ខេត្តកំពង់ចាម ៖ ទំនប់បង្ហៀរទឹក១ខ្សែប្រវែង៣.៩០០ ម៉ែត្រ ដែលបន្សល់ពីសម័យប៉ុលពត ត្រូវបានអាជ្ញាធរធ្វើការអភិវឌ្ឍ និងជួសជុលដាក់ទ្វារទឹកចំនួន៣ សម្រាប់ស្រោចស្រពដំណាំស្រូវ បានទាំងរដូវប្រាំង និងវស្សាជាង៣០០០គ្រួសារ ស្ថិតនៅព្រំប្រទល់ស្រុកព្រៃឈរ-ជើងព្រៃ ត្រូវបានកសាងរួចរាល់១០០%។ ជាមួយនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត គ្រោងនឹងដាំដើមស្ដៅ ប្រមាណ៣.០០០ដើម នៅតាមខ្នងទំនប់សម្រាប់ជាប្រយោជន៍ ផ្ដល់ម្លប់ហើយទីនេះក៏បានប្រែក្លាយជារមណីយដ្ឋានគួរឲ្យទាក់ទាញនៅក្នុងរដូវវស្សាផងដែរ។

លោក សាំង ឆន មេឃុំសំរោង មានប្រសាសន៍ឲ្យដឹងថា នាពេលកន្លងមកកាលដែលទំនប់បង្ហៀរទឹក មិនទាន់ជួសជុលប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងស្រុកព្រៃឈរ ពេលដែលបង្កបង្កើនផលដាំដុះ ដំណាំស្រូវ ក្នុងរដូវប្រាំងគឺត្រូវជួបបញ្ហាខ្វះខាតទឹក។ តែបានថ្នាក់ដឹកនាំស្រុកក៏ដូចជាខេត្ត បានយកចិត្តទុកដាក់ជួយផ្ដល់ប្រេងសម្រាប់បូមទឹកដាក់ប្រឡាយមេមួយខ្សែ រួចបូមបន្តដាក់ស្រូវរៀងៗខ្លួន។

លោកមេឃុំសំរោង មានប្រសាសន៍បន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ កក្កដា ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងសហការីជាច្រើននាក់ បានចុះពិនិត្យមើលសមិទ្ធិផលទំនប់បង្ហៀរទឹកដែលបានសាងសង់រួច។

បានធ្វើឱ្យប្រជាពល រដ្ឋនៅក្នុងឃុំសំរោង និងឃុំព្រៃចារ ស្រុកជើងព្រៃ នាំគ្នាត្រេកអរជាខ្លាំង។ នេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ សម្រាប់នៅក្នុងឃុំសំរោងទាំងមូល ទំនប់បង្ហៀរទឹកនេះអាចស្រោចស្រពដំណាំស្រូវទាំងពីររដូវបានប្រមាណ៤៥០ហិកតា ហើយ និងផ្ដល់អត្ថប្រយោជន៍ទៅដល់ស្រែរបស់ប្រជាកសិករបានច្រើន លើសពីនេះបន្ថែមទៀត។

ជាមួយនោះក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបាន ខិតខំជួយកសាងទំនប់បង្ហៀរទឹកមួយខ្សែនេះ ដើម្បីបម្រើប្រយោជន៍ជូនដល់សង្គមជាតិ។ ដោយឡែកអាជ្ញាធរខេត្តដែលគ្រោងនឹងដាំកូនឈើ នៅតាមខ្នងទំនប់ ដូច្នេះរូបលោកនឹងឲ្យប្រជាពលរដ្ឋ នាំគ្នាថែរក្សា និងពូនជ្រំឲ្យកូនឈើនោះបានលូតលាស់ល្អ និងផ្ដល់អត្ថប្រយោជន៍ជាមនុស្ស។

ពេលដែលទំនប់នេះបានសាងសង់រួចក្នុងរដូវវស្សា ពេលដែលទឹកឡើងមក ប្រៀបនឹងខ្នងទំនប់គឺបានក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ មនុស្សមកកម្សាន្តលេងទៀតផង។ បើតាមមន្ត្រីធនធានទឹកមួយរូបបានឲ្យដឹងថា អាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួនប្រមាណ១២លានម៉ែត្រគូប សម្រាប់ស្រោចដំណាំស្រូវស្រូវរដូវវស្សា ចំនួន៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន១.២៥០ហិកតា និងដំណាំរួមផ្សំចំនួន៤០ហិកតាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា ពេលដែលបានទំនប់បង្ហៀរទឹកនេះហើយ ស្នើសុំឲ្យប្រជាពលរដ្ឋដែល ទទួលអាស្រ័យផលពីទំនប់នេះត្រូវនាំគ្នាថែរក្សា ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែងសម្រាប់ ស្រោចស្រពដំណាំស្រូវ។ ហើយរូបលោកនឹងចាត់ឲ្យមន្ត្រីជំនាញក្រោមឱវាទ ដាំដើមស្ដៅនៅតាម ខ្នងទំនប់ចំនួន៣.០០០ដើម រួមនឹងការថែរក្សាព្រៃលិចទឹក ដែលជាជម្រកត្រីពងក្នុងរដូវវស្សា ធ្វើយ៉ាងណាខិតខំប្រឹងប្រែងដាំដុះ អភិរក្សបន្ថែមទៀត៕ ដោយ ៖ យ៉ាន់ ចាន់ថេត
ចែករំលែកព័តមាននេះ