ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​ប្អូន​ថ្លៃ​វាយ​ប្រពន្ធខៀវ​ភ្នែក ទាញ​កែវ​គប់ក្បាល​ប្អូនថ្លៃ​​បែកហូរ​ឈាម​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​​​ខៀវ​ភ្នែក​បាន​ទាញ​កែវ​វាយ​ប្អូនថ្លៃ​មួយ​កែវ​បែកក្បាល​ហូរ​ឈាម ។

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​​​ខៀវ​ភ្នែក​បាន​ទាញ​កែវគប់​ប្អូនថ្លៃ​មួយ​កែវ​បែកក្បាល​ហូរ​ឈាម ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​២​ និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦ ​មករា នៅ​ហាង​ស៊ុប​៨៨១​អា ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មានឈ្មោះ ហួ​ក បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ភោជនីយដ្ឋានបុ​ប្ជា​ចំការមន ចំណែក​ជន​ដៃដល់​មានឈ្មោះ ពុធ មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ភោ​ជនី​យដ្ឋា​ន​បុ​ប្ជា​ចំការមន​ជាមួយ​គ្នា ត្រូវជា​បងថ្លៃ (បង​ប្រុស​របស់ប្រពន្ធ​ជន​រង​គ្រោះ) ។ ទាំង​ពីរ​នាក់​ស្នាក់នៅផ្ទះ​ជួល​ជាមួយ​គ្នា ផ្ទះ​លេខ​២៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្តី​ប្រពន្ធ ហួ​ក បញ្ញា បាន​ឈ្លោះប្រកែក​គ្នា ​ហើយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​ខៀវ​ភ្នែក ទើប​នៅ​ថ្ងៃ​កើតហេតុ​ក្រុម​គ្រួសារ មាន​ឪពុកមា​ និង​ម្តាយមីង ប្តី​ប្រពន្ធ​មាន​ទំនាស់ និង​បងថ្លៃ​ប្រុស​ដែល​ជា​បង​​​ប្រុស​របស់ប្រពន្ធ​ជន​រង​គ្រោះបាន​ទៅ​ជួបជុំ​ហូប​ស៊ុប​នៅ​ហាង​៨៨១​អា នៅ​ក្បាលថ្នល់ ដើម្បី​ធ្វើការ​ផ្សះផ្សារ​ពីរ​នាក់ ប្តី​ប្រពន្ធ​ដែល​មាន​ទំនាស់ ។ ប៉ុន្តែ​ខណៈ​ពេល​និយាយ​គ្នា​បណ្តើរ​ហូប​ស៊ុប​ផឹកស្រា​ថូ​អស់​៣​ថូ ស្រវឹង​រៀងខ្លួន​បន្តិច បងប្រុស​ឃើញ​ប្អូនស្រី​ត្រូវ​ប្តី​វាយ​ខៀវ​ភ្នែក​កើត​មានចិត្ត​ខឹង​បាន​និយាយ​ទាស់​ពាក្យ​សម្តី​ជាមួយ​ប្អូនថ្លៃ​ក៏​បាន​យក​កែវ​គប់​ក្បាល​ប្អូនថ្លៃ​បែក​ទាំង​កែវ ​បែកទាំង​ក្បាល​ហូរ​ឈាម​ក៏​ត្រូវ​បាន​ប្រពន្ធ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពហុ​ព្យាបាល​បា​យ័ន។

ចំណែក​បងថ្លៃ​ដែល​ជា​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ ហើយ​ប្អូនថ្លៃ​ដែល​ជា​ជន​រង​គ្រោះ​ចង់​ដាក់​ពាក្យបណ្តឹង តែ​ប្រពន្ធ​ឃាត់​មិន​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទេ ព្រោះ​សុទ្ធតែបងប្អូន​ ហើយ​ធ្វើការ​ និង​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត ប៉ុន្តែ​បុរស​ជា​ប្តី​មិន​ស្តាប់​ទេ បាន​និយាយថា លែង​គ្នា​ក៏​លែង​ចុះ​គាត់​ត្រូវ​តែ​ប្តឹង ប្រពន្ធ​ក៏​បាន​តប​ថា​ ប្តឹង​ក៏​ប្តឹង​ទៅ​គាត់​លក់​ទ្រព្យសម្បត្តិ​ជួយ​បងប្រុស​របស់​គាត់​ហើយ ៕