា អ្នកជំងឺចំនួន០២ករណី នៅដាណាង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
សូមរម្លឹកថា កូវីដ-១៩ ចម្លងក្នុងសហគមន៍វៀតណាមហើយ ប្រជាជន៨ម៉ឺននាក់ ត្រូវជម្លៀសចេញពីទីក្រុងដាណាង ៕






ចែករំលែកព័តមាននេះ