រាជធានីភ្នំពេញ ៖ អង្គការសហប្រជាជាតិបានទម្លាក់ថវិកា១លានដុល្លារសម្រាប់ការអនុវត្តកម្មវិធីពង្រឹងសុវត្ថិភាពសុខភាព និងសេដ្ឋកិច្ចដល់ពលករចំណាកស្រុកក្នុងប្រទេសកម្ពុជា ។ កម្ពុជាដែលមានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី នោះមានមួយចំនួនបានវិលមកកម្ពុជាវិញអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថា ក្រោយការផ្ទុះឡើងនូវជំងឺកូវីដ១៩មករហូតមកដល់ពេលនេះមានពលកររដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសពិសេសប្រទេសថៃ ជាង១០ម៉ឺននាក់ បានវិលចូលមកប្រទេសវិញ ដោយសារអត់ការងារធ្វើនៅក្នុងប្រទេសគេ ។

លោកស្រីបានបញ្ជាក់ថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើនត្រូវបានផ្អាកដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រានឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួនសម្រេចចិត្តវិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ ។ «គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៣ខែ ១៥ថ្ងៃ មានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍នៅក្រៅប្រទេស ជាពិសេសប្រទេសថៃចំនួនសរុបចំនួន ជាង១០០.៥៦៨នាក់» នេះជាការឲ្យដឹងរបស់លោកស្រី ជូ ប៊ុនអេង ។

កម្មវិធីដែលគាំទ្រដោយអង្គការសហប្រជាជននេះ គឺធ្វើយ៉ាងណាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងពីពលករចំណាកស្រុកដល់សហគមន៍របស់គាត់ ។ ជាមួយគ្នានេះ តាមរយៈកម្មវិធីនេះនឹងមានប្រាក់ឧបត្ថម្ភដល់ពលករចំណាកស្រុកដែរ ដើម្បីធានាទ្រទ្រង់ដល់ជីវភាពរបស់ពេលគេនៅពេលមានជំងឺកូវីដ១៩នេះ ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា «កម្មវិធីជំនួយនេះ ផ្ដោតលើការទប់ស្កាត់ការចម្លង និងការឆ្លងក្នុងចំណោមក្រុម ប្រជាពលរដ្ឋដែលទើបនឹងវិលត្រឡប់ពីការធ្វើទេសន្ដប្រវេសន៍ ដែលអាចបង្កើតស្ថានភាពរាលដាលទ្រងទ្រាយធំនៅតាមសហគមន៍ និងរក្សាស្ថានភាពនៃការរស់នៅប្រកបដោយស្ថេរភាព នឹងភាពចុះសម្រុង ជាមួយសហគមន៍មូលដ្ឋាន ក្នុងតំណាក់កាលនៃធ្វើសមាហរណកម្ម» ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ភាគីពាក់ព័ន្ធនឹងដែលនឹងត្រូវអនុវត្តកម្មវិធីនេះ បានជួបប្រជុំគ្នានៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរកវិធីសាស្ត្រក្នុងការអនុវត្តកម្មវិធីនេះមានប្រសិទ្ធភាព និងតម្លាភាព ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាពផងដែរ ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងកម្មវិធីនេះ មានរយៈពេលតែ៦ខែប៉ុណ្ណោះ ប៉ុន្តែប្រសិនជាជោគជ័យ គេអាចស្នើសុំថវិកាបន្ថែមទៀតពីអង្គការសហប្រជាជាតិដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តបន្ត ។ សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់រៀបចំកម្មវិធីរួមគ្នាក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ដែលជួបបញ្ហា ។ សម្ដេចក្រឡាហោម បញ្ជាក់ថា កម្មវិធីដែលនឹងដាក់ឲ្យអនុវត្តនាពេលនេះ ជាកម្មវិធីមួយដោយឡែកពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ ប៉ុន្តែកន្លងមកពលករចំណាកស្រុកក៏ទទួលបានកម្មវិធីឧបត្ថម្ភរបស់រដ្ឋនោះដែរ ដូច្នេះពលករចំណាកស្រុកអាចនឹងទទួលបានកម្មវិធីឧបត្ថម្ភទាំងពីរនេះ។
លោកស្រី លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោក (WHO) បានកោតសសើររដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យនាពេលខាងមុខ ។ តំណាងWHO ថា កាលពីសប្ដាហ៍មុនបានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីរបៀបដែលខេត្តនីមួយៗបាន និងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយឃើញថា ការត្រៀមលក្ខណៈនោះមានលក្ខណៈល្អប្រសើរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ