ខេត្តសៀមរាប ៖ មន្ត្រីជំនាញអភិរក្សព្រៃឈើអះអាងថា អនុផលព្រៃឈើដែលវាដុះឡើងយ៉ាងសម្បូរបែប ពិតណាស់បានទ្រទ្រង់ជីវភាពប្រជាសហគមន៍ តែក៏អាចក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ។

ជាក់ស្តែងអនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជគ្រញូង កន្ទួតខ្នារក្រៅ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នៅក្នុងខែកក្កដានេះបាននិងកំពុងបង្ហាញផលផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតកញ្ចូរផងដែរ ហើយប្រភេទផ្សិតទាំងនេះ បានបន្តផ្តល់ផលរហូតដល់ចុងខែសីហាខាងមុខ ។ បន្ទាប់ពីក្នុងតំបន់ព្រៃមួយនេះ កាលពីខែមេសាកន្លងមក ពេលធ្លាក់ភ្ញៀងដំបូងៗបានផ្តល់ផលផ្សិតប៉ក់ និងការលូតលាស់ស្លឹកព្រិចប្រភេទបន្លែព្រៃសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានអាស្រ័យផលតាមរដូវកាលជារៀងរាល់ឆ្នាំ ។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងយ៉ាងដូច្នេះ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងពេលដែលលោកកំពុងស្ថិតនៅជាមួយក្រុមប្រជាពលរដ្ឋប្រមាណជាង៣០នាក់ កំពុងដកផ្សិតទាំងនោះ ។
លោកបានបញ្ជាក់ឲ្យដឹងដែរថា ដោយសារតែតំបន់នេះជាតំបន់ព្រៃត្រូវការពារ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ ។ លោកថា កិច្ចការអភិរក្សនិងថែរក្សាព្រៃឈើ វាច្បាស់ណាស់ អនុផលព្រៃឈើដ៏សម្បូណ៌បែប វានឹងប្រាកដកើតឡើង ជួយចិញ្ចឹមប្រជាសហគមន៍ដោយរីករាយ ។

ប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី៥ ដល់១០គីឡូក្រាម តាមស្ថានភាពជាក់ស្តែង ព្រោះការប្រទះឃើញផ្សិតនៅក្នុងព្រៃនេះ វាផ្អែកទៅលើរបបទឹកភ្លៀងផងដែរ ។ ពួកគាត់និយាយមិនខុសគ្នាទេថា បើសិនជារកផ្សិតបានតិចគឺទុកសម្រាប់ហូបក្នុងគ្រួសារ ហើយបើរកបានច្រើនគឺទុកសម្រាប់ហូបខ្លះ និងសម្រាប់លក់ខ្លះ ។

ការនិយាយឲ្យដឹងយ៉ាងដូច្នេះ គឺចង់បង្ហាញក្នុងន័យថា វាពុំមែនដោយសារតែភាពក្រីក្របង្ខំឲ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា មិននាំគ្នាបំផ្លាញព្រៃឈើ តទៅទៀត ទើបយើងទទួល ផលយ៉ាងដូច្នេះ ។

គួរបញ្ជាក់ដែរថា តំបន់ព្រៃពូជក្រញូងនេះ មានទំហំ១.៨៨៨ហិកតា មិនត្រឹមតែជាចំការឈើពូជគ្រញូងដ៏មានគុណភាព និងធំជាងគេក្នុងប្រទេសកម្ពុជានោះទេ តែដោយសារមានសក្តានុពលចម្រុះនោះ តំបន់នេះកំពុងធ្វើដំណើរក្នុងគំរោងដ៏ធំមួយ ឆ្ពោះទៅរកគោលដៅទេសចរណ៍លំហែធម្មជាតិ សម្រាប់អនាគតផងដែរ ៕




ចែករំលែកព័តមាននេះ