ទីក្រុងហាណូយ ៖ នៅថ្ងៃចន្ទ ទី២៧ កក្កដានេះ ប្រទេសវៀតណាមកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាសជម្លៀសប្រជាជន ៨០,០០០នាក់ ចេញពីទីក្រុងដាណាង ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក បន្ទាប់ពីប្រជាជនរស់នៅតំបន់នោះ ចំនួន៣នាក់ថ្មីទៀត បានធ្វើតេស្តរកឃើញ វេជ្ជមានចំពោះវីរុសកូវីដ-១៩ ទាំងនេះជាការចម្លងក្នុងសហគមន៍ នាពីចុងសប្តាហ៍នេះ ។
សូមបញ្ជាក់ថា ការចម្លងក្នុងសហគមន៍ មានន័យថា មានមនុស្សត្រូវបានរកឃើញថា មានផ្ទុកជំងឺនៅក្នុងតំបន់មួយ ប៉ុន្តែមិនត្រូវបានមន្ត្រីសុខាភិបាលដឹងថា ប្រភពឆ្លងពីកន្លែងណា ឬដោយរបៀបណានោះទេ ។ ការចម្លងចូលសហគមន៍នេះ ហើយ ជាបញ្ហាដែលពិបាកដោះស្រាយ និងសាយភាយខ្លាំង ដែលត្រូវចំណាយទាំងថវិកា និងកម្លាំងច្រើន ក្នុងការទប់ស្កាត់ ដោយសារតែមិនដឹងប្រភពកើត និងកន្លែងកើតច្បាស់លាស់ ។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសចេញ នឹងចំណាយពេលយ៉ាងតិច០៤ថ្ងៃ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រូវចំណាយការដឹកជញ្ជូនប្រមាណជា ១០០ជើងហោះហើរ ជារៀងរាល់ថ្ងៃ ពីទីក្រុងដាណាង ទៅកាន់ទីក្រុងចំនួន១១ ផ្សេងទៀតរបស់វៀតណាម ។
ប្រទេសវៀតណាម បានប្រកាសអាសន្នជាថ្មី បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មានករណីចម្លងក្នុងសហគមន៍របស់ខ្លួនជាលើកដំបូង ចាប់តាំងពីខែមេសាមក (ពោលគឺគ្មានករណីចម្លងក្នុងសហគមន៍រយៈពេល៩៩ថ្ងៃជាប់គ្នា) ហើយ ៣ករណីទៀត រកឃើញនៅថ្ងៃអាទិត្យនេះ ដោយពួកគេសុទ្ធតែអ្នករស់នៅក្នុងតំបន់ ឬជុំវិញទីក្រុងដាណាង ។
ថ្វីបើប្រទេសវៀតណាម នៅតែបិទចំពោះទេសចរណ៍បរទេស ប៉ុន្តែមិនបិទចំពោះអ្នកដំណើរក្នុងស្រុកទេ ដែលកំពុងទាញរកអត្ថប្រយោជន៍ពីជើងហោះហើរ ដោយមានការបញ្ចុះតម្លៃ និងកញ្ចប់វិស្សមកាល ទៅកាន់សណ្ឋាគារ និងរមណីយដ្ឋានក្នុងស្រុកជាដើម ។
បើតាមក្រសួងសុខាភិបាលវៀតណាម អោយដឹងថា នៅថ្ងៃចន្ទនេះ អាជ្ញាធរចាប់ផ្តើមជម្លៀសទេសចរក្នុងស្រុកចេញពីក្រុងឆ្នេរសមុទ្រភាគកណ្តាលប្រទេស ដែលមានពលរដ្ឋរស់នៅជាង១លាននាក់ ហើយចាប់ផ្តើមដាក់ស្នើវិធានការរឹតបន្តឹង ការធ្វើដំណើរ និងការជួបជុំ ។
ក្រសួងសុខាភិបាលក៏បានចេញបម្រាមមិនឱ្យពលរដ្ឋចាកចេញពីតំបន់កើតហេតុ និងស្នើឱ្យបើកយុទ្ធនាការធ្វើតេស្តរកវីរុសនេះ ក្នុងទ្រង់ទ្រាយធំ ជាបន្ទាន់ ។ អាជ្ញាធរ ក៏បានបិទអាជីវកម្ម ក្លឹបកម្សាន្ត ហាងម៉ាស្សា និងខារ៉ាអូខេ តម្រូវឱ្យពលរដ្ឋរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់មុខ រាល់ពេលចេញ ទៅកាន់ទីសាធារណៈ និងហាមមិនឱ្យមានការជួបជុំគ្នា លើសពីចំនួន៣០នាក់ជាដើម ។ សម្រាប់អ្នកដែលចង់ចេញទៅក្រៅពីក្រុង ត្រូវនៅដោយឡែក១៤ថ្ងៃ ជាមុនសិន ។
ក្រសួងសុខាភិបាលវៀតណាម បាននិយាយទៀតថា អ្នកដែលវិលត្រឡប់មកពីដាណាង ទៅកាន់តំបន់ផ្សេងៗទៀតនៃប្រទេស នឹងតម្រូវឱ្យធ្វើការដាច់នៅដាច់ដោយឡែកឆ្ងាយពីផ្ទះ រយៈពេល១៤ថ្ងៃ ។
បន្ទាប់ពីការរកឃើញចម្លងក្នុងសហគមន៍ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាឲ្យសមត្ថកិច្ចបង្កើនការបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកកាន់ប្រទេសវៀតណាម ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអាទិត្យបានផ្សាយថា ប៉ូលីសនៅដាណាង បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ ដែលគេចោទថា ជាប្រធានក្រុមឧក្រិដ្ឋជន ដែលនាំមនុស្សពីប្រទេសចិនចូលប្រទេសវៀតណាមដោយខុសច្បាប់ ។
យ៉ាងណា អាជ្ញាធរមិនបានប្រកាសជាផ្លូវការ នូវករណីចម្លងក្នុងសហគមន៍នៅដាណាង ភ្ជាប់ទៅនឹងអន្តោប្រវេសន៍ខុសច្បាប់ នោះទេ ។
បើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទនេះថា អាជ្ញាធរនៅក្នុងខេត្តហៃយ៉ាង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន បានចាប់មនុស្សជាង១,៥០០នាក់ ឆ្លងដែនខុសច្បាប់ ចូលក្នុងខេត្តវៀតណាម ចាប់តាំងពីខែឧសភា កន្លងមក ។ សេចក្តីថ្លែងការណ៍ បន្តថា អ្នកដែលត្រូវបានចាប់ខ្លួនភាគច្រើន ជាពលរដ្ឋវៀតណាម ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។
គិតមកត្រឹម ល្ងាចថ្ងៃចន្ទនេះ ប្រទេសវៀតណាម មានអ្នកឆ្លង កូវីដ-១៩ សរុបចំនួន ៤២០ករណី ក្នុងនោះអ្នកជាសះស្បើយពីជំងឺ ៣៦៥នាក់ និងគ្មានអ្នកស្លាប់ទេ ៕







ចែករំលែកព័តមាននេះ