ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​កសាង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រូវ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​សិលាចារឹក​កម្ពុជា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សិលាចារឹក ដែល​រក​ឃើញ​នៅ​ប្រាសាទទន្លេស្ងួត ត្រូវ​បាន​ចុះ​លេខ K.1459 ក្នុង​បញ្ជី​សារពើ​ភណ្ឌ​សិលាចារឹក​កម្ពុជា​ ។ សិលាចារឹក​ភាសា​ស្ត្រឹ​ត​មួយ​ផ្ទាំង មាន​អក្សរ​៥៥​បន្ទាត់…

ខេត្តសៀមរាប ៖ សិលាចារឹក ដែល​រក​ឃើញ​នៅ​ប្រាសាទទន្លេស្ងួត ត្រូវ​បាន​ចុះ​លេខ K.1459 ក្នុង​បញ្ជី​សារពើ​ភណ្ឌ​សិលាចារឹក​កម្ពុជា​ ។ សិលាចារឹក​ភាសា​ស្ត្រឹ​ត​មួយ​ផ្ទាំង មាន​អក្សរ​៥៥​បន្ទាត់ កម្ពស់​១០០​ស​.​ម​. ទទឹង​៤០​ស​.​ម​. និង​កម្រាស់​២០​ស​.​ម ដែល​បាន​រក​ឃើញ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត កាលពី​ខែមិថុនា ឆ្នាំ​២០២០ ត្រូវ​បាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ស្នើ​សុំ​ឱ្យ​អ្នកជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​មួយ​ក្រុម ហៅ​ថា «Corpus des Inscriptions Khmères (CIK)» ដែល​ភាគច្រើន​សមាជិក​ក្រុម​នេះ​ជា​អ្នកបម្រើ​ការ​នៅ​សាលា​បារាំង​ចុង​បូព៌ា ជួយ​ចុះបញ្ជី​សារពើ​ភណ្ឌ​ ។

លោក ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា សិលាចារឹក​ដែល​រក​ឃើញ​នៅ​ប្រាសាទទន្លេស្ងួត ប្រហែលជា​សិលាចារឹក​ពុំ​ទាន់​ចុះបញ្ជី​និង​ពុំ​ទាន់​មាន​អ្នក​បានឃើញ​ពី​មុន​មក​ទេ ព្រោះ​សិលាចារឹក​នេះ​ជា​ថ្ម​ចាស់​យក​ពី​កន្លែង​ផ្សេង​មក​កសាង​ប្រាសាទទន្លេស្ងួត (​ធ្វើ​ជា​កម្រាល​ផ្លូវ​ដើរ​) ដែល​កសាង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​។

ដោយឡែក​បើ​ពិនិត្យ​លើ​ទម្រង់​អក្សរ​សិលាចារឹក​នេះ​វិញ យើង​សន្និដ្ឋាន​បាន​ថា ពុំ​មែន​ជា​អក្សរ​ចារ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ទេ ព្រោះ​អក្សរ​មាន​រាង​មូល​ខុស​ពី​អក្សរ​ក្នុង​រាជ្យ​ព្រះ​អង្គរ​ដែល​ច្រើន​មាន​រាង​ជ្រុង ​។

ដូច្នេះ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្នើ​ឱ្យ CIK ជួយ​ពិនិត្យ​ដើម្បី​ចុះបញ្ជី​លេខ​សម្គាល់​ ។ ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​លក្ខណៈ​បច្ចេកទេស​លើ​ព័ត៌មាន​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា CIK បាន​រក​ឃើញ​ថា សិលាចារឹក​នេះ ពិតជា​សិលាចារឹក​ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​មែន ទើប CIK បាន​សម្រេច​ចុះបញ្ជី​សិលាចារឹក​ប្រាសាទទន្លេស្ងួត K.1459​។

ចំពោះ​ចំនួន​សិលាចារឹក​ជា​ភាសា​ខ្មែរ​ក្តី ជា​ភាសាសំស្ក្រឹត​ក្តី ដែល​បាន​រក​ឃើញ​នៅ​លើ​ទឹកដី​កម្ពុជា​និង​នៅ​លើ​អតីត​ទឹកដី​កម្ពុជា​ដែល​បាន​ចុះបញ្ជី​រួច ចាប់ពី​ទស្សវត្សរ៍​ឆ្នាំ​១៩២០ ដែល​មាន​លោក George Cœdès ជា​អ្នក​ដំបូង​គេ​ក្នុង​ការ​ផ្តួចផ្តើម​រៀបចំ​ចុះបញ្ជី រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​ចំនួន​១៤៥៩ រួម​ទាំង​សិលាចារឹក​ប្រាសាទទន្លេស្ងួត​ដែល​ទើប​ចុះបញ្ជី​រួច​ថ្មី​ៗ​នេះ​ផង​។

លោក ទិន ទីណា បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​អក្សរ K ដែល​ដាក់​នៅ​ពីមុខ​លេខ​នៃ​លេខ​សម្គាល់​សិលាចារឹក​នីមួយ​ៗ គឺជា​អក្សរ​សម្គាល់​អត្តសញ្ញាណ​សិលាចារឹក​ខ្មែរ​។ ដោយឡែក ចំពោះ ខ្លឹមសារ​សិលាចារឹក​ទន្លេ​ស្ងួត​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សហការ​ជាមួយ​លោក Dominic Goodal អ្នកជំនាញ​ខាង​ផ្នែក​ភាសាសំស្ក្រឹត និង​លោក Dominique Soutif សមាជិក​ស្ថាប័ន​សាលា​បារាំង​ចុង បូព៌ា (​លោក​ទាំង​ពីរ​ក៏​ជា​សមាជិក CIK) ដើម្បី​ប្រែ​សិលាចារឹក​ថ្មី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ