ខេត្តបាត់ដំបង៖ ក្រោមដំបូលរោងប្រក់ស័ង្កសី គ្មានជញ្ជាំងក្រោមកំដៅថ្ងៃហូតហែង ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលមួយកន្លែង គេឮសូរតែសំលេងក្មេងៗជជែកគ្នាយ៉ាងរញ៉ីវ តែពួកគេមិនមែនឈ្លោះប្រកែកគ្នាទេ ពួកគេជាក្រុមយុវសិស្ស ដែលរត់គេចពីមេរោគកូវីដ១៩ដ៏ចង្រៃ មកពូនសំងំអានមេរៀន នៅក្នុងរោងដ៏ទុរគតនោះ ជាមួយនឹងអ្នកគ្រូរបស់ពួកគេម្នាក់ ដែលកំពុងសរសេរមេរៀនយ៉ាងផ្ចិតផ្ចង់នៅលើក្ដាខៀនតូចមួយ ភ្ជួរជាប់នៅលើសរសរដែលគ្មានជញ្ជាំង។
នៅទីនោះ គេឃើញសិស្ស និងអ្នកគ្រូ ហាក់កំពុងមមារញឹកណាស់ ក្នុងការរៀនសូត្រ។ អ្នកគ្រូ តូច ទី ពិតមែនតែគាត់កំពុងមមារញឹក តែអ្នកគ្រូអាចឆក់ឱកាសផ្ដល់បទសម្ភាសន័ជាមួយកោះសន្តិភាពបាន ដែលគាត់ពិព័រនាអំពីផលវិបាកនៃការបង្រៀនសិស្សបែបកញ្ឆក់កណ្ដៀត នៅក្នុងសម័យ«កូវីដ១៩»។ អ្នកគ្រូ តូច ទី បានថ្លែងដូច្នេះថា « សិស្សរបស់ខ្ញុំនេះ រៀននៅសាលាបឋមសិក្សាអក្ស តេ (T) ដែលជាតំបន់ឆ្ងាយដាច់ស្រយាលពីទីប្រជុំជន។ ប៉ុន្តែដោយសារតែ មេរោគកូវិដ១៩ ហើយសាលាត្រូវបិទទ្វារ ទើបខ្ញុំត្រូវចំណាយពេលមួយកំណាត់ថ្ងៃ ដើម្បីធ្វើដំណើរទៅបង្រៀនសិស្សចំនួន២កន្លែងនៅតាមមូលដ្ឋាន។ អស់រយៈពេលជាង២ខែកន្លងមកហើយ ដែលខ្ញុំចុះមកបង្រៀនសិស្សនៅទីនេះ ដោយយករោងគ្មានជញ្ជាំង នៅក្នុងចំការរបស់អ្នកភូមិ ធ្វើជាសាលាបណ្ដោះអាសន្ន តាមគោលការណ៏របស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត។ ខ្ញុំជួបការលំបាកខ្លះដែរ ក្នុងការធ្វើដំណើរ»។

សាលាបឋមសិក្សាអក្សរតេ (T) ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ សាលាចុងកាត់មាត់ញកមួយនេះ ក៏ដូចជាសាលាដទៃៗទៀតដែរ នៅក្នុងស្រុកសំឡូត ដែលត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការគំរាមកំហែងពីមេរោគកូវីដ១៩។ មិនត្រឹមតែរារាំងសិស្សានុសិស្សមិនឲ្យចូលរៀននៅសាលាទេ មេរោគកូវីដ១៩ ដ៏កាចសាហាវនេះ បានធ្វើឲ្យយុវសិស្សខ្លបខ្លាច រហូតកូនសិស្សត្រូវបង្ខំចិត្តនាំគ្នារៀន ក្នុងរោងគោ ក្រោមម្លប់ឈើ ក្រោមសំយ៉ាបផ្ទះ ឬ នៅរោងចាំចំការទៀតផង។ល។

ជាក់ស្ដែង សិស្សរបស់អ្នកគ្រូ តូច ទី មួយក្រុមខាងលើនេះ បាននិងកំពុងយករោងចំការរបស់អ្នកភូមិ ដែលគ្មានជញ្ជាំង ហ៊ុមព័ទ្ធទៅដោយដំណាំស្វាយ និងព្រៃ ធ្វើជាថ្នាលបណ្ដុះចំណេះដឹង។ នៅក្នុងពេលវេលាដ៏ស្ដូចស្ដើង និងដ៏មមារញឹកបំផុតនេះ អ្នកគ្រូ តូច ទី បានឆ្លៀតប្រាប់ថា «សិស្សដែលខ្ញុំកំពុងបង្រៀននេះ មានមិនលើសពី១០នាក់ទេ ហើយក្នុងចំណោមនេះ មានសិស្សថ្នាក់មត្តេយ្យ សិស្សថ្នាក់ទី១ និង សិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាអក្សរ តេ។ ខ្ញុំត្រូវចំណាយពេលជាង៣ម៉ោង សម្រាប់ពេលព្រឹកដើម្បីចុះបង្រៀនសិស្សចំនួន២កន្លែងផ្សេងគ្នា ដែលខ្ញុំត្រូវជិះម៉ូតូចុះឡើងៗ»។

«កូនៗ ត្រូវមើលមេរៀននៅលើក្ដារខៀន ដែលអ្នកគ្រូបានសរសេរ ហើយកូនៗត្រូវសរសេរមេរៀននេះ បំពេញនៅលើក្រដាសដែលអ្នកគ្រូចែកជូន»។ នេះជាពាក្យពេចដ៏ទន់ភ្លន់ដែលអ្នកគ្រូ តូច ទី បាននិយាយទៅកាន់កូនសិស្សរបស់គាត់ដែលភាគច្រើន ទើបមានអាយុក្រោម១០ឆ្នាំ ។ ប៉ុន្តែជាមួយគ្នានោះ អ្នកគ្រូ តូច ទី ក៏មិនភ្លេចងាកមកសន្ទនាជាមួយកោះសន្តិភាពដែរ ។ ក្រោយបញ្ចប់ការសរសេរ អ្នកគ្រូ បានបញ្ជាក់ថា «ថ្ងៃនេះ ជាថ្ងៃដែលសិស្សរបស់ខ្ញុំ ត្រូវប្រលងឆមាសលើកទី២»។

នៅពេលសួរថា តើប្រលងយ៉ាងម៉េច បើកូនសិស្សរៀនចូលគ្នាដល់ទៅ៣ថ្នាក់បែបនេះ ? អ្នកគ្រូ តូច ទី ហាក់មិនបង្អង់យូរទេ ទៅនឹងការផ្ដល់ចម្លើយ ដោយបានប្រាប់ថា ការប្រលងនេះ គឺយើងត្រូវពិនិត្យមើលទៅលើសមត្ថកិច្ចភាពសិស្ស ព្រោះយើងអាចពិនិត្យមើលដឹង ក្រោយពេលប្រលង។ គាត់បានបញ្ជាក់ថា បើតាមគោលការថ្នាក់លើ សិស្សដែលធ្វើមេរៀនបានល្អ ឬ ខុសគ្នាបន្តិចបន្តួច គឺអាចជាប់ចំណាត់ថ្នាក់ហើយ បើតាមគោលការណ៍មិនអាចឲ្យសិស្សរៀនឌុបថ្នាក់ច្រើនពេកទេ។ ប៉ុន្តែអ្នកគ្រូ ក៏បានបញ្ជាក់ប្រាប់ផងដែរថា ប្រហែលមានសិស្សមិនច្រើនប៉ុន្មានទេ ដែលបានចូលរៀនក្នុងកំឡុង កូវីដ១៩នេះ។

ត្រង់ចំណុចនេះ លោកលឹម សាម៉េត អភិបាលស្រុកសំឡូត ក៏បានបង្ហាញពីចំនួនតិចតួចនៃសិស្សានុសិស្ស ដែលបានរៀនសូត្រក្នុងសម័យនៃការីករាលដាលមេរោគកូវីដ១៩ នេះ។ លោកលឹម សាម៉េត បានថ្លែងថា លោកមិនអាចវាយតំលៃអំពីចំនួនសិស្សតិចឬច្រើន ឬ ប៉ុន្មានភាគរយទេ ដែលបានរៀនក្នុងរដូវផ្ទុះជំងឺកូវីដនេះ។ ប៉ុន្តែលោកបានប្រាប់ថា ទំនងមានភាគតិចទេ ដែលបានរៀន។ មូលហេតុ ដែលលោកហ៊ានអះអាងបែបនេះ គឺដោយសារការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋទៅស្វែងរក ប្រកបមុខរបរដោយនាំយកកូនចៅតូចៗទៅជាមួយផង។ ជាពិសេសទៅកម្មករនៅតាមបណ្ដាស្រុកនានា ក្នុងប្រទេស និង នៅក្នុងទឹកដីថៃ ជិតៗព្រំដែនខ្មែរ។

ប៉ុន្តែយ៉ាងណា លោកអភិបាលស្រុករូបនេះ បានកោកសសើរចំពោះការតស៊ូរបស់លោក អ្នកគ្រូ និង សិស្សានុសិស្ស ដែលព្យាយាមរៀនសូត្រ។ លោកបានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំបានសង្កេតឃើញ លោកគ្រូ អ្នកគ្រូ ហាក់បានប្រឹងប្រែងខ្លាំងណាស់ ក្នុងការធ្វើដំណើរទៅបង្រៀនសិស្សដល់ផ្ទះឬដល់មូលដ្ឋានផ្ទាល់ បើទោះជាការធ្វើដំណើរជួបការលំបាកខ្លះក្ដី»។ លោកបានបញ្ជាក់ដែរថា ជាមួយនឹងការប្រឹងប្រែងបង្រៀនសិស្សក្នុងសម័យកូវីដ១៩នេះ បើទោះជានៅតាមរោងគោ រោងចាំចំការ ឬ តាមលំនៅឋានក្ដី តែការបង្រៀននេះ លោកគ្រូ អ្នកគ្រូក៏បានបញ្ជ្រៀតការអប់រំអំពី «គ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដល់សិស្សានុសិស្ស» ដើម្បីឲ្យពួកគេបានយល់ដឹងផងដែរ។

ព្រោះបើតាមការស្រាវជ្រាវរបស់ក្រុមកំចាត់មីន គឺគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អាចនៅមានសេសសល់ច្រើនណាស់ នៅតាមភូមិសាស្ត្រមួយចំនួន នៅក្នុងស្រុកសំឡូត ហើយមួយរយៈចុងក្រោយនេះ ពលរដ្ឋបានជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌ ដែលនៅសេសសល់ក្នុងព្រៃនេះ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋនៅស្រុកសំឡូត គួរតែមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់សមត្ថកិច្ច ឬ អាជ្ញាធរដែនដី ប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភណ្ឌនៅក្នុងព្រៃ ៕





ចែករំលែកព័តមាននេះ